មន្ត្រីខ្មោច ៖ មាត្រា៣៤នៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បញ្ញត្តថា មន្ត្រីរាជការទាំងឡាយ មិនអាចឈប់ធ្វើការ ដោយគ្មានបានទទួលការអនុញ្ញាតជាមុន ពីថ្នាក់លើរបស់ខ្លួន ឬដោយគ្មានមូលហេតុត្រឹមត្រូវ។ ការឈប់ធ្វើការ ឬការខានទៅធ្វើការ ដោយគ្មានការអនុញ្ញាត ឬមូលហេតុត្រឹមត្រូវ អាចបង្ខំអ្នករាជការនោះ នៅទំនេរគ្មានបៀវត្ស ឬត្រូវផ្អាកបៀវត្ស។
អ្នករាជការនោះ អាចត្រូវទទួលទណ្ឌកម្មខាងវិន័យ ដូចមានចែងក្នុងមាត្រា៤០នៃច្បាប់ដដែលនេះ ដែលទណ្ឌកម្មខាងវិន័យ ត្រូវបានបែងចែក ជា២ថ្នាក់គឺទណ្ឌកម្មថ្នាក់ទី១ ជាទណ្ឌកម្មកម្រិតស្រាល មាន៤លំដាប់ និងទណ្ឌកម្មថ្នាក់ទី២ ជាទណ្ឌកម្មកម្រិតធ្ងន់ មាន៥លំដាប់។
ទោះជាច្បាប់បានចែងដូចនេះក្តី ក៏មានអង្គភាពមួយចំនួន មិនត្រឹមតែមិនបានអនុវត្តតាមច្បាប់ ឱ្យបានខ្ជាប់ខ្ជួននោះទេ ប៉ុន្តែថែមទាំងអនុវត្តផ្សេងពីច្បាប់ទៅវិញ។ តួយ៉ាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលជាគ្រឹះស្ថានចំណុះឱ្យក្រសួងសុខាភិបាល បានបង្កើតផ្នែកកិច្ចការទូទៅមួយ នៅក្នុងការិយាល័យរដ្ឋបាល សម្រាប់ដាក់មន្ត្រីណា ដែលអសកម្ម ឬមិនមកបំពេញការងារ ប៉ុន្តែអាចបើកប្រាក់ខែ តាមទូអេធីអឹម ដូចមន្ត្រីដែលមកធ្វើការដែរ។
ជាក់ស្តែង លោក ច័ន្ទ ម៉ក់សំបូរ ជាមន្ត្រីនៅក្នុងការិយាល័យរដ្ឋបាល ត្រូវបានក្រសួងសុខាភិបាល ដាក់ឱ្យចូលបម្រើការងារវិញ ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ មកម្ល៉េះ បន្ទាប់ពីស្ថិតក្នុងស្ថានភាពទំនេរ គ្មានបៀវត្សរយៈពេលមួយឆ្នាំមក ប៉ុន្តែលោក ច័ន្ទ ម៉ក់សំបូរ មិនដែលបានមកបំពេញការងារ បានកន្លះពេលឡើយ ពោលគឺមានមុខតែពេលមកសុំចុះហត្ថលេខា យូរៗម្តង (១ខែទៅ២ខែម្តង) ហើយចាំបើកប្រាក់ខែ និងទទួលអាចទទួលប្រាក់បុព្វលាភដូចមន្ត្រី និងបុគ្គលិកដ៏ទៃទៀតដែរ។
ក្រោយមកនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ពោលគឺរយៈពេលជិត៣ឆ្នាំ ក្រោយពីក្រសួងប្រកាស ឱ្យចូលបម្រើការងារវិញ ទើបលោក សំបូរ ត្រូវបានដាក់ឱ្យស្ថិត នៅក្នុងផ្នែកកិច្ចការទូទៅ ដែលផ្នែកនេះជាកន្លែងដែលអង្គភាពបង្កើតឡើង ដើម្បីព្យួរជើងមន្ត្រីប៉ុណ្ណោះ។
ស្ថានភាពនៃផ្នែកកិច្ចការទូទៅ គឺមន្ត្រីត្រូវមានវត្តមាន ជាប្រចាំទាំងពេលព្រឹក និងពេលរសៀល ប្រាក់ខែមិនត្រូវព្យួរនោះទេ ប៉ុន្តែត្រូវកាត់ប្រាក់បុព្វលាភប្រចាំខែ។
ការដែលដាក់លោក ច័ន្ទ ម៉ក់សំបូរ ចូលក្នុងផ្នែកកិច្ចការទូទៅ នេះ ដើម្បដើម្បីឱ្យសាមីខ្លួនកែប្រែកំហុស ហើយអាចផ្ទេរពីផ្នែកកិច្ចការទូទៅ មកក្នុងផ្នែកផ្សេងវិញ ផ្ទុយទៅវិញ សាមីខ្លួននៅតែបន្តមិនមកការិយាល័យ អនុវត្តតាមសេចក្តីសម្រេច របស់អង្គភាពនោះទេ ដែលប្រការនេះ កាន់តែបង្កភាពងាយស្រួលដល់លោក សំបូរ អវត្តមានដោយឥតច្បាប់ យ៉ាងសេរី និងបើកប្រាក់ខែចាយ ដ៏រំភើយទៅវិញ។
យោងតាមមាត្រាខាងលើ ករណីលោក ច័ន្ទ ម៉ក់សំបូរ តាមពិតត្រូវបានលុបចេញ ពីក្របខណ្ឌយូរណាស់ហើយ ប៉ុន្តែមិនដឹងថាលោក សំបូរ មានអំណាចអ្វី ឬមានអ្វីលាក់កំបាំងនៅពីខាងក្រោយ បានជាលោកប្រធានការិយាល័យរដ្ឋបាល និងលោកប្រធានអង្គភាព មិនចាត់វិធានការ ឱ្យបានត្រឹមត្រូវតាមច្បាប់ បែរជាទុកច្បាប់នៅដោយឡែក ហើយយកវិធានធ្លាក់ពីលើមេឃមកចាត់ការ ហើយបណ្តោយឱ្យមានមន្ត្រី ដេកស៊ីប្រាក់ខែរដ្ឋអត់ធ្វើការបែបនេះ?
តើដល់ពេល ដែលត្រូវកាត់សាច់ស្អុយនេះចេញ និងដុសក្អែលអ្នកពាក់ព័ន្ធ ចេញឬនៅ???
អត្ថបទស្ដីពី«មន្ត្រីខ្មោច»ខាងលើ ត្រូវបានផ្ញើរមកទស្សនាវដ្ដី និងត្រូវបានចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព នៃការបញ្ចេញមតិ។ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើមរបស់អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល contact@monoroom.info។