នៅប្រទេសបារាំង ថ្ងៃ«១៤កក្កដា»នេះ ត្រូវបានដាក់ជាបុណ្យជាតិរបស់ប្រទេស តាំងពីឆ្នាំ១៨៨០ ក្នុងខណៈ ដែលប្រទេសនេះ បានបង្កើតឡើងនូវរបបសារធារណរដ្ឋ ជាលើកទី៣។ រដ្ឋសភាបារាំងក្នុងសម័យនោះ បានអនុម័តយកថ្ងៃនេះ ជាថ្ងៃបុណ្យជាតិជាផ្លូវការ ដោយយោងទៅលើព្រឹត្តការណ«ពីរ» ដែលបានកើតឡើង កាលពីជិតមួយសតវត្សមុន។
ព្រឹត្តិការណទាំងពីរនេះ គឺបដិវត្តន៍ដោយកម្លាំងប្រជាជន ថ្ងៃទី១៤កក្កដា ឆ្នាំ១៧៨៩ ក្នុងការវាយរំដោះពន្ធនាគារ បាស្ទីយ៍ (Bastille) ក្នុងរាជធានីប៉ារីស និងថ្ងៃទី១៤ កក្កដា ឆ្នាំ១៧៩០ មួយទៀត ដែលជាថ្ងៃនិមិត្តិរូប នៃការបង្រួបបង្រួមជាតិផង ព្រមទាំងក្នុងបំណង ចង់រលឹកខួបមួយឆ្នាំ នៃថ្ងៃរំដោះពន្ធនាគារបាស្ទីយ៍ ឆ្នាំ១៧៨៩ខាងលើនេះផង។
អ្នកនិពន្ធ វិចទ័រ ហ៊ុយហ្គោ (Victor Hugo) ដ៏ល្បីរបស់បារាំង បាននិយាយថា៖
«ថ្ងៃបុណ្យនេះ វាមិនត្រឹមតែជាថ្ងៃបុណ្យជាតិរបស់បារាំងប៉ុណ្ណោះទេ តែវាជាថ្ងៃបុណ្យមួយ មានលក្ខណៈជាសកល។ ថ្ងៃ១៤កក្កដា ជាថ្ងៃនៃការធ្លាក់ចុះ នូវជញ្ជាំងដ៏ធំមហិមា នៃពន្ធនាគារបាស្ទីយ៍ ហើយវាបានបិទបញ្ចប់ នូវរបបទាសភាពទាំងឡាយ ដែលគ្រប់ប្រជាជាតិទាំងអស់ក្នុងពិភពលោក នរណាៗក៏ត្រូវការដែរ។»
គេនៅចាំបានថា កាលនោះជារដូវក្ដៅ (ឆ្នាំ១៧៨៩) ហើយការវំជើបរំជួលដ៏ធំមួយ បានគ្របដណ្ដប់ពាសពេញទាំងរាជធានីប៉ារីស។ ប្រជាជនបារាំងកាលសម័យនោះ ខឹងសម្បារយ៉ាងខ្លាំង ដោយត្រូវរស់នៅក្នុងសភាពមួយដ៏លំបាកជាទីបំផុត ទល់នឹងវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចយ៉ាងធ្ងន់ធ្ងរ។
ស្ដេចល្វីស៍ទី១៦ កាលនោះ ត្រូវប្រឈមមុខនឹងក្រុមតំណាងប្រជាជន ដែលចង់បង្កើតឲ្យមានច្បាប់រដ្ឋធម្មនុញ្ញមួយឡើង ដែលនឹងប្រគល់សិទ្ធិសេរីភាពច្រើនជាងមុន ទៅឲ្យរាល់ប្រជាជនម្នាក់ៗ។ ប្រជាជនដែលទាមទារ ចង់ឲ្យមានការបង់ពន្ធតិចជាងមុន ហើយបង្កើតឲ្យមាននូវសិទ្ធិស្មើភាពគ្នាមួយនៅក្នុងសង្គម ដែលពីមុនមក សិទ្ធិនេះមានសម្រាប់តែមេដឹកនាំសាសនានៅក្នុងព្រះវិហារ និងពួកអ្នកមានស្ដុកស្ដមប៉ុណ្ណោះ។
