បើនិយាយពីសេចក្តីស្រលាញ់រវាងប្រុសនារី គឺមានភាគីតិចណាស់ ដែលពួកគេបានជួបគ្នាជាស្នេហាដំបូង រហូតដល់បានរៀបការជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ស្នេហាដំបូង មិនប្រាកដថាជោគជ័យគ្រប់គ្នានោះទេ ឬដូចពាក្យគេថា មនុស្សដំបូងមិនប្រាកដថាជាមនុស្សចុងក្រោយនោះឡើយ។ ប៉ុន្តែវាគឺជារឿង«ឈឺចាប់»បំផុតសម្រាប់អ្នកដែលបានឆ្លងកាត់ ហើយក៏ជាអារម្មណ៍មួយដែលពិបាកទ្រាំ។
ហេតុអ្វីបានជាស្នេហាដំបូង ធ្វើឱ្យមនុស្សឈឺចាប់ខ្លាំង? សូមអាន និងស្វែងយល់នូវចំណុចខាងក្រោមនេះ៖
ពេលដែលបុគ្គលម្នាក់ ទើបនឹងស្គាល់អ្វីទៅជាស្នេហា គេក៏ទទួលអារម្មណ៍វិជ្ជមានជាច្រើនពីស្នេហា ហើយក៏យល់ថា ស្នេហា ធ្វើឱ្យគេមានអារម្មណ៍ល្អ ស្នេហាធ្វើឱ្យកក់ក្តៅ គេរំភើប គេអៀន គេមានក្តីសុខ គេញញឹមម្នាក់ឯង គ្រប់ពេលនឹកដល់ម្ខាងទៀត។ ព្រោះវាជាលើកទីមួយសម្រាប់គេ ដែលគេទើបនឹងបើកចិត្តទទួលយកមេរៀនជីវិតថ្មី នោះគឺស្នេហា។
ដល់ពេលមួយបែកគ្នា ក៏ធ្វើឱ្យគេមិនអាចទទួលយកបាន ព្រោះជាលើកទីមួយដែលយល់ថា អ្វីទៅជាការឈឺចាប់។ វាហាក់ដូចជាមានអ្វីម្យ៉ាងមកចាក់ដើមទ្រូងរបស់គេ ចង់គេងក៏គេងមិនបាន ញ៉ាំមិនបាន គ្រប់យ៉ាងគឺមានតែការឈឺចាប់ ស្ទើរថប់ដង្ហើម។
ស្រលាញ់គ្នា ហើយក៏ឈ្លោះគ្នា ជារឿងចៀសមិនផុត តែក៏មិនដល់ថ្នាក់បែកនោះដែរ។ ក្នុងពិភពពណ៌ផ្កាឈូក នៃអ្នកដែលស្គាល់រសជាតិស្នេហាគ្រាដំបូង រមែងមើលឃើញតែរឿងល្អៗជាមួយគ្នា តែនៅទីបំផុត ការចែកផ្លូវគ្នាក៏បានកើតឡើង។ អ្វីៗសុទ្ធតែស្មានមិនដល់ មិនដែលត្រៀមចិត្តសម្រាប់ឈឺ តែការឈឺចាប់ក៏កើតឡើងមែន ធ្វើឱ្យសាមីខ្លួនឈឺខ្លាំងណាស់។
ពេលផ្តើមស្រលាញ់គ្នា ក៏តែងសាងអនុស្សាវរីយល្អៗជាមួយគ្នា ញ៉ាំអីជាមួយគ្នា ទៅណាមកណាជាមួយគ្នា ស្និទ្ធស្នាលគ្នា កាន់ដៃគ្នា។ ភាពផ្អែមល្ហែមនេះហើយ ដែលផ្តល់នូវក្តីសុខដល់គេ ធ្វើឱ្យគេមិនដែលនឹកនាដល់រឿងបែកគ្នានោះឡើយ។ តែពេលមួយដែលគេបែកគ្នា ពិតជាមិនអាចបំភ្លេចបាន នូវរឿងរ៉ាវកន្លងដែលធ្លាប់សាងជាមួយនេះ។ បែបនេះហើយទើបធ្វើឱ្យឈឺចាប់ខ្លាំង ចង់ឱ្យពេលវេលាត្រឡប់ក្រោយ ទៅរករឿងល្អៗទាំងនោះវិញ ប៉ុន្តែវាគ្រាន់តែជាអតីត តែក្នុងខួរក្បាល ភ្លេចគេមិនបាន នឹកស្រណោះដល់ពេលវេលាកន្លងមក។
បុគ្គលដែលទើបនឹងស្គាល់រសជាតិស្នេហាលើកទីមួយ ក៏តែងគិតថា មនុស្សទី១នេះហើយ មនុស្សដែលធ្វើឱ្យគេស្គាល់ស្នេហា ហើយជាមនុស្សដែលយើងចង់រៀបការជាមួយ ហើយក្នុងគំនិតអ្នកទាំងពីរ ក៏តែងបានគិតជាមួយគ្នា ថានឹងធ្វើអ្វីខ្លះនៅពេលអនាគត។ ធម្មតាមនុស្សស្រលាញ់គ្នា គ្មានអ្នកណាចង់បែកនោះទេ។ តែដល់ពេលមួយដែលត្រូវបែក វាពិតជាឈឺចាប់ខ្លាំងណាស់។ គោលដៅអនាគត ដែលបានគិតជាមួយគ្នា ហើយកត់ទុកក្នុងបេះដូង បែរជាត្រូវបំផ្លាញ វាពិតជារឿងមួយដែលធ្វើឱ្យឈឺចាប់ខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលឆ្លងកាត់បទពិសោធបែកបាក់ស្នេហាលើកទីមួយរួចហើយ ដល់ពេលជួបដៃគូលើកក្រោយ ហើយត្រូវបែកគ្នាទៀត អារម្មណ៍ឈឺចាប់លើកទីពីរនេះ នឹងមិនដូចមុនឡើយ ព្រោះគេបានយល់អ្វីទៅជាស្នេហា ឬអ្នកខ្លះទៀត ក៏រមែងត្រៀមចិត្ត មិនហ៊ានដាក់ក្តីសង្ឃឹមពេក មិនហ៊ានស្រលាញ់ខ្លាំងពេក ព្រោះខ្លាចថា បើការបែកគ្នាកើតឡើង នោះគេនឹងឈឺចាប់ខ្លាំងដូចមុន៕