«ចំណេះជិះកឯង»៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ការប្រើការសន្យាខ្លីៗថា នឹងផ្ដល់នេះនោះជូនពលរដ្ឋ ដែលបោះឆ្នោតឲ្យគណបក្សខ្លួន ក្នុងន័យទាក់ទាញសន្លឹកឆ្នោតផង បន្លំពលរដ្ឋផង ជាលទ្ធផលមុខជាមានអ្នកអង្គុយចាំទារការអនុវត្ដសន្យាទាំងនោះមិនខាន។ ជាក់ស្ដែងដូចគណបក្សសង្គ្រោះជាតិ ដែលពេលនេះ កំពុងតែវ័ណ្ឌកដោះសារ គេចពីការផ្ដល់កញ្ចប់ថវិកា កន្លះលានដុល្លារមួយឆ្នាំ [សម្រាប់]មួយឃុំពេលនេះអ៊ីចឹង។ នេះគឺចំណេះជិះកឯង ។
ការសន្យាបែបខ្លីៗដល់ពលរដ្ឋដែលមិនសូវតាមដាននយោបាយដិតដល់ មិនសូវចេះត្រិះរិះពិចារណា ថាគោលនយោបាយណាដែលអាចទៅរួច និងមួយណាដែលមិនអាចទៅរួច ដូចជាការសន្យាថាបោះឆ្នោត ឲ្យបក្សសង្គ្រោះជាតិដើម្បីបានថវិការ ៥០ម៉ឺនដុល្លារមួយឆ្នាំមួយ ឃុំដើម្បី អភិវឌ្ឍន៍ឃុំសង្កាត់ ដែលខ្លួនជាប់ជាមេឃុំជាដើម គឺជាការកុហកបោកប្រាស់ពលរដ្ឋសុទ្ធសាធ ព្រោះថាគេដឹងថា វាមិនអាចទៅរួចហើយ ប៉ុន្ដែគេ នៅតែសន្យា។
តើឃុំបានថវិកាអភិវឌ្ឍឃុំ ក្នុងឆ្នាំ២០១៧នេះមកពីណា? គឺបានមកពីរដ្ឋាភិបាលអនុម័តកញ្ចប់ថវិកា តាំងពីជិតចុង ឆ្នាំមុនម្ល៉េះ ថាតើគួរចាយប៉ុន្មាន ចំពោះផ្នែកនេះ។
អ៊ីចឹងសម្រាប់ឆ្នាំ២០១៧ គ្មានកញ្ចប់ថវិកាបន្ថែមឯណា ចំពោះឃុំសង្កាត់ឡើយ។ សព្វថ្ងៃនេះ គណបក្ស ដែលកំពុងកាន់អំណាច មានសំឡេងគ្រប់គ្រាន់ក្នុងការអនុម័តកញ្ចប់ថវិកាជាតិ ទៅតាមគោលនយោបាយ របស់គណបក្សគេ ហើយវាបាន ក្លាយជាគោលនយោបាយថ្នាក់ជាតិ ដែលបានអនុម័តដោយសភា។
ដូច្នេះវាច្បាស់ណាស់ថា ទោះបីមន្ដ្រីបក្សប្រឆាំង ដែលពេលនេះ មានលោក យឹម សុវណ្ណ បានចេញមុខ ស្នើសុំថវិកាអភិវឌ្ឍឃុំសង្កាត់ យ៉ាងណាក៏ដោយ ក៏មុខជាគ្មានឡើយ ការកែប្រែណាមួយ ចំពោះកញ្ចប់ថវិកាអភិវឌ្ឍ ឃុំសង្កាត់ឆ្នាំ២០១៧។
ការស្នើសុំរបស់គេ គ្រាន់តែស្នើសុំយក«ប៉េ»ថា ខ្លួនឈឺឆ្អាលចំពោះសំណើរ បស់ពលរដ្ឋប៉ុណ្ណោះ។ ចំណែកឯថវិកាសម្រាប់ ឆ្នាំ២០១៨ នឹងត្រូវស្នើឡើង និងអនុម័តដោយរដ្ឋាភិបាលបច្ចុប្បន្ន។ តំណាងរដ្ឋាភិបាល ក៏ដូចជាតំណាងគណបក្សកាន់អំណាច បាននិយាយមុនបោះឆ្នោតរួចហើយថា ថវិការកន្លះលានដុល្លារមួយឆ្នាំ [សម្រាប់]មួយឃុំ មិនទាន់អាចទៅរួច នៅឡើយទេ។