តែរាល់ការតស៊ូតាមផ្លូវច្បាប់ ដោយការជជែក និងការបោះឆ្នោតទាំងឡាយ បានត្រឹមតែធ្វើឲ្យការខកចិត្តរបស់ប្រជាជន និងអ្នកតំណាងពួកគេ រីករាលដាលកាន់តែខ្លាំង។ ពួកគាត់បានទាមទារបង្កើតឲ្យខាងតែបាន នូវការជួបប្រជុំថ្នាក់ជាតិមួយ (ដូចគ្នានឹងរដ្ឋសភាដែរ) នៅថ្ងៃទី៩កក្កដាឆ្នាំ១៧៨៩។
ការទាមទារនេះ បានធ្វើឲ្យស្ដេចល្វីស៍ទី១៦ ព្រួយបារម្ភ ហើយបានលួចនាំចូលដោយសំងាត់ មកក្នុងប្រទេសបារាំងនូវកងទ័ពបរទេស (ពីប្រទេសស្វីស និងអាល្លឺម៉ង់) ដោយទុកឲ្យត្រៀមចាំ នៅតំបន់មួយជិតក្រុងវ៉ែរសៃយ៍ (Versailles) ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីរាជធានីប៉ារីស។ ពាក្យចចាមអារ៉ាមជាច្រើន បានធ្វើឲ្យលេចឮថា កងទ័ពស្មោះស្ម័គ្រនឹងស្ដេចទាំងនេះ នឹងត្រៀមខ្លួនរួចជាស្រេច សំរាប់ចូលមកក្នុងរាជធានី ប៉ារីស ដើម្បីចាប់ខ្លួនក្រុមពួកអ្នកតំណាងប្រជាជន។
គឺនៅថ្ងៃទី១២កក្កដា ឆ្នាំ១៧៨៩នោះហើយ ដែលលោក កាមី ដេសមូឡាំង (Camille Desmoulins) ដែលជាអ្នកច្បាប់មួយរូប ដែលមិនសូវជាមានឈ្មោះបោះសំលេង បានឡើងឈរនៅលើធុងស្រាមួយ ហើយបានស្រែកអំពាវនាវ ឲ្យជនរួមជាតិទាំងឡាយ ក្រោកឡើងធ្វើការបះបោរ (Saint Barthélemy des patriotes) ប្រឆាំងនឹងរបបរាជានិយមផ្ដាច់ការ និងរបបទាសភាព។
ប្រជាជនជាពិសេសអ្នករស់នៅ ក្នុងរាជធានី ប៉ារីស ដែលកំពុងតែក្ដៅក្រហាយស្រាប់ គ្មានជំរើសអ្វីក្រៅតែពីទៅចូលរួបរួម ជាមួយនឹងការដង្ហោយហៅនេះ ហើយត្រូវតែធ្វើការប្រយុទ្ធ ដើម្បីឲ្យសំលេងរបស់ខ្លួន ត្រូវបានគេស្ដាប់ឮ និងយកចិត្តទុកដាក់។
នៅព្រឹកថ្ងៃទី ១៤កក្កដា ឆ្នាំ១៧៨៩ បណ្ដាជនទាំងនោះបានប្រមូលផ្ដុំគ្នា ប្រមាណជាពី ៤៥ ០០០ ទៅ ៥០ ០០០នាក់ បានចេញទៅយកអាវុធពីមណ្ឌលផ្ទុកអាវុធមួយ ឈ្មោះហៅថា អាំងវាលីដ (Invalides)។ នៅទីនោះ មានកងទ័ពនិងកាំភ្លើងធំជាច្រើន បានត្រូវដាក់ពង្រាយ នៅនឹងមុខមណ្ឌលផ្ទុកអាវុធនោះ តែពួកមេទ័ពប្រចាំនៅនឹងកន្លែង បានសំរចេចិត្តជាឯកច្ឆ័ន ថាមិន«ផ្ទុះអាវុធ»ប្រឆាំងនឹងពួកអ្នកបះបោរទាំងនេះទេ។
