ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានរំលើកពី«បុព្វហេតុ»របស់លោក ដោយហៅការចាកចេញពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសវៀតណាម ថាជា«ការស្វែងរកការជួយឧបត្ថម្ភ» ក្នុងការរំដោះជាតិចេញពីរបបខ្មែរក្រហម។ បញ្ហា… នៅត្រង់ថា ពលរដ្ឋខ្មែរនៅខ្វះប្រភពឯករាជ្យ ដែលអាចបញ្ជាក់ពីប្រវត្តិសាស្ត្រត្រង់នេះ ជាជាងស្ដាប់ការនិទានម្ដងហើយម្ដងទៀត ពីសំណាក់លោក ហ៊ុន សែន និងបក្ខពួករបស់លោកតែម្ខាង។
តាមពិតទៅ ការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី – ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមបក្ខពួករបស់លោក មិនមានអ្វីថ្មីទេ ដោយគ្រាន់តែរំលើកដដែលៗ និយាយអំពី«វីរភាពមិនអាចកាត់ថ្លៃបាន» នៃការលះបង់«ដ៏ធំធេង» របស់លោក នៅពេលដែលលោកបានចាកចេញពីប្រទេសកម្ពុជា ចូលទៅក្នុងទឹកដីវៀតណាម ក្នុងខែមិថុនា ឆ្នាំ១៩៧៧ និងបានហៅការរត់ចេញពីប្រទេសនេះ ថា«បុព្វហេតុ»ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពត។
លោក ហ៊ុន សែន បានយករឿងនេះមកព្យាយាមសរសេរឡើងវិញ នៅថ្ងៃទី២០ ខែមិថុនានេះ នៅលើទំព័រហ្វេសប៊ុករបស់លោក។ តែសំណេរនោះ លែងហៅលោក ហ៊ុន សែន ខ្លួនឯង ថាជាសម្ដេច«តេជោ»ទៀតហើយ តែជា«សមមិត្ត ហ៊ុន សែន» ដែលជាគោរមងារ«សមភាព» នៅក្នុងជួរកម្មាភិបាលកុម្មុយនីសនៃអង្គការខ្មែរក្រហម និងកម្មាភិបាល-បក្ខជនកុម្មុយនីស នៃអង្គការបដិវត្តថ្មីមួយ ដែលលើកបន្តុបដោយវៀតណាម។
អតីតសមមិត្តនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីពេលចាកចេញពីប្រទេសកម្ពុជា គេចចូលទៅក្នុងប្រទេសវៀតណាមនោះ មាន៧ចំណុច៖
ចំណុចទីមួយ នៅលើទឹកដីកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ពេលនោះជាខេត្តកំពង់ចាម) វេលាយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាចំណុចដែលលោក និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ទៀត គឺលោក នុច ថន – លោក ញឹក ហួន – លោក ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និងលោក វ៉ា ប៉ោអ៊ាន ចាប់ចេញដំណើរភៀសខ្លួនទៅវៀតណាម។
លោកសរសេរថា៖ «ចន្លោះវេលាម៉ោង ២២:០០នាទី ដល់វេលាម៉ោង ០១:០០នាទី រំលងអាធា្រត្រ (នៅថ្ងៃនោះ) មានភ្លៀងផ្លេកបន្ទោរ និងផ្គរលាន់ ម្យ៉ាងត្រូវការពុះពារទ្រាំទ្រនឹង អាកាសធាតុដ៏លំបាក ប៉ុន្តែម្យ៉ាងទៀត ក៏អាចធ្វើឲ្យមានសុវត្ថិភាពការពារខ្លួន ក្នុងពេលធ្វើដំណើរនេះ»។
រីឯក្នុងចំណុចទី២ គឺចំណុចដែលលោក ហ៊ុន សែន និងអ្នករួមដំណើរបួននាក់ទៀត បានចូលក្នុងទឹកដីវៀតណាម បានប្រមាណជា២០០ម៉ែត្រ នៅវេលាម៉ោង ០២:០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧។
នៅត្រង់ចំណុចនេះ លោក ហ៊ុន សែន ដែលអះអាងថា «ពុំមានអ្វីទទួលទាននោះ» បានសួរខ្លួនឯងថា៖
«តើអាចត្រូវស្លាប់ នៅពេលឆ្លងព្រំដែន កម្ពុជា-វៀតណាម ដោយការជាន់មីន ឬដោយកងការពារព្រំដែន របស់វៀតណាមឬទេ ? តើអាច ត្រូវជាប់គុក ដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿ ហើយសុខចិត្តជួយក្នុងការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុលពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូត ជាមួយកម្ពុជាប្រជាធិបតេយ្យ ? សំណួរចុងក្រោយ គឺតើវៀតណាមអាចចាប់បញ្ជូន មកឲ្យប៉ុលពតវិញឬទេ?»។
