បុណ្យណូអែល (Noël) ដែលគេនាំគ្នាប្រារព្វជារៀងរាល់ឆ្នាំនេះ យកលំនាំតាមបែបអាមេរិកាំង និងជាបុណ្យសាំង នីកូឡា (Saint Nicolas) តាមបែបអ៊ឺរ៉ុប។ នៅអាមេរិក «លោកតាណូអែល» មានឈ្មោះថា «សានតា ក្លូស (Santa Claus – ឈ្មោះហៅតាម សំនៀងរបស់ជនជាតិហូឡង់)» ហើយបានចេញជារូបរាងឡើង នៅសតវត្សទី១៩។ នៅបារាំង គេទើបនឹងចាប់ផ្ដើមនិយាយខ្លាំង ពី«លោកតាណូអែល»នេះ នៅកណ្ដាលសតវត្សទី២០ប៉ុណ្ណោះ។
ការងាររបស់ «សានតា ក្លូស ឬ លោកតាណូអែល» គឺគាត់ដើរចែកអំណោយ ទៅគ្រប់កូនក្មេងណាដែលស្លូតបូត ត្រឹមត្រូវ នៅក្នុងរាត្រីបុណ្យ ថ្ងៃទី២៤ ចូលមកថ្ងៃទី២៥ ខែធ្នូ។
«លោកតាណូអែល» ក៏ត្រូវបានគេប្រារព្វ យករូបរាងតាម ជូលេនីស (Julenisse) មនុស្សតូចល្អិតមានពុកមាត់ស ពាក់មួកវែងស្រួចចុង របស់ជនជាតិអ៊ឺរ៉ុបខាងជើង (ស៊ុយអែដ និងណ័រវេស) ដែលដើរយកអំណោយ ចែកឲ្យកូនក្មេង នៅពេលបុណ្យ កណ្ដាលរដូវធ្លាក់ទឹកកក។
តែបើទោះជាការនិទានតៗគ្នា មានយ៉ាងច្រើនសម្បូរបែប ពីរូបរាង«លោកតាណូអែល» យ៉ាងណាក៏ដោយ ក៏ពេលនេះ គេបានចាត់ទុកជាទូទៅថា«លោកតាណូអែល» ជាមនុស្សចាស់ចិត្តល្អម្នាក់ មានពុកមាត់សរវែង ស្លៀកពាក់ខោអាវក្រាស់ ពណ៌ក្រហម និងមានជាយពណ៌ស។ គាត់រស់នៅតំបន់ខាងជើងនៃផែនដី គ្របដណ្ដប់ដោយព្រិល និងដើរចែកអំណោយឲ្យដល់ក្មេងៗ។ «លោកតាណូអែល» មានយានជំនិះមួយ អាចហោះបាន និងចូលចែកអំណោយ តាមបំពង់ផ្សែងនៃចង្ក្រានកម្ដៅ តាមលំនៅឋាននីមួយៗ។
ដើមកំណើត នៃ«លោកតាណូអែល» ជាសាំង នីកូឡា (Saint Nicolas – បុព្វជិក ឈ្មោះ នីកូឡា) ដែលជាបុព្វជិកពិតម្នាក់ ក្នុងសាសាគ្រឹស្តិ៍ ដែលមានជីវិតរស់នៅតាំងពី សតវត្សទី៣ នៅក្បែរនឹងទីក្រុង អានតាលីយ៉ា (Antalya) ក្នុងផ្នែកខាងត្បូង នៃប្រទេសទួរគីសព្វថ្ងៃ។
តាមគម្ពីដែលបានសរសេរទុក បុព្វជិកឈ្មោះ នីកូឡា នេះបានជួយសង្គ្រោះជីវិត កុមារបាន៣នាក់។ ចាប់តាំងពីសតវត្សទី១៦មក វីរភាពរបស់បុព្វជិក ត្រូវបានគេលើកយកមកនិយាយ ឡើងវិញយ៉ាងច្រើន តាមរយះតួអង្គនៃព្រេងកថាទាំងឡាយ ដូចយ៉ាងតួអង្គរបស់បុព្វជិក ហ្វូអេតារ (Fouettard) ដែលបានប្រើរំពាត់ខ្សែរតី វាយបីសាចកុមារជាច្រើននាក់ជាដើម។