ក្រោយពេលប្រមូលបានអាវុធហើយ បណ្ដាជនទាំងនោះ បានដើរត្រសងតំរង់ទៅ បាស្ទីយ៍ ដែលជាពន្ធនាគារដ៏ធំជាងគេរបស់ប្រទេស និងជានិមត្តរូបនៃអំណាចផ្ដាច់ការ របស់របបរាជានិយម។ ការបាញ់ប្រយុទ្ធគ្នា ប្រកបដោយឈាម បានកើតឡើងពេញមួយថ្ងៃ នៅទីនោះ រហូតដល់ប្រជាជន ដណ្ដើមបានជ័យជំនះ ហើយបានដោះលែង នូវអ្នកទោសសំខាន់ៗខ្លះ និងបានកាន់កាប់ទាំងស្រុង នូវមន្ទីឃុំឃាំងដ៏រឹងមាំនេះ។
តាំងពីពេលនោះមក ព្រឹត្តិការណ៍នេះត្រូវបានបណ្ដាជន ក្នុងប្រទេសផ្សេងទៀតនៅអ៊ឺរ៉ុប ក៏ដូចជានៅរ៉ូស្ស៊ី យកមកធ្វើជាគំរូ និងវាបានក្លាយជាចលនា នាំមុខមួយរបស់ពិភពលោក ក្នុងការបំបាត់របបទាសភាព ហើយស្វែងរកមកវិញ នូវសេរីភាព សមភាព និងប្រជាធិបតេយ្យ នៅក្នុងសង្គម។ គេបានហៅព្រឹត្តិការណនេះថា «ថ្ងៃវាយរំដោះគុកបាស្ទីយ៍»។
ថ្ងៃបុណ្យជាតិបារាំង ១៤កក្កដានេះ បានផ្សារភ្ជាប់ទៅនឹងទិវាមួយទៀត ដែលប្រជាជនបារាំងក្នុងសម័យនោះ បានប្រារព្វធ្វើឡើង ដើម្បីជាការរំលឹកខួបមួយឆ្នាំ នៃ«ថ្ងៃវាយរំដោះគុកបាស្ទីយ៍» គឺនៅថ្ងៃទី ១៤កក្កដា ឆ្នាំ១៧៩០។
តាំងពី«ថ្ងៃវាយរំដោះគុកបាស្ទីយ៍»មក នៅតាមបណ្ដាខេត្រក្នុងប្រទេសបារាំង បានបង្កើតតែរៀងៗខ្លួន នូវសហព័ន្ធតំបន់នៃកងទ័ពជាតិ។ ការបង្កើតនេះ មានអត្ថន័យដើម្បីបន្ថយអំណាចកណ្ដាល ដែលពីមុន អំណាចនេះមានចេញតែពីព្រះបរមរាជវាំងប៉ុណ្ណោះ។ ហើយដើម្បីគ្រប់គ្រងចលនា ដែលបានកើតឡើងដោយឯកឯងនេះ រាជការនៅរាជធានី ប៉ារីស ពេលនោះ ក្រោមការជម្រុញរបស់លោក ឡាហ្វៃយេត (Lafayette) បានបង្កើតជាសហព័ន្ធរួមធំមួយ ដោយប្រមូលអ្នកតំណាងសហព័ន្ធមកពីតាមខេត្ត ឲ្យមកចូលរួមធ្វើមហាសន្និបាត នៅថ្ងៃទី១៤កក្កដា ឆ្នាំ១៧៩០។
ការប្រារព្វពិធីមានលក្ខណៈជាការរំលឹកខួប «ថ្ងៃវាយរំដោះគុកបាស្ទីយ៍» តែនៅក្នុងនោះ ក៏បានដាក់បញ្ចូលផងដែរ នូវរបៀបរបបគ្រប់គ្រង និងការបង្រួបបង្រួមជាធ្លុងមួយ ក្នុងប្រទេសដែលកំពុងមានវិបត្តិ។ នៅថ្ងៃនោះ ទាហានប្រមាណជា ១៤០០០នាក់ របស់ក្រុមសហព័ន្ធ បានមកដល់រាជធានីប៉ារីស ហើយបានធ្វើជាក្បួន រៀបជាក្រុមតាមខេត្ត ដើរពីអតីតពន្ធនាគារបាស្ទីយ៍ មកទីលានមួយជិតមណ្ឌលផ្ទុកអាវុធ អាំងវាលីដ ដើម្បីធ្វើពិធីជួបជុំនៅទីនោះ។