អតីតកម្មាភិបាលខ្មែរក្រហម រត់ចោលជួររូបនេះ នៅបានរំលើកឡើងវិញទៀតថា លោក«ពិតជាមានការលំបាក ខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ» ដោយគិតដល់ផលវិបាក ដែលអាចកើតមាន ចំពោះភរិយាពរពោះ៥ខែ ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោឃៅ របស់ពួកខ្មែរក្រហម នៅឡើយ។
លោក ហ៊ុន សែន បានរំលឹកមកនិយាយ នៅត្រង់ចំណុចទី៣ បន្ទាប់ពីបានចូលក្នុងទឹកដីវៀតណាម បានប្រមាណជិត៦គីឡូម៉ែត្រ នៅវេលាម៉ោង ១១:០០នាទី ជិតថ្ងៃត្រង់ ដោយក្រុមលោកសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដើម្បីទទួលទាន មុននឹងបន្តដំណើរ តាមផ្លូវថ្នល់ ទៅរកជួបកងទ័ពវៀតណាម និងប្រជាជនវៀតណាម ។
ខណៈចំណុចទី៤ គឺជាចំណុច ដែលក្រុមលោកទាំង៥នាក់ បានជួបកម្មករយួនម្នាក់ នៅក្នុងភូមិវៀតណាមមួយ ដែលមានចំងាយ១៤គីឡូម៉ែត្រ ពីព្រំដែន។ ពេលនោះ គឺម៉ោង ១៤:០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧។ បន្ទាប់ពីឲ្យរង់ចាំនៅនឹងកន្លែង កម្មករយួនរូបនោះបានចេញ ទៅនាំកម្លាំងស្វ័យការពារវៀតណាម ដោយមានទាំងអាវុធ មកជាមួយផង ។
លោក ហ៊ុន សែន សរសេរ នៅក្នុងចំណុចបន្ទាប់មកទៀតថា ដំបូងឡើយ វៀតណាមបានសង្ស័យទៅលើពួកលោកនេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ ជាច្រើនលើកច្រើនសារ និងដោយបំបែកគ្នា រវាងលោក និងគ្នីគ្នារបស់លោក ទាំងបួននាក់។ ប៉ុន្តែនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ កងទ័ពវៀតណាម បានទទួលស្គាល់នៅទីបំផុតថា៖
«សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ ជាថ្នាក់បញ្ជាការវរសេនាធំហើយ មិនមែនជាក្រុម ដែលប៉ុលពតបញ្ជូនមក វាយឆ្មក់វៀតណាមទេ»។
លោក ហ៊ុន សែន បានថ្លែងរំលើក នៅទីបញ្ចប់ថា៖
«ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់ នៃរបត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត»។
តែការរំលើករបស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក ហាក់មានភាពមិនប្រក្រតី ទាក់ទងនឹងពេលវេលា និងចម្ងាយផ្លូវ នៃការធ្វើដំណើរ។
វីដេអូពីរឿងរ៉ាវនេះ ផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រីបានពន្យល់ថា ពីចំណុចកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ទៅដល់ព្រំដែនវៀតណាម មានចំងាយ៩,៩គីឡូម៉ែត្រ ហើយលោក ហ៊ុន សែន ត្រូវបន្តដំណើរថ្មើរជើង ប្រមាណជា១៤គីឡូម៉ែត្រ នៅក្នុងទឹកដីវៀតណាម មុននឹងជួបជាមួយកម្មករចំការកៅស៊ូរបស់វៀតណាម។
នៅត្រង់នេះ តើគេមិនគួរឆ្ងល់ទេឬ ថាលោក ហ៊ុន សែន ចេញដំណើរនៅម៉ោង២០ យប់ថ្ងៃទី២០ ខែមិថុនា និងទៅដល់ចំណុចជួប ជាមួយកម្មករ នៅម៉ោង១៤ ថ្ងៃទី២១ ខែមិថុនា ពោលគឺលោកប្រើពេលតែ ១៥ម៉ោងប៉ុណ្ណោះ ក្នុងការធ្វើដំណើរទាំងយប់ កាត់ភ្លៀងព្យុះ ត្រូវឆ្លងព្រៃភ្នំក្រំថ្ម សម្រាប់ចំងាយផ្លូវ ជិត២៥គីឡូម៉ែត្រ។ តើលោក ហ៊ុន សែន និងគ្នីគ្នារបស់លោករត់រហូត មិនសម្រាក មិនឈប់ទទួលទានអាហារ និងស្គាល់ផ្លូវគេចខ្លួនទាំងនេះដូចលោកស្គាល់បាតដៃឬ?