បើដូច្នេះសួរថា តើរដ្ឋាភិបាលនឹងអនុម័ត ផ្ដល់ថវិកាឲ្យបក្សប្រឆាំងសម្រេចការសន្យា ចំពោះពលរដ្ឋដែរឬទេ? រដ្ឋាភិបាលប្រទេសណាខ្ញុំមិនដឹង ប៉ុន្ដែរដ្ឋាភិបាលបច្ចុប្បន្ន នឹងមិនអនុម័ត តាមគោលនយោបាយបក្សប្រឆាំងឡើយ។ ហើយនេះ ក៏មិនមែនជាកំហុស របស់បក្សកាន់អំណាចដែរ។ បក្សគេជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល គេត្រូវសម្រេចតាមគោលនយោបាយរបស់បក្សគេ។ ដូច្នេះ២០១៨ លុយកន្លះលានមួយឃុំ នៅតែអត់ទៀត។
ទោះបី២០១៨ឈ្នះឆ្នោត ក៏២០១៩នៅតែអត់ទៀត (បកស្រាយបន្ថែមខាងក្រោម)។ គណបក្សសង្គ្រោះជាតិដឹងច្បាស់ថា ការសន្យានេះទៅមិនរួចហើយ ប៉ុន្ដែគេនៅតែ សន្យាបែបនេះទៀត ព្រោះថាការសន្យាមួយនេះ វាពិតជាអាចទាក់យកសន្លឹកឆ្នោត ពីពលរដ្ឋមូលដ្ឋានបានមែន។ បែបនេះ បង្ហាញកាន់តែច្បាស់ថា ពួកគេបានបោកប្រាស់ពលរដ្ឋ ដោយប្រើសន្យាខ្យល់ ដើម្បីទាក់រាស្រ្តឆាន់(ស៊ី) មិនមែនគេធ្វើ ទៅតាមឆន្ទៈរាស្រ្តនោះទេ។ ខាងក្រោមនេះជា ការវែកញែកត្រួសៗ អំពីការសន្យាខ្យល់ របស់បក្សប្រឆាំង៖
ទី១) បក្សសង្គ្រោះជាតិពិតជាបាននិយាយ ដោយអន្លើៗថា គោលនយោបាយកន្លះលានដុល្លារ មួយឆ្នាំ[សម្រាប់]មួយឃុំនេះ គឺអនុវត្ដពេលដែលសង្គ្រោះជាតិឈ្នះឆ្នោតជាតិ២០១៨។ ប៉ុន្តែបើជាជាគោលនយោបាយថ្នាក់ជាតិ ហេតុម្តេចក៏គេនៅតែលើកយកវា មកឃោសនានៅថ្នាក់ឃុំសង្កាត់ទៅវិញ?
ទី២) នេះ គឺជាការដាក់សន្ទូច ទុកស្ទូចពលរដ្ឋ ក្នុងការបោះឆ្នោតជាតិ២០១៨ថា បើបងប្អូនចង់បានថវិការឃុំសង្កាត់ ៥០ម៉ឺនដុល្លារមួយ ឆ្នាំមួយ ឃុំចាំបាច់ត្រូវតែប្រឹង “ជួយបោះឆ្នោតឲ្យសង្គ្រោះជាតិ” ម្ដងទៀត ដើម្បីបានលុយនេះ មកអភិវឌ្ឍន៍ឃុំសង្កាត់។ ហើយគេនឹងបន្ដប្រាប់ពលរដ្ឋថា គេនឹងឈ្នះនៅឆ្នាំ ២០១៨ នេះជាក់ជាមិនខាន។ “មែនមិនមែនបងប្អូន?” ជាសំនៀង ដែលមេបក្សប្រឆាំងតែងតែប្រើចំពោះមុខពលរដ្ឋ។
ទី៣) ឧបមាថាឈ្នះឆ្នោតឆ្នាំ ២០១៨ ទៅចុះ ក៏ការសន្យានេះ មិនអាចអនុវត្តទៅបានដែរ ក្នុងឆ្នាំ២០១៨ ឬ២០១៩ដោយសារ៖
ក. ក្របខណ្ឌបច្ចេកទេស (ហេដ្ឋារចនាសម្ព័ន្ធហិរញវត្ថុ) ដែលមិនទាន់រាប់រងបាន នូវលំហូរថវិការកម្រិតនេះ
ខ. ក្របខណ្ឌធនធានមនុស្សដែលមិនទាន់មានសមត្ថភាព និងពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងធ្វើផែនការថវិការ ថ្នាក់ក្រោមជាតិ បើធ្វើបានក៏ក្នុងកម្រិតសាកល្បង (Pilot) ដែរ។
