តើប្រព័ន្ធផ្សព្វផ្សាយអាមេរិក មើលមិនឃើញពីជ័យជំនះ របស់លោក ដូណាល់ ត្រាំ (Donald Trump) ឬយ៉ាងដូចម្ដេច? ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានដឹកនាំការអង្កេតមួយ ដោយខ្លួនឯង ដើម្បីស្វែងយល់ពីហេតុការណ៍នេះ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមសង្ខេបរបាយការណ៍អង្កេតនោះ មកជម្រាបជូនលោកអ្នក ដូចខាងក្រោម។
ទាំងប្រព័ន្ធផ្សព្វផ្សាយ ទាំងស្ថាប័នឯករាជ្យ សម្រាប់ការស្ទង់មតិ នៅសហរដ្ឋអាមេរិក សុទ្ធតែបង្ហាញការជឿជាក់ថា លោក ដូណាល់ ត្រាំ មិនទទួលបានជ័យជំនះឡើយ នៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក លើកទី៤៥នេះ។ នេះបើគេនិយាយ តែពីបណ្ដាស្ថាប័នផ្សព្វផ្សាយ ដែលមាននិន្នាការឯករាជ្យប៉ុណ្ណោះ។ តើភាពបរាជ័យ នៃការសម្លឹងមើលវែងឆ្ងាយ របស់ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បណ្ដាលមកពីមូលហេតុអ្វី?
ក្រុមអ្នកជំនាញ មកពីបណ្ដាញផ្សព្វផ្សាយទាំងនោះ បានលើកឡើង ពីហេតុផល ដែលឈានទៅដល់ ការធ្វើសេចក្ដីសន្និដ្ឋាន «ខុស» ឬ«ភ័ន្ដច្រឡំ» ដូចខាងក្រោម៖
«និយាយទៅ ពលរដ្ឋម្ចាស់ឆ្នោតភាគច្រើន ចង់បានអ្វីមួយដែលថ្មី និងខុសពីមុន។ ហើយអ្វី ដែលជាបំណងប្រាថ្នានេះ តែងត្រូវបានពលរដ្ឋម្ចាស់ឆ្នោតទាំងនោះ ស្រែកឡើងជាញឹកញាប់។ តែបញ្ហានៅត្រង់ថា អ្នកសារព័ត៌មានភាគច្រើន មិនបានស្ដាប់ឮសំរែកទាំងនោះឡើយ។» នេះ ជាការលើកឡើង របស់លោក «Jim Rutenberg» អ្នកជំនាញមួយរូប មកពីសារព័ត៌មាន «New York Times»។
លោក «Jim» បានបន្តទៀតថា ភាគច្រើននៃសារព័ត៌មាន និងបណ្ដាញទូរទស្សន៍ បានស្ទង់ខុសកន្លែង ពីចង្វាក់បេះដូង របស់សហរដ្ឋអាមេរិក។ សារព័ត៌មានអាមេរិកមិនបានរកឃើញ ពីកំហឹងដ៏ពុះកញ្ជ្រោល ដែលបានកើតឡើង នៅក្នុងចំណោមពលរដ្ឋម្ចាស់ឆ្នោតភាគច្រើននោះទេ។
គេត្រូវរំលឹកឡើងវិញថា លោក ដូណាល់ ត្រាំ មានទំនាក់ទំនងស្មុគ្រស្មាញណាស់ ជាមួយប្រព័ន្ធផ្សព្វផ្សាយ តាំងពីលោកបានចាប់ផ្ដើមលោតចូល ក្នុងយុទ្ធនាការបោះឆ្នោតដំបូង នៅខែមិថុនា ឆ្នាំ២០០៥នោះម្លេះ។
