បច្ចុប្បន្ន «Facebook» គឺជាបណ្តាញសង្គមដ៏ធំទូលាយមួយ ដែលមនុស្សរាប់លាននាក់ ទូទាំងពិភពលោក កំពុងប្រើប្រាស់យ៉ាងមានប្រជាប្រិយភាព។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃកាប្រើហ្វ៊េសប៊ុក របស់បុគ្គលម្នាក់ៗមានលក្ខណៈខុសៗគ្នា។ អ្នកខ្លះ ប្រើប្រាស់បណ្តាញសង្គមមួយនេះ គ្រាន់តែជាការកម្សាន្ត បង្ហោះរូបភាពម្តងម្កាល តាមដានព័ត៌មាន លក់ផលិតផលតាមអនឡាញ ឬអ្នកខ្លះទៀត បង្ហោះពី«រឿងរ៉ាវផ្ទាល់ខ្លួន»ជាសាធារណៈ។
ជាការពិតណាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់យើង មនុស្សគ្រប់រូបចៀសមិនផុត ពីការជួបបញ្ហា ឬតានតឹងចិត្តនោះឡើយ។ ដោយសារតែភាគច្រើន មនុស្សចូលចិត្តលេងហ្វ៊េសប៊ុក ដូច្នេះ ពួកគេក៏ប្រើប្រាស់បណ្តាញមួយនេះ ជាកន្លែងសម្រាប់ចែកចាយអារម្មណ៍រំខានទាំងឡាយ។
ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលនាំឱ្យអ្នកដែលលេងហ្វ៊េសប៊ុក ចូលចិត្តបង្ហោះ រឿងរ៉ាវផ្ទាល់ខ្លួន ៖
បុគ្គលខ្លះ គឺជាមនុស្សឯកា ចូលចិត្តនៅស្ងប់ស្ងាត់ រហូតដល់ពេលមានបញ្ហា គាត់ក៏ជ្រើសរើសយកការសរសេរ ពីអារម្មណ៍របស់ខ្លួន នៅលើហ្វ៊េសប៊ុក ព្រោះគាត់មិនមែនជាមនុស្ស ដែលចូលចិត្តនិយាយរឿង ក្នុងចិត្តប្រាប់មនុស្សជុំវិញខ្លួននោះទេ តែគាត់ច្រើនតែសរសេរ បង្ហោះចោលមួយពេលៗ ទៅតាមភាពឡើងចុះ នៃអារម្មណ៍របស់គាត់ ទោះបីមាន ឬគ្មានអ្នកណាចាប់អារម្មណ៍ ពីអ្វីដែលគាត់បានសរសេរ ក៏ដោយ។
បុគ្គលខ្លះយល់ថា ការបង្ហោះ Status អំពីអារម្មណ៍អាចសម្រួលភាពតានតឹងក្នុងចិត្តបានមួយគ្រាដែរ ជាជាងការបន្តលាក់រឿងសៅហ្មងទាំងនោះក្នុងចិត្ត ដែលវានឹងធ្វើឱ្យពួកគេនៅមិនសុខ ឬគេងមិនលក់ក៏ថាបាន។ គ្រាន់តែបង្ហោះរួច ក៏មានអារម្មណ៍ថាធូរ ដូចដកបន្លាចេញពីទ្រូង ឬយករឿងតានតឹងចេញពីចិត្តដូច្នេះដែរ។
ពេលខ្លះ ពួកគេគិតថា វាមិនទទួលបានអ្វីមកវិញនោះទេ ចំពោះការបង្ហោះពីអារម្មណ៍ ខឹងឬអន់ចិត្តចំពោះបុគ្គលណាម្នាក់ តែគាត់ចាំបាច់ត្រូវតែបង្ហោះពីបញ្ហាទាំងនោះដោយសារតែគាត់មានចេតនាបញ្ឈឺដល់អ្នកដែលធ្វើឱ្យប៉ះពាល់អារម្មណ៍របស់គាត់។ ឬពេលខ្លះទៀត គាត់មិនអាចតទល់ ជាមួយបុគ្គលនោះ ដោយចំៗ ឬបើកចំហបាន ដូច្នេះគាត់សុខចិត្តវាយប្រហារគេ ដោយប្រយោល តាមរយៈពាក្យបញ្ឆិតបញ្ឆៀង ដែលគាត់សរសេរបង្ហោះ លើហ្វ៊េសប៊ុករបស់គាត់ និងមួយទៀត គាត់យល់ថា បុគ្គលនោះឃើញហើយ អាចនឹងខឹងចិត្ត ឬនៅមិនសុខ បើសិនបានឃើញអ្វី ដែលគាត់បង្ហោះ។
ពេលខ្លះ ហ្វ៊េសប៊ុកក្លាយជាទីលាន សម្រាប់ភាគីពីរនាក់ ឬច្រើននាក់ ធ្វើសង្គ្រាមពាក្យសម្តី ដាក់គ្នាទៅវិញទៅមក តាមរយៈការវាយប្រហារ ដោយការសរសេររិះគន់ ឬបង្ហោះពាក្យសម្តីជេរប្រមាថ ឬឌឺដងដាក់គ្នា។