នៅលើទីលាន ដែលគេប្រារព្ធពិធីនោះ ស្ដេចល្វីស៍ទី១៦ បានស្បថថា នឹង«ថែរក្សារដ្ឋធម្មនុញ្ញ សំរេចដោយសភារបស់ជាតិ»។ ជាមួយនឹងការគាំទ្ររបស់ប្រជាជននៅរាជធានីប៉ារីស ដែលមានភក្ដីភាព ជាមួយរបបរាជានិយមនោះ ស្ដេចល្វីស៍ទី១៦ នៅតែមានអំណាចនៅក្នុងរាជបល្ល័ង្គនៅឡើយ។ ដូច្នេះ គំនិតដែលនិយាយពីការបង្រួបបង្រួមជាតិក្នុងពេលនោះ បានទទួលជ័យជំនះយ៉ាងត្រចះត្រចង់ និងបានប្រែក្លាយមហាសន្និបាតនេះ ទៅជាបុណ្យប្រជាប្រិយមួយយ៉ាងសប្បាយអឺងកង។
តែការផ្សះផ្សារជាតិមួយនេះ មិនបានស្ថិតស្ថេរយូរអង្វែងទេ ដោយសារតែស្ដេចល្វីស៍ទី១៦ បានក្បត់ពាក្យសម្បថរបស់ទ្រង់ ហើយត្រូវបានចាប់យកទៅប្រហាជីវិត ដោយកាត់ក្បាល នៅពីរឆ្នាំក្រោយមក។
ការរំលឹកខួប នៃព្រឹត្តិការណ៍«ថ្ងៃវាយរំដោះគុកបាស្ទីយ៍»នេះ មិនត្រូវបានគេនឹកនារក អស់រយះពេលជិត ១០០ឆ្នាំ។ លុះត្រាមកដល់ឆ្នាំ១៨៨០ ដែលកាលនោះ អ្នកគ្រប់គ្រងរបបបារាំងថ្មីហៅថា សារធារណរដ្ឋទី៣ ចង់ស្វែងរកថ្ងៃបុណ្យជាតិមួយ ក្រោមគោលគំនិត «ដើម្បីបណ្ដុះបំណងប្រាថ្នាជាតិដ៏យូលង់មួយ» នៅជុំវិញនិមិត្តរូបរបស់ សារធារណរដ្ឋ ហើយគេបាននឹកឃើញទៅដល់ ព្រឹត្តិការណ៍ទាំងពីរខាងលើ។ ចម្រៀងជាតិសព្វថ្ងៃរបស់ប្រទេសបារាំង «ឡាម៉ាសៃយែស (la Marseillaise)» ក៏ត្រូវបានស្នើឲ្យមាន ក្នុងពេលជាមួយគ្នានោះផងដែរ។
នៅក្នុងរដ្ឋសភាបារាំង កាលជំនាន់នោះ មានតំណាងរាស្រ្តជាច្រើន ដែលបានជំទាស់នឹង ការយក«ថ្ងៃវាយរំដោះគុកបាស្ទីយ៍» ទី១៤កក្កដា ឆ្នាំ១៧៨៩នេះ មកធ្វើជាថ្ងៃបុណ្យជាតិ ដោយពួកគេយល់ថា វាជាថ្ងៃគ្របដណ្ដប់ទៅដោយឈាម និងអំពើហឹង្សា។ តែដោយសារគេបានលើកយក ថ្ងៃបុណ្យសហព័ន្ធក្នុងនិមិត្តរូបបង្រួបបង្រួមជាតិមួយទៀត មកអះអាងអបបន្ថែម ទើបរដ្ឋសភានៅពេលនោះ បានសំរេចបោះឆ្នោតយក ថ្ងៃទី១៤កក្កដា ជាថ្ងៃបុណ្យជាតិរបស់ប្រទេសបារាំង រហូតមកទល់បច្ចុប្បន្ន៕