វិភាគ អត្ថាធិប្បាយ

សារព័ត៌មាន​បារាំង​៖ ត្រកូល​ហ៊ុន​មាន​ទ្រព្យ​មិន​តិច​ជាង ១ពាន់លាន​ដុល្លារ​

សារព័ត៌មានមួយរបស់ប្រទេសបារាំង បានលើកឡើងពីទំហំទ្រព្យសម្បត្តិ របស់ត្រកូល «ហ៊ុន» នៃនាយករដ្ឋមន្ត្រីកម្ពុជា ថាមានប្រមាណ​មិនតិចជាង ១ពាន់លាន​ដុល្លារ​ នោះ​ឡើយ។ ហើយនេះ គេនៅមិនទាន់រាប់ក្រុមគ្រួសារផៅសន្ដាន នៃអ្នកមាន​អំណាច​ផ្សេង​ទៀត ដែលត្រកូល ហ៊ុន បានចងសម្ព័ន្ធភាព ផ្សាសាច់ផ្សាឈាមជាមួយនោះផងទេ។

បើតាមការគណនា នៅលើទ្រព្យសម្បត្តិដែលត្រកូល ហ៊ុន នៃបុរសខ្លាំងកម្ពុជា បាន​ប្រកាស​​ឬបានឲ្យដឹងជាផ្លូវការ គេរកឃើញថា ទ្រព្យសម្បត្តិទាំងនេះ មានទំហំប្រមាណជា ២៥០លានដុល្លារ។ ប៉ុន្តែ បើតាមការគណនា​​ផ្សេងទៀត ដែលយកជាការបាន ឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ របស់បុរសខ្លាំងកម្ពុជារូបនេះ អាចមានទំហំមិនតិចជាង ១ពាន់លាន​ដុល្លារ​ ($ 1.000.000.000) ឡើយ។

នេះ បើតាមការអះអាងរបស់សារព័ត៌មាន «LIBERATION» របស់ប្រទេសបារាំង ដែលចេញ​ផ្សាយ កាលពីយប់ថ្ងៃទី៦ ខែកញ្ញា (ត្រូវជា​ព្រឹកថ្ងៃទី៧ ខែតុលា ម៉ោងនៅកម្ពុជា) ឆ្នាំ២០១៧ តាមរយៈអត្ថបទមួយ​មានចំណងជើងថា «កម្ពុជា៖ របបដឹកនាំដែលស្លន់ស្លោ កំពុងបង្ក្រាបយ៉ាងសាហាវ»។

ម្ចាស់អត្ថបទ​ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មានឯករាជ្យ លោក អារណូ ឌូប៊ូស (Arnaud Dubus) ជំនាញខាងការយកព័ត៌មាន ពីបណ្ដាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសពីប្រទេសកម្ពុជា និងប្រទេសថៃនោះ បានសរសេររៀបរាប់យ៉ាងច្រើន ពីព្រឹត្តិការណ៍​នយោបាយកម្ពុជា ដែលបានកើតឡើង នាប៉ុន្មានខែចុងក្រោយនេះ។

ជាពិសេស ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ដែលបង្កឲ្យមាន​ចំណាប់អារម្មណ៍ នៅពាសពេញ​ពិភពលោក ហើយដែលធ្វើឲ្យលោក អារណូ ឌូប៊ូស ចុះទៅយកព័ត៌មាន​ទាំងនេះដោយផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ។

មិនមែនមានតែការចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង ក្រោមបទចោទ«ក្បត់ជាតិ» នេះប៉ុណ្ណោះទេ អត្ថបទរបស់លោក ឌូប៊ូស នៅបាន​រៀបរាប់ឡើងវិញ ពីព្រឹត្តិការណ៍​ដែល​បានកើតឡើង តាំងពីច្រើនខែមុន មានតាំងពីការ«លួចស្ដាប់»កិច្ចសន្ទនាតាមទូរស័ព្ទ របស់ក្រុម​អ្នកវិភាគ​ឯករាជ្យ ក្រុមមន្ត្រីធ្វើការខាងសិទ្ធិមនុស្ស (…) រហូតមកដល់ការ​បិទ​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជាសារព័ត៌មាន «The Cambodia Daily» វិទ្យុអាស៊ីសេរី (RFA) និងបណ្ដាស្ថានីយវិទ្យុក្នុងស្រុក ចំនួនជាង២០ នោះជាដើម។