គ.ក្របខណ្ឌប្រសិទ្ធភាពការងារ។ រវាងក្រសួងអភិវឌ្ឍន៍ជនបទ ដេញថ្លៃធ្វើផ្លូវតែម្តង និងឲ្យឃុំនីមួយៗដេញថ្លៃធ្វើ។ បើ១០០០ ឃុំធ្វើ ការដេញថ្លៃ នោះការចំណាយប្រតិបត្តិការ នឹងកើនដល់ ១០០០ ដងដែរ។ ដើម្បីឲ្យពលរដ្ឋជឿថា គេបានលុយនោះមកពីណា គេក៏សន្យាថា នឹងលុបក្រសួងអភិវឌ្ឍន៍ជនបទចោល ដើម្បីគៀងគរថវិការ ទំលាក់ទៅថ្នាក់ក្រោមជាតិ។ គេថែមទាំងទាញឡូសិក (Logic) ពីខ្ទង់ថវិការជាតិដែលជា ចំណាយមិនទាន់បែងចែកថាជាចំនួន ដែលអាចយកទៅប្រើប្រាស់បាន។ តាមអ្នកជំនាញ ដែលយល់ពីវដ្តនៃដំណើរការ នៃការធ្វើផែនការថវិការជាតិបញ្ជាក់ថា ធាតុពិតទៅគ្មានខ្ទង់ណា ដែលមិនមានមុខងាររបស់វានោះទេ គ្រាន់តែគេដាក់នៅក្នុងខ្ទង់ មិនទាន់បែងចែកប៉ុណ្ណោះ។
ដូច្នេះការសន្យាបែបនេះ គឺជាការកុហកបោកប្រាស់ពលរដ្ឋសុទ្ធសាធ។ ហើយបើគេគ្មានចេតនា កុហកបោកប្រាស់ ក៏នេះជាការលើកឡើង ដែលមិនបានគិតពីជ្រុង នៃប្រសិទ្ធភាពការងារដែរ។ លោក យឹម សុវណ្ណ បានអះអាងថា «បើពួកបណ្ឌិតៗនិយាយថាធ្វើមិនកើត ខ្ញុំ! អនុបណ្ឌិតនឹងធ្វើឲ្យកើត»។
ទី៤) ការសន្យាមានចរឹតបន្លំពលរដ្ឋ៖ ទោះបីជាគេអះអាងថា គោលនយោបាយនេះធ្វើពេលខ្លួនឈ្នះឆ្នោតថ្នាក់ជាតិក៏ពិតមែន ក៏ប៉ុន្តែមាន អំណះអំណាងរឹងមាំ ដែលអាចទាញបញ្ជាក់បានថា ការសន្យារបស់សង្គ្រោះជាតិ មានចរិត និងចេតនាបន្លប់ពលរដ្ឋ ដើម្បីទាក់ចិត្តពលរដ្ឋ ឲ្យបោះឆ្នោតឲ្យខ្លួនឈ្នះឃុំសង្កាត់ភាគច្រើនសិន ដើម្បីកាន់កាប់អាសនៈព្រឹទ្ធសភាភាគច្រើន ដើម្បីខ្លួនអាចខ្ទាស់គណបក្សកាន់អំណាច។ ទាំងនោះ រួមមានការនិយាយភាសាខ្លីៗឲ្យពលរដ្ឋស្រួលចាំដូចជាថា បោះឲ្យសង្គ្រោះជាតិមួយឃុំបាន៥០ម៉ឺនដុល្លារ (សំណេររបស់លោក យឹម សុវណ្ណ ខ្លួនឯងផ្ទាល់។
ចំណែកឯលោកកឹម សុខា វិញនិយាយរហូតដល់ថា នឹងតំឡើងខ្ទង់នេះ ដល់១លានដុល្លារទៀតផង ក្រោយពេលគាត់ឈ្នះ)។ ក្រៅពីនោះ ប័ណ្ឌព័ត៌មានដែលសកម្មជនសង្គ្រោះជាតិដើរចែកតាមផ្ទះពលរដ្ឋ ត្បិតបានបញ្ជាក់ថា ថវិការនេះនឹងអនុវត្តបាន ក្រោយការឈ្នះឆ្នោតថ្នាក់ជាតិ ២០១៨ ប៉ុន្តែអ្នកដើរចែក ទំនងជាមិនបាននិយាយពន្យល់ដូច្នេះទេ។