ប៉ុន្តែទំនាក់ទំនងដ៏ស្មុគ្រស្មាញ និងពេលខ្លះប្រែក្លាយជា«អាក្រក់»នេះ បានជួយ«ផ្សាយពាណិជ្ជកម្ម» ឲ្យលោកទៅវិញ នៅក្នុងរយៈពេល នៃយុទ្ធនាការបោះឆ្នោតជំហ៊ាន«បឋម» របស់គណបក្សសាធារណរដ្ឋ ដើម្បីឈានទៅកំណត់ យកបេក្ខជនជាផ្លូវការ ទៅប្រកួតនឹងបេក្ខជនផ្សេងទៀត មកពីគណបក្សផ្សេង។ នេះបើតាមការអះអាង របស់អ្នកស្រី «Margaret Sullivan» អ្នកជំនាញខាងបណ្ដាញផ្សព្វផ្សាយ មកពីសារព័ត៌មាន «Washington Post»។
អ្នកជំនាញផ្សេងទៀត ក៏បានអះអាងប្រហាក់ប្រហែលគ្នានេះដែរថា ជាមួយនឹងការចេញផ្សាយទាំងឡាយ ដែលនិយាយពីរូបលោកនោះ មហាសេដ្ឋី «ត្រាំ» ទំនងជាទទួលបាន នូវការ«ផ្សព្វផ្សាយពាណិជ្ជកម្ម ដោយមិនគិតថ្លៃ» ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ «កូនកាត់»ទាំងអស់នៅអាមេរិក ដែលបើគិតជាប្រាក់ មានកម្រិតមិនតិចជាង ២កោដ (២ពាន់លាន) ដុល្លារនោះឡើយ។ គឺការផ្សព្វផ្សាយទាំងនោះហើយ ដែលបានជួយលោក ឲ្យឈ្នះនៅក្នុងយុទ្ធនាការបោះឆ្នោតបឋម នៅក្នុងគណបក្សរបស់លោក។
លោក «Dan Kennedy» សាស្ត្រាចារ្យផ្នែកសារព័ត៌មាន ពីសកលវិទ្យាល័យ «Northeastern» បានថ្លែងបញ្ជាក់ចំពោះករណីនេះថា៖
«ប្រព័ន្ធផ្សព្វផ្សាយ បានធ្វើការងាររបស់ខ្លួន ក្នុងការលើកឡើង ពីគុណវិបត្តិនៃបុគ្គលិកលក្ខណៈ របស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែលោក ត្រាំ បានយល់យ៉ាងច្បាស់ ពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងជីវិតសាធារណៈ ហើយលោកមានសមត្ថភាព យកប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មកធ្វើអាជីវកម្ម ដើម្បីប្រែក្លាយខ្លួនលោក ឲ្យទៅជាតារា។»
ក្រៅពីទទួលបានការផ្សាយ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនោះរួច បេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះ នៅចេះប្រើប្រាស់«ការឆ្លើយតប»របស់ខ្លួន នៅតាមបណ្ដាញសង្គម យ៉ាងមានប្រសិទ្ធិភាព ដើម្បីវាយបកទៅប្រព័ន្ធផ្សព្វផ្សាយវិញ ជាពិសេស នៅពេលមានហេតុការណ៍ «អាក្រក់» អ្វីមួយ បានកើតឡើង។
ការយកមធ្យោបាយ «បណ្ដាញសង្គម» ដើម្បីតបត ទៅដៃគូប្រកួត ឬតបទៅការផ្សាយពីលោក «បែបអវិជ្ជមាន» របស់ប្រព័ន្ធផ្សព្វផ្សាយនោះ លោក ដូណាល់ ត្រាំ មិនត្រឹមតែបានលាងសំអាតខ្លួនប៉ុណ្ណោះទេ តែនៅបានចលនាក្រុមអ្នកគាំទ្ររបស់លោក ឲ្យជួយ«បន្ទរឆ្លើយតប» ហើយបន្ថែមទំងន់ នៃការផ្សព្វផ្សាយ អំពីរូបលោក មានសភាពកាន់តែផុសផុលឡើង។ ពេលខ្លះ លោក ដូណាល់ ត្រាំ បានប្រើ«បណ្ដាញសង្គម» ដើម្បីបង្កើត«រឿងថ្មីៗ» នោះថែមទៀត៕