ទំនៀមទំលាប់

ក្រសួងវប្បធម៌ព្រមានចាត់វិធានការ អ្នកផ្សព្វផ្សាយ​បះពាល់​«កិត្យានុភាព​ជាតិ»

ការផ្សព្វផ្សាយគ្រប់រូបភាព ដែលមាន«​ផលប៉ះពាល់ ​ដល់​វប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃណី​ជំនឿ​សាសនា​ សេចក្ដីថ្លៃថ្នូរ​ និង​ កិត្យានុភាព​ជាតិ» ត្រូវបាន​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រមានឲ្យបញ្ឈប់ ឬបើមិនដូច្នេះទេ នឹងរងវិធានការតាមផ្លូវច្បាប់ រហូតត្រូវប្រឈមមុខ តាមផ្លូវតុលាការថែមទៀត។

នេះ បើតាមសេចក្ដីជូនដំណឹងមួយ របស់ក្រសួងមួយនេះ កាលពីថ្ងៃសុក្រ​ម្សិលម៉ិញ ដែលបាន​អះអាង​ថា ក្រសួងព្រមាន​«ចាត់វិធានផ្លូវច្បាប់ ដោយគ្មានការលើកលែង ចំពោះបុគ្គល ឬក្រុមជនទាំងឡាយណា ដែលប្រើប្រាស់សារជាអក្សរ សំឡេង រូបភាព​ឬវីដេអូ តាម​គេហទំព័រ ឬ បណ្តាញព័ត៌មានសង្គម បង្កឱ្យមានផលប៉ះពាល់ ដូចបាន​រៀបរាប់ ខាងលើ។

សេចក្ដីជូនដំណឹងនោះ បានសរសេរថា៖

«ក្រុមប្រឹក្សា​ពិន័យ​និង​​លើកសរសើរ​ នៃ​ក្រសួង​វប្បធម៌​និង​​វិចិត្រសិល្បៈ តែង​សង្កេតឃើញ​អ្នកប្រើប្រាស់​​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​​មួយចំនួន ពិសេស​អាជីវករ​តាម​ប្រព័ន្ធ​អន​ឡាញ អ្នក​និពន្ធ​បទ​ភ្លេង ទំនុកច្រៀង​ និង​អ្នក​សំដែង​ក្រៅ​ប្រព័ន្ធ បានផ្សព្វផ្សាយ​រូបភាព សារ​ជា​អក្សរ​សំឡេង និង​វីដេអូ ប្រកបដោយ​​អ​សីលញាណ ប្រាសចាក​ក្រមសីលធម៌​ បង្កឱ្យមាន​​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ​ដល់​វប្បធម៌ ​ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ​ និង កិត្យានុភាព​ជាតិ ជារឿយៗ​។​»

ក្រុមប្រឹក្សាវិន័យ​​និង​​លើកសរសើរ​ ដែលជាសេនាធិការ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ធ្វើ​ការណែនាំ ទៅ​ដល់​អ្នកផ្សព្វផ្សាយទាំងនោះ ឲ្យបញ្ឈប់នូវទង្វើ ដែលសេចក្ដី​ជូន​ដំណឹងនោះ​និយាយថា អាចជា​«សារ​ជា​អក្សរ​ សំឡេង និង​វីដេអូ ដែលមាន​ចរិតលក្ខណៈ​ អាសអាភាស ស្រើបស្រាល​អុជអាល បំបែកបំបាក់ ​ប្រកាន់ពូជសាសន៍ ​ពណ៌​សម្បុរ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ​ដល់​វប្បធម៌​ ទំនៀមទម្លាប់ ​ប្រពៃណី ​ជំនឿ​សាសនា​ សេចក្ដីថ្លៃថ្នូរ​និង​កិត្យានុភាព ​របស់​សង្គម»។

ការហាមឃាត់នេះ មានសុពលភាព ​ចាប់ពី​ថ្ងៃ​ចេញ​សេចក្ដីជូនដំណឹង​នេះ ​តទៅ​ និង«ជា​កំហិត»​។​

ក្រសួងបានព្រមានថា បើ​បុគ្គល​ ឬ​ក្រុម​ណាមួយ នៅតែ​បន្តសកម្មភាព ដូចបាន​រៀបរាប់​ខាងលើ​  ក្រុមប្រឹក្សា​ពិន័យ ​និង​លើកសរសើរ​ នឹង​សហការ ​ជាមួយ​ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ មួយចំនួនទៀត ដើម្បី៖

  • ចាត់វិធានការ ដោយ​អនុលោម​ តាម​ក្រមសីលធម៌ ​នៃ​អ្នកសិល្បៈ ​និង​ប្រកាស​អន្តរក្រសួង​ លេខ​១៧០ ប្រក​.​អន្តរ​ក្រ​.​ចុះ​ថ្ងៃទី 28 ខែឧសភា​ឆ្នាំ 2018 ស្ដីពី​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​ តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដែល​ដំណើរការ​ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា
  • និង​ដាក់​បណ្ដឹង​ទៅ​តុលាការ​ ដោយ​អនុលោម ទៅតាម​ក្រមព្រហ្មទណ្ឌ​ និង​ច្បាប់ ​ស្ដីពី​ការបង្ក្រាប​ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ អាស្រ័យ​ទៅតាម​ស្ថាន​បទល្មើស ដែល​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ​បាន​ប្រព្រឹត្ត​៕
ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។