ទី៥) លទ្ធផល នៃការបោះឆ្នោតឃុំសង្កាត់ពេលនេះ បង្ហាញច្បាស់ថា គណបក្សប្រជាជន នឹងកាន់កាប់តំណែងភាគច្រើន ក្នុងព្រឹទ្ធសភា ដែលវាឆ្លុះ បញ្ចាំងថាបើទោះបីជាសង្គ្រោះជាតិឈ្នះឆ្នោតឆ្នាំ ២០១៨ ក៏ដោយ ក៏ការអនុម័តច្បាប់នានា រួមទាំងច្បាប់ថវិការជាតិ នឹងនៅតែពិបាកទៅ រួចណាស់ បើកាលណាគ្មានការគាំទ្រ ពីបក្សកាន់អំណាច។
ម្យ៉ាងទៀត ដោយសារសង្គ្រោះជាតិ បានឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់១០០ ភាគរយ ពេញផ្ទៃប្រទេសហើយ ហេតុនេះ លទ្ធផលនៃការបោះឆ្នោតឆ្នោតឃុំសង្កាត់ពេលនេះ អាចឆ្លុះបញ្ចាំងពីលទ្ធផល នៃការបោះឆ្នោតថ្នាក់ ជាតិ (ឆ្នាំ២០១៨) ខាងមុខនេះ ថាសង្គ្រោះជាតិមិនអាចឈ្នះឆ្នោតលើសពី ៥០% បូកមួយបានទេ។ ហេតុនេះគ្រប់សេណារីយ៉ូ ទាំងឈ្នះឆ្នោត និងចាញ់ឆ្នោត សុទ្ធតែមិនអាចអនុវត្តគោលនយោបាយនេះ។ ការសន្យានឹងនៅតែជាការសន្យា គ្មានថ្ងៃលេចចេញ ជារូបរាងឡើយ (សន្យាខ្យល់)។
អ្វីដែលសង្គ្រោះជាតិត្រៀមប្រឈមមុខដោះសារ គឺក្រោយការប្រកាសជាផ្លូវការ ពីសមាសភាពមេឃុំថ្មី ដែលត្រូវចូលកាន់តំណែង មិនលែងទេមុខជាមានចលនាពលរដ្ឋមូលដ្ឋាន ដែលជាប់មេឃុំសង្គ្រោះជាតិ ទាមទារឲ្យអនុវត្ត នូវសន្យាផ្ដល់ថវិកាមកឃុំសង្កាត់ កន្លះលានមួយឆ្នាំ។ រឿងនេះវា ខុសពីរឿងទាមទារលុយប្រចាំខែ៤ម៉ឺន ដែលអាចដោះសារបានថា ជាគោលនយោបាយថ្នាក់ជាតិ។
ពលរដ្ឋដែលជឿថា ខ្លួនបោះឆ្នោតឃុំសង្កាត់ ឲ្យសង្គ្រោះជាតិដើម្បីបានថវិការ ៥០ម៉ឺនដុល្លារអភិវឌ្ឍន៍ឃុំសង្កាត់ មុខជាចោទសួររឿងនេះ។ បើពលរដ្ឋក្រោកឡើង ទាមទារការអនុវត្តសន្យាដោយខ្លួនៗឯង ឬដោយការរៀបចំណាមួយនោះ រឿងនេះពិតជាចំណេះជិះកឯង របស់សង្គ្រោះជាតិហើយ។ ជិះកឯងនៅត្រង់ថាគេសន្យាថា “នឹងបានពេលឈ្នះឆ្នោត” ដូច្នេះបើមានអ្នកជួយរំលឹកឲ្យពលរដ្ឋចាំរឿងនេះទៀត នោះសង្គ្រោះជាតិ មុខជាដូចបាយពុះហៀរគ្របឆ្នាំងមិនខាន។
ទី៦) ដើម្បីរួចផុតពីការទទួលខុសត្រូវនេះ គេក៏លេងល្បែងបន្លប់ពលរដ្ឋមួយឈុតទៀត គឺគេធ្វើជាគ្រោងលើកសំណើថវិការនេះទៅកាន់រដ្ឋសភា ទាំងខ្លួនដឹងថាគណបក្សប្រជាជន នឹងមិនអាចយល់ស្របតាមសំណើនេះទេ ព្រោះបក្សកាន់អំណាច ក៏មានគោលនយោបាយថវិការ ដែលគណបក្សគេបានដាក់ចេញពេលឃោសនាឃុំសង្កាត់នេះដែរ។ ដល់ពេលនោះសង្គ្រោះជាតិ នឹងមានលេសបោកពលរដ្ឋបន្ដទៀត ដោយប្រាប់ពលរដ្ឋទៀតថា ឃើញទេ! សង្គ្រោះជាតិមិនមែនមិនធ្វើទេ ប៉ុន្តែមកពីបក្សកាន់អំណាចបដិសេធសំណើថវិកានេះ។ មិនមែនកំហុសអូនទេ!