នៅទ្វីបអ៊ឺរ៉ុប ជំនឿដែលនិយាយទាក់ទងនឹងរដូវធ្លាក់ទឹកកក បានកើតមាន តាំងពីយូរយារណាស់មកហើយ។ ដើម្បីបញ្ជៀសការភិតភ័យទល់នឹងអន្ធការ ទំនៀមទំលាប់សាសនាចម្រុះមួយ បានប្រាប់ឲ្យមនុស្សវ័យក្មេងៗជាច្រើននាក់ ចាប់ដៃបន្តគ្នា និងដើរពីផ្ទះមួយ ទៅផ្ទះមួយទៀត ដើម្បីសុំការដាក់ទាន។ នៅពីមុខក្បួននេះ មានមនុស្សចាស់ម្នាក់ ជាអ្នកដឹកនាំ ហើយគេបានហៅឈ្មោះគាត់ថា«ណូអែល»។ ឈ្មោះនេះ បានលេចលឺឡើង នៅនៃអ៊ឺរ៉ុបខាងលិច ជាពិសេសនៅក្នុងប្រទេសបារាំង នៅក្រោយសតវត្សទី១២។
នៅក្នុងយុគសម័យកណ្ដាល ព្រះវិហារកាតូលីក (ពីបូរីវ៉ាទីកង់) មានបំណងចង់អោយគេជំនួស តួអង្គតំណាងសាសនាចម្រុះនេះ ជាបុព្វជិក នៃសាសនាគ្រឹស្តិ៍វិញ។
ដូច្នេះហើយ វាត្រូវចំនឹងប្រវត្តិរឿង របស់បុព្វជិក នីកូឡា ខាងលើនេះតែម្ដង ដែលចាប់ពីពេលនោះមក បានក្លាយទៅជាបុព្វជិកមួយរូប ក្នុងប្រវត្តិសាស្ត្រ ថាជាអ្នកការពារ ទៅដល់កុមារទាំងឡាយ។ គេបានជ្រើសរើសយកថ្ងៃទី៦ ខែធ្នូ ក្នុងរដូវធ្លាក់ទឹកកក ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យរំលឹកពីបុព្វជិករូបនេះ និងបានសាងរូបតំណាង អោយបុព្វជិក ជាបុរសចំណាស់ មានពុកមាត់វែង(…)។
នៅក្នុងសម័យកាលនៃកំណែរទម្រង់ ពួកអ្នកកាន់សាសនាគ្រឹស្ត៍ និកាយប្រូតេស្តង់ បានបោះបង់ចោលតួអង្គ បុព្វជិក នីកូឡា ហើយបានដាក់ជំនួសវិញ នូវ«កូនរបស់ព្រះយេស៊ូ (ក្រុមប្រូតេស្ដង់ ជឿថាព្រះយេស៊ូ មានបុត្រ)»។ នៅប្រទេសហូឡង់ បុព្វជិក នីកូឡា ត្រូវបានជំនួសដោយតួអង្គមួយទៀត ពាក់កណ្ដាលជាជនសមញ្ញ មានឈ្មោះថា «សានតា ក្លូស»។
នៅសតវត្សទី១៨ ចក្រភពអាឡឺម៉ង់ បានបង្កើតឡើងនូវ របៀបរបបរស់នៅ និងច្បាប់ទំលាប់ នៃ«ភាពកណ្ដាលមិនប្រកាន់សាសនា» ហើយបានជំនួសគ្រប់តួអង្គទាំងអស់ខាងលើ ដោយនិមិត្តរូបចាស់បូរាណមួយរបស់ខ្លួន ដែលមានលក្ខណៈ ដូចទៅនឹងតួអង្គ ក្នុងរឿងព្រេងនិទាន។
ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិក បានយកទំលាប់របស់ប្រទេសហូឡង់ ដើម្បីប្រារព្ធពិធីបុណ្យខាងលើ ដោយសារនៅក្នុងសតវត្សទី១៨ ពួកជនជាតិហូឡង់ ប្រកបដោយឥទ្ធិពល បានបង្កើតទីក្រុងមួយឈ្មោះ «អាមស្ទែដាមថ្មី» (ប្ដូរឈ្មោះ មកជាទីក្រុង«ញ៉ូយក» នៅពេលក្រុមអង់គ្លេស ទៅគ្រប់គ្រង) ហើយបានប្រារព្ធបុណ្យ «សានតា ក្លូស» នេះជាហូរហែ រហូតធ្វើឲ្យពិធីបុណ្យ មានប្រជាប្រិយភាពកាន់តែខ្លាំង។