បុគ្គលមួយចំនួន យល់ថា គ្មាននរណាម្នាក់អាចជាមនុស្សដែលយល់ចិត្តគាត់ ឬអាចឱ្យគាត់ពិភាក្សាជាមួយបានទេ។ ដូច្នេះហើយ ទើបគាត់សុខចិត្តទម្លាយរឿងទាំងនោះ ឱ្យគេឯងបានដឹង ទោះបីជាដឹងថា នឹងមានអ្នកពេបជ្រាយគាត់ក៏ដោយ តែគាត់ក៏នៅតែមានសង្ឃឹមថា ងមានអ្នកផ្សេងទៀត សួរនាំពីគាត់ ចង់ដឹងសុខទុក្ខរបស់គាត់ផងដែរ ធ្វើឱ្យគាត់មានអារម្មណ៍ថា គាត់មិនឯកា។
ភាសាលើកទឹកចិត្ត ពាក្យផ្អែមពីរោះ គឺជាអ្វីដែលអ្នកកំពុងមានបញ្ហាស្មុគស្មាញក្នុងចិត្ត ត្រូវការជាចាំបាច់។ ដូច្នេះហើយ ទើបពួកគេជ្រើសរើស ការបញ្ចេញអារម្មណ៍ តាមរយៈហ្វ៊េសប៊ុក ដើម្បីទទួលបាននូវការលើកទឹកចិត្ត ពីមិត្តភក្តិផ្សេងទៀត ហើយក៏ជាកម្លាំងចិត្តមួយ សម្រាប់គេផងដែរ។
អ្នកខ្លះប្រហែលជាចូលចិត្តលេងហ្វ៊េសប៊ុក ដល់ជក់ចិត្ត ឬឈ្លក់ ដែលជំរុញឱ្យគាត់បង្ហោះរាល់ថ្ងៃ មិនថាសកម្មភាពផ្ទាល់ខ្លួន ឬរឿងក្នុងចិត្ត។ ដូច្នេះ អ្វីដែលកើតឡើងចំពោះគាត់ គឺគាត់តែងតែបង្ហោះជាប្រចាំ មិនថាជារឿងសប្បាយ ឬកើតទុក្ខ ឡើយ។
ការវក់លេងបណ្តាញសង្គមយូរទៅ អាចធ្វើឱ្យបុគ្គលមួយចំនួន កើតជំងឺតួឯកផងដែរ។ ពេលខ្លះគេគិតថា បញ្ហាដែលកើតឡើងចំពោះគេ សុទ្ធតែជារឿងសំខាន់ ដែលគេចាំបាច់ ត្រូវតែបង្ហោះ ដើម្បីទទួលបាននូវការចាប់អារម្មណ៍ ពីអ្នកដទៃ។ ដូច្នេះហើយ ទោះបីធុញថប់ ឬជួបបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយ តែនៅពេលមានអ្នកផង ចាប់អារម្មណ៍ពីបញ្ហា ឬរឿងផ្ទាល់ខ្លួនរបស់គេ នោះនឹងធ្វើឱ្យសាមីខ្លួន មានអារម្មណ៍សប្បាយចិត្ត ឬមានមោទភាព ចំពោះខ្លួនឯងទៀតផង។
បុគ្គលខ្លះគិតថា ការបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួន ធ្វើឱ្យគាត់ទទួលបាននូវមតិយោបល់ (Comments) ផ្សេងៗ ពីមិត្តភក្តិក្នុងហ្វ៊េសប៊ុករបស់គាត់ ហើយវាក៏ជាចំណែកមួយនៃការបង្កើតមិត្តភក្តិផងដែរ ក្នុងការដែលគាត់អាចចែករំលែកគំនិតគ្នា ទៅវិញទៅមកបាន។
ប្រិយមិត្តដែលកំពុងអានអត្ថបទនេះ ហើយដឹងថាខ្លួនឯងជាមនុស្សដែលចូលចិត្តបង្ហោះបញ្ហាផ្ទាល់ខ្លួន តើគិតថាចំណុច ខាងលើណាមួយ ដែលត្រូវជាមួយអ្នក?
ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហោះរាល់បញ្ហា នៅលើបណ្តាញហ្វ៊េសប៊ុក មិនសុទ្ធតែជាជម្រើសល្អនោះទេ។ គ្មានច្បាប់ណាមួយហាមឃាត់ នូវសិទ្ធិសេរីភាពរបស់យើង ក្នុងការសរសេរអ្វី ដែលយើងចង់សរសេរនោះទេ តែការដែលសរសេរ ដោយមិនបានគិតឱ្យដិតដល់ ឬមានលក្ខណៈស៊ីជម្រៅ ឬគ្រោតគ្រាតខ្លាំងពេក វាអាចធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសខ្លួនឯង និងអ្នកដទៃដែលពាក់ព័ន្ធផងដែរ។
ដូច្នេះ បុគ្គលទាំងឡាយគប្បីបង្កើតឱកាសឱ្យខ្លួនឯង ឱ្យបានច្រើននៅពេលមានបញ្ហា តាមរយៈការបង្កើតមិត្តភាព នៅពិភពខាងក្រៅ ដែលគេអាចជាមនុស្ស ដែលស្តាប់ពីបញ្ហារបស់យើងបាន ការចូលរួមក្នុងសកម្មភាពសង្គមនានា ការដើរកម្សាន្ត ឬលេងកីឡា ក៏សុទ្ធសឹងតែអាចជួយយើង ឱ្យរំដោះខ្លួនពីភាពតានតឹង និងចំណាយពេលច្រើន លើហ្វ៊េសប៊ុកបាន៕