សង្ក្រាន្តឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នឹងចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្ដសករាជ ២០២០ នាវេលាម៉ោង២០ និង៤៨នាទី (ជាវារៈមហាសង្ក្រាន្ត)។ នេះ បើតាមសៀវភៅមហាសង្ក្រាន្ត ឆ្នាំ២០២០ ដែលរៀបរៀងឡើង ដោយលោក អ៊ឹម បុរិន្ទ ប្រធានគណៈកម្មការស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្លែរ។
ទេវតាឆ្នាំថ្មីព្រះនាម គោរគៈទេវី ជាបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុមហារាជិកា ទ្រង់អម្ពរពណ៌ លឿង លម្អនៅព្រះកាណ៌ដោយផ្កា អង្គាបុស្ប អភរណ កែវមុក្តា សោយ តេលំ គឺប្រេង ( ប្រេងដែលមនុស្សអាចបរិភោគបាន ) ជាអាហារ គង់លើស្តេច ខ្លា ។
កត់សម្គាល់៖ ដូចដែលបានលើកឡើងខាងលើនេះ ឃើញថា វារៈវ័នបត ឆ្នាំនេះ រយៈពេល ២ ថ្ងៃទី គឺថ្ងៃទី១៤ និងទី១៥ ខែមេសា ហើយជាសរុបទៅ ពិធីបុណ្យចូលឆ្នាំ នាឆ្នាំនេះ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា។
ក៏គប្បីចងចាំផងដែរថា ឆ្នាំជូត ទោស័ក នឹងចូលមដល់ តាមថ្ងៃដូចដែលបានលើកឡើងខាងលើ ប៉ុន្តែពុទ្ធសករាជ នៅតែ ២៥៦៣ ដដែលរហូត ដល់ថ្ងៃទី ១រោច ខែពិសាខ ទើបចូលដល់ ពុទ្ធសករាជ ២៥៦៤។
រណ្តាប់ទទួលទេវតាតាមទំនៀម ពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់គ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ ស ឬពណ៌លឿង (ព្រោះទេវតាឆ្នាំនេះ គ្រងអម្ពរពណ៌លឿង)។
រីឯគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសី ប៉ាឆាមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់លើជើងពាន១១ ដូងឡៅ ១គូ ទឹកស្អាត ២កែវ។
ស្រេចហើយ នៅវេលាម៉ោង ដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីនមស្សកាថ្វាយបង្គំ ព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះ នូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិត ទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។
ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែង នៅក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាស និងមានអនុវត្ត នៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម ៥ថ្នាក់ ចុះមក ឬ រៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូ ប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគូដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម៣ ឬ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់តង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយ នៅលើជើងពាន និងលើបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ។
ទំនាយប្រចាំឆ្នាំ តាមសៀវភៅមហាសង្ក្រាន្ត ឆ្នាំ ជូត នេះ ជម្ពូទ្វីប មនុស្សលោកយើង មានទឹកភ្លៀង ៦០មេ ដែលជាភ្លៀងច្រើនបំផុត ឬច្រើនលំដាប់ទី ១ ក្នុងចំណោមឆ្នាំទាំង ១២ ហើយដើមឆ្នាំភ្លៀងតិច កណ្តាលឆ្នាំ ភ្លៀងល្អ ចុងឆ្នាំភ្លៀងច្រើន។