គោលបំណងរបស់បុណ្យ «សានតា ក្លូស» គឺចង់ឧទ្ទិស និងចង់ឲ្យរង្វាន់ទៅកុមារទាំងឡាយណា ដែលស្លូតបូត ត្រឹមត្រូវ និងស្ដាប់បង្គាប់ តែដាក់ពិន័យទៅលើ កុមារណាដែលខិលខូច។
ក្នុងឆ្នាំ១៨២២ អ្នកផ្សាយសាសនាម្នាក់ ឈ្មោះ ក្លេមេន ក្លាគី ម័រ បានផ្សាយកំណាព្យមួយ និយាយពី«ការមកលេងរបស់ បុព្វជិក នីកូឡា» ដែលបានរៀបរាប់ពីចរិក របស់បុព្វជិកនេះ ថាមានចិត្តល្អ ជក់ខ្សៀរ និងញញឹមរាក់ទាក់។ កំណាព្យនេះ បានក្លាយជាគោលសំខាន់មួយទៀត សម្រាប់បកស្រាយ ពីពិធីបុណ្យខាងលើ ក្នុងសម័យកាលទំនើប។
កំណាព្យរបស់អ្នកផ្សាយសាសនាខាងលើ ត្រូវបានកាសែតសង់ទីនែល (Sentinel) នៃទីក្រុងញ៉ូយក យកទៅផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៨២៣ ហើយត្រូវបានកាសែតផ្សេងទៀត ដកស្រង់ផ្សាយបន្តបន្ទាប់ និងក្រោយមក មានការបកប្រែ ចេញទៅជាច្រើនភាសា នៅទូទាំងពិភពលោក។
ចំណែកឯប្រទេសអង់គ្លេស បានទទួលយកបុណ្យនេះមកប្រារព្ធ ចាប់ពីឆ្នាំ១៨៥០មក។ រីឯប្រទេសបារាំងវិញ នៅតែស្មោះស្ម័គ្រ នឹងទំនៀមទំលាប់ នៃតួអង្គ«លោកតាណូអែល» របស់ខ្លួនដដែល។ តែបុណ្យ«ណូអែល» បានចាប់ផ្ដើមមានប្រជាប្រិយភាពខ្លាំង គឺរាប់ចាប់តាំង ពីក្រោយសង្គ្រាមលោកលើកទីពីរ ពោលគឺបន្ទាប់ពីកងទ័ពអាមេរិក ចូលមកជួយប្រទេសបារាំង ក្នុងការបណ្ដេញកងទ័ពអាល្លឺម៉ង់ ឲ្យចេញពីប្រទេស។
ចំពោះថ្ងៃទី២៥ ខែធ្នូនេះ វាជាការកំណត់ផ្សេងមួយទៀត ដើម្បីរំលឹកពីថ្ងៃចាប់កំណើតព្រះយេស៊ូ គ្រឹស្ដ៍ ដោយយោងទៅលើអត្ថបទសរសេរទុកនៅក្នុងព្រះគម្ពី អេវ៉ង់ជីល (Évangiles) របស់បុព្វជិក លុច និង ម៉ាទីជើ។ ប៉ុន្តែថ្ងៃនេះ មិនមានទំនាក់ទនងអ្វីនឹងតួអង្គ ឬរូបរាងតំណាង របស់«លោកតាណូអែល» ដែលបើតាមការរៀបរាប់ខាងលើ ជាពិធីបុណ្យដែលត្រូវបានប្រារព្ធ នៅមុនថ្ងៃទី២៥ ខែធ្នូនោះឡើយ។
នៅពេលបច្ចុប្បន្ន មានប្រទេសជាច្រើនផ្សេងទៀត ដែលមិនមានទំនៀមទំលាប់បែបសាសនាគ្រឹស្ត៍ ដូចយ៉ាងប្រទេសចិន កូរ៉េខាងត្បូង ឬជប៉ុនជាដើម បានកំណត់យកថ្ងៃទី២៥ធ្នូ ដើម្បីធ្វើបុណ្យ«សានតា ក្លូស» ឬ«សាំង នីកូឡា» ឬ«លោកតាណូអែល» ហើយពួកគេបានតុបតែងផ្ទះសម្បែង ឬទីក្រុង ដើម្បីជាឱកាស ចែកចាយអំណោយ ឬរង្វាន់ទៅឲ្យផងគ្នា បរិភោគអាហារឆ្ងាញ់ៗ ជាលក្ខណៈសប្បាយជួបជុំគ្រួសារ៕