ផ្ទុយទៅវិញ ឯកសារផ្សេងទៀតនៅឯបរទេស ស្រាវជ្រាវដោយអ្នកនិពន្ធឯករាជ្យ បានលើកឡើងខុសគ្នាស្រឡះ ពីការនិទានខាងលើ។ ឯកសារទាំងនោះ បានពន្យល់ថា លោក ហ៊ុន សែន បានរត់ចោលស្រុក គឺនៅក្នុងបុព្វហេតុតែមួយគត់ នោះគឺគេចចេញ ពីចំណាត់ការរបស់ប៉ុលពត ដែលកំណត់ឲ្យកំចាត់ក្រុមក្បត់អង្គការ ក្បត់បដិវត្តន៍ នៅតំបន់បូព៌ា។
សក្ខីកម្មនៃឯកសារស្រាវជ្រាវ នៅឯបរទេស ត្រូវបានក្រុមអ្នកប្រើប្រាស់ គេហទំព័រ «Wikipedia» ធ្វើការប្រមែប្រមូល និងយកមកសង្ខេប ទាក់ទងនឹងប្រវត្តិរបស់លោក ហ៊ុន សែន ដូចខាងក្រោម៖
នៅឆ្នាំ១៩៧៧ ឧបទ្ទវហេតុជាច្រើនបានកើតឡើង នៅតាមព្រំដែនកម្ពុជា-វៀតណាម និងបានបង្កឱ្យមានការឆ្លើយតប ពីសំណាក់កងទ័ពប្រជាជនវៀតណាម ដែលធ្វើឲ្យកងទ័ពខ្មែរក្រហម ពិបាកនឹងធ្វើការទប់ទល់។ មេបញ្ជាការជាន់ខ្ពស់ នៃរបបខ្មែរក្រហម នៅភ្នំពេញ បានទម្លាក់ការទទួលខុសត្រូវ នៃការទប់ទល់ដ៏ខ្សត់ខ្សោយនាពេលនោះ ទៅលើក្រុមទាហាន និងក្រុមមេទាហានរបស់ខ្លួនមួយចំនួន ដែលមិនមានភក្ដីភាពពេញលេញ ជាមួយនឹងអង្គការ ហើយបានបញ្ជាឲ្យមានការចម្រាញ់ចេញ នូវជនក្បត់បដិវត្តន៍ ដែលមានទំនោរងាកទៅក្រុង ហាណូយ។
ដើម្បីគេចចេញ ពីយុទ្ធនាការចម្រាញ់នេះ លោក ហ៊ុន សែន បានសម្រេចចិត្តរត់ឆ្លងព្រំដែន ចូលប្រទេសវៀតណាម។ លោក ហ៊ុន សែន បានរត់គេចខ្លួន នៅខែមិថុនា ហើយបានរស់នៅ ក្នុងព្រៃអស់រយៈពេលជាច្រើនខែ មុននឹងចូលទៅដល់ទឹកដីវៀតណាម ក្នុងខែធ្នូ ឆ្នាំ១៩៧៧។
ពេលទៅដល់ភ្លាម លោក ហ៊ុន សែន ត្រូវបានអាជ្ញាធរវៀតណាមចាប់ឃុំខ្លួនមួយរយៈទៀត។ បន្ទាប់ពីត្រូវបានដោះលែង លោក ហ៊ុន សែន បានចូលរួមជាមួយលោក ហេង សំរិន និងលោក ជា ស៊ីម ក្នុងការបង្កើតឲ្យមានចលនានយោបាយមួយ ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។ ចលនានោះ មានឈ្មោះដំបូងឡើងថា «រណសិរ្សសាមគ្គីប្រជាជនខ្មែរ ដើម្បីសង្គ្រោះជាតិ» និងក្រោយមកបានប្ដូរមកជា «រណសិរ្សយសាមគ្គីសង្គ្រោះជាតិកម្ពុជា» ហៅកាត់ជាភាសាបារាំង «FUNSK»។
សក្ខីកម្មមួយទៀត នៅក្នុងសៀវភៅ «ប៉ែន សុវណ្ណ ជីវប្រវត្តិសង្ខេប និងបុព្វហេតុជាតិមាតុភូមិកម្ពុជា» ដែលលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី (មុនលោក ហ៊ុន សែន) នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា សរសេរដោយខ្លួនលោក ហើយចេញផ្សាយ នៅក្នុងទសវត្សន៍ចុងក្រោយនេះ បានពន្យល់ថា គម្រោងរៀបចំវាយចូលឈ្លានពានប្រទេសកម្ពុជា ពីសំណាក់ប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩ ត្រូវបានរៀបចំដោយក្រុងហាណូយ ជាយូរខែឆ្នាំមកហើយ មិនមែនដោយសារលោក ហ៊ុន សែន និងគ្នីគ្នាបួនប្រាំនាក់ ទៅនិយាយមួយម៉ាត់ពីរ ក៏ស្រាប់តែវៀតណាមធ្វើតាមនោះទេ៕