ល្បែងនយោបាយ ដែលមិនឈរលើភាពសុចរិត ដែលមានចេតនាបង្វែររឿង អាក្រក់ឲ្យទៅបក្សកាន់អំណាច ហើយយករឿងល្អៗ មកដាក់ខ្លួនបែបនេះ មិនបង្ករជាបរិយាកាលនយោបាយធូរស្រាលទេ។ ម្ខាងទៀតនឹងសងវិញឲ្យសក្តិសមនឹងអ្វី ដែលបានលេងគងលើគេ។ ដូចយើងដឹងស្រាប់ហើយ ថាការវាយភ្ជិតរន្ធបក្សប្រឆាំង ពិសេសប្រឆាំងខុសទំនង គឺជាជំនាញរបស់អ្នកការពារនីតិរដ្ឋ និងសន្តិភាពនេះស្រាប់ទៅហើយ។
ក្នុងបរិយាកាស នៃអំណាចប្រមូលផ្តុំ អ្នកនយោបាយសុចរិត ធ្វើតែរឿងដែលសុចរិតត្រឹមត្រូវផង នៅតែលំបាករកទីឈរជើងបាន ចុះទម្រាំចង់ មកលេងល្បែងទុច្ចរិតបែបនេះ ចំពោះគេ សួរថា តើនឹងបានសុខដែរឬទេ? ថាគណបក្សសង្គ្រោះជាតិទៅ ដែលមិនស្មោះត្រង់នឹងពលរដ្ឋ ប៉ុន្ដែប្រទេសយើងធ្លាក់ មកដល់ស្ថានភាពនេះ មួយចំណែក គឺមកពីពលរដ្ឋតែម្ដង ដែលគាំទ្រដាក់ជីស្រោចទឹកបន្ដជីវិត ឲ្យនយោបាយប្រជាភិថុត ដោយប្រើការសន្យាខ្យល់ បោកប្រាស់ពលរដ្ឋឲ្យរស់បន្ដ។
បើពលរដ្ឋលែងគាំទ្រអ្នកនយោបាយ ដែលកុហកបោកប្រាស់ នោះពួកគេមុខជាអស់ផ្លូវមិនខាន។ ពលរដ្ឋទៅជាបែបនេះ គឺមកពីពលរដ្ឋមានកំហឹង នឹងបក្សកាន់អំណាចខ្លាំងពេក រហូតដល់លែងគិតគូរ ថាអ្វីជាអ្វីគឺគិតតែពី ជ្រមុជក្បាលចង់ប្តូរៗៗៗ។ អ្វីដែលពលរដ្ឋរំពឹងថា នឹងបានប្រសើរឡើង ក្រោមការដឹកនាំរបស់មេឃុំសង្គ្រោះជាតិ បែរជាផ្ទុយទៅវិញ។
ហេតុនេះ បើចង់ផ្លាស់ប្តូរពិតប្រាកដ ជាបឋមគឺត្រូវតែប្តូរគណបក្សប្រឆាំងបច្ចុប្បន្ននេះចេញសិន។ មានតែការធ្វើនយោបាយដែល ឈរលើបាត គ្រឹះសុចរិត តាមរយៈការពន្យល់ពលរដ្ឋខ្មែរ ឲ្យយល់ទេ ទើបជាច្រកចេញ។ ឥរិយាបទនយោបាយសុចរិតមិនកាច់មួល មិនឆ្កឹះឆ្កៀល មិនលាបព៌ណ មិនញុះញង់ មិននាំគ្រោះថ្នាក់ដល់ជាតិ និងពលរដ្ឋទេ។ បែបនេះទើបបក្សប្រជាជនមានទំនុកចិត្តថា បើទោះជាខ្លួនចាញ់ក៏ គេនៅតែមាន អារម្មណ៍ថាគេនៅតែឈ្នះដដែល ហើយបើខ្លួនគេឈ្នះវិញនោះក៏គេនៅតែមានអារម្មណ៍ថាគេឈ្នះ។ នេះជាមេរៀនមួយសម្រាប់ជា ការពិចារណាសារជាថ្មី មុននឹងពលរដ្ឋសម្រេចចិត្ដក្នុងការបោះឆ្នោតជាតិ ឆ្នាំ ២០១៨៕
អត្ថបទស្ដីពី«ចំណេះជិះកឯង»ខាងលើ ត្រូវបានផ្ញើរមកទស្សនាវដ្ដី និងត្រូវបានចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព នៃការបញ្ចេញមតិ។ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើមរបស់អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល contact@monoroom.info៕