ចំណែកទឹកទន្លេ ទឹកស្ទឹងបឹងបួ ធំលើសអស់ឆ្នាំទាំងពួង ។ ស្រូវក្នុងស្រែចម្ការ បានផល ១០ភាគ ខូចអស់ ០១ភាគ ធញ្ញាហារ ( ធញ្ញជាតិ ) ផល្លាហារ ( ផ្លែឈើ ) និងមំសាហារ ( ត្រីសាច់ ) នឹងឧត្តមបរិបូរប្រសើរណាស់ ។ ប្រជានុរាស្ត្រនឹងមានក្តីសុខ សិរីសួស្តី ចម្រើនជាភយ្យោភាព ។
ថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃ ចន្ទ ទំនាយថា ឆ្នាំនេះ ចាញ់សេនាបតី អ្នកធំ ឧកញ៉ាលោកជំទាវទាំងឡាយ។ ឱ្យក្រែងប្រយ័ត្នក្សត្រ និងមន្ត្រី លោកជំទាវធ្វើអាក្រក់ ធ្វើបាប នឹងកើតមានការតស៊ូរើបម្រះ មនុស្សនឹងកើតជំងឺតម្កាត់ច្រើន។
ថ្ងៃកណ្តាលត្រូវនឹងថ្ងៃ អង្គារ និងពុធ ទំនាយថា ឆ្នាំនេះ អាមាត្យ មន្ត្រី នឹងខូចបុណ្យស័ក្តិ ឬត្រូវក្តៅក្រហាយចិត្ត ជាច្រើន។ ស្រូវអង្ករ ផ្លែឈើ នឹងថ្លៃ មនុស្សទាំងឡាយ នឹងក្តៅក្រហាយចិត្តជាទីបំផុត ។ ស្ត្រីទាំងឡាយ នឹងត្រូវនិរាស្ត្រព្រាត់ប្រាស ពីទីកន្លែងរស់នៅ ទៅនៅទីដទៃផ្សេងៗ។
ថ្ងៃចុងក្រោយ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទំនាយថា ឆ្នាំនេះ សមណៈព្រាហ្មណាចារ្យ នឹងប្រណិបត្តិ ចូលចិត្តដោយធម៌ ដែលប្រសើរវិសេស។
ទោះយ៉ាងណា ដើម្បី នាំមកនូវក្តីសុខគ្រប់ៗគ្នា សូមរក្សាសីល៥ ឱ្យបានខ្ជាប់ខ្ជួន គឺ ១ ចៀសវាងការសម្លាប់ជីវិត ធ្វើទុក្ខបុកម្នេញ និង ការប្រើអំពើហិង្សាគ្រប់ទម្រង់, ២ ចៀសវាងការលួចឆក់ប្លន់ កឹបកេងប្រវ័ញ្ច និង ការប្រព្រឹតសំណូកសូកប៉ាន់ គ្រប់រូបភាព, ៣ ចៀសវាងការប្រព្រឹត្តិសហាយស្មន់ ខុសប្រពៃណីទំនៀមទម្លាប់, ៤ ចៀសវាងការពោលពាក្យកុហកបោកប្រាស់ បង្កាច់បង្ខូច ចាក់រុកបំបែកបំបាក់ និង ៥ ចៀសវាងការសេពគ្រឿងស្រវឹង និងគ្រឿងញៀន ទាំងឡាយ។
លោកអ្នកកើតឆ្នាំ ជូត ពង្សទេវតាប្រុស នាមជាសត្វកណ្តុរ ធាតុទឹក ទន្សាកំណើតនៅថ្ងៃ អាទិត្យ សិរីធ្លាក់មកពី ក្បាល ព្រះព្រហ្ម មូលព្រលឹងនៅនឹងដើមដូង ឬ ដើមចេក។
មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សនិយាយស្តីដាច់ខាត មិនសូវញញឹមញញែម ធ្វើអ្វីរមែងតាមតែចិត្តខ្លួនឯងជាធំ ស្តាប់ហេតុផល របស់អ្នកដទៃម្តងម្កាល ការនិយាយស្តីសូម្បីពេលខ្លះ ចចេសរឹងរូស ក៏ជាទីត្រូវចិត្តត្រូវថ្លើម លោកអ្នកជាធំ និងសមណៈជីព្រាហ្មណ៍ មានបញ្ហាខូចបង់ ខុសផ្លាតច្រើន ក៏ព្រោះការដែលធ្វើអ្វី តាមតែចិត្តខ្លួនឯង។
កាលណាវ័យឡើងច្រើន និស្ស័យនេះនឹងថយចុះ។ ជាមនុស្ស មាននិស្ស័យពេញចិត្ត ក្នុងរឿងស្នេហា មានមានះ មានការអត់ធ្មត់ ព្យាយាមក្នុងការសិក្សា រៀនសូត្រ តស៊ូក្នុងកិច្ចការដែលខ្លួនធ្វើ។ នឹងជាមនុស្សអភ័ព្វ ពឹងញាតិបងប្អូនមិនបាន បើពឹងពុំនាក់អាស្រ័យអ្នកដទៃ ប្រសើរជាង។ ជាអ្នកមានចិត្តបុណ្យកុសល ចូលចិត្ត ជួយដោះទុក្ខ អ្នកមានអាសន្ន មានសមត្ថភាព ក្នុងការរកប្រាក់ ប៉ុន្តែច្រើនក្តៅក្រហាយ ដោយសារមនុស្សភេទផ្ទុយ ៕