លោក អារណូ ឌូប៊ូស បានសរសេរថា៖

«បរិយាកាសនយោបាយ ដែលបានគ្រប់ដណ្ដប់លើប្រទេសកម្ពុជា បានបង្ក​ការព្រួយ​បារម្ភថា ការសេសសល់ចុងក្រោយ នៃប្រព័ន្ធប្រជាធិបតេយ្យ នឹងត្រូវបោសសំអាត ចោលបន្តទៀត។ ប្រព័ន្ធប្រជាធិបតេយ្យនេះ ត្រូវបានកំណត់និងបង្កើតឡើងវិញ នៅខែតុលាឆ្នាំ១៩៩១ ដោយកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ដែលបានបិទបញ្ចប់ ជម្លោះរាំងជល់ជាង២០ឆ្នាំ រវាងខ្មែរនិងខ្មែរ ជាពិសេសនៅក្នុងរយៈពេល រវាងពីរបប​ខ្មែរក្រហម និងមកដល់របបដឹកនាំមួយ ដែលត្រូវបានលើកបន្តុប នៅឆ្នាំ១៩៧៩ ដោយ​វៀតណាម និងដែលដឹកនាំចាប់ពីឆ្នាំ ១៩៨៥មក ដោយលោក ហ៊ុន សែន។»។

អត្ថបទសារព័ត៌មាន​បានពន្យល់ថា គឺ«លទ្ធផលដ៏គួរឲ្យបារម្ភ» នៃការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនាមុន ដែលជាមូលហេតុចម្បងមួយ បណ្ដាលឲ្យមាន ការផ្លាស់ប្ដូ​រ​បរិយាកាសនយោបាយ នៅថ្ងៃនេះ។

ទោះជាមាន​ការក្ដាប់អំណាច​យ៉ាងណែន នៅថ្នាក់មូលដ្ឋាន ដោយរដ្ឋបាលរបស់​គណបក្ស​កាន់អំណាច ការគម្រាមកំហែងម្ចាស់ឆ្នោត និងមានការទិញសន្លឹកឆ្នោតក៏ដោយ តែ​គណបក្ស​ប្រជាជន​កម្ពុជា បានបាត់បង់អំណាច នៅថ្នាក់មូលដ្ឋានយ៉ាងច្រើន។ ដូច្នេះ គេអាចប្រមើល​មើលឃើញថា គណបក្សប្រឆាំងនឹងអាចរកបានសម្លេងឆ្នោត បាន​កាន់តែ​ច្រើនថែមទៀត នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ បើប្រៀបធៀប​នឹងការបោះឆ្នោត ឆ្នាំ២០១៣ ដែលនៅពេលនោះ គណបក្សប្រឆាំង​បានកាន់កាប់​ឃុំសង្កាត់ តែត្រឹមចំនួន​ដ៏តិចតួចប៉ុណ្ណោះ។

អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ ដែលបាន​ចាកចេញពីប្រទេស ព្រោះបារម្ភពីការចាប់ចង​លើអ្នកស្រីនោះ បានថ្លែងតាមរយៈ​អត្ថបទថា៖

«លោក ហ៊ុន សែន កំពុងភ័យភិត ពីខ្លួនគាត់ និងពីគ្រួសារគាត់។ គាត់​មិនត្រឹមតែបារម្ភ ពីការបាត់បង់អំណាចនោះទេ តែគាត់ក៏បារម្ភ​ពីទ្រព្យសម្បត្តិ ដែលគាត់​សន្សំរកបាននោះដែរ។ គាត់ដូចជាវង្វេងវង្វាន់ អស់ហើយ។»។

សារព័ត៌មានបារាំង​បានសរសេររំលឹកឡើងវិញ ពីឃាតកម្ម​ទាំង​កណ្ដាលថ្ងៃ និងកណ្ដាល​រាជធានី សម្លាប់លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​នយោបាយ​ដ៏មានប្រជាប្រិយ កាលពីខែកក្កដា​ឆ្នាំទៅម៉ិញ ដោយហៅហេតុការណ៍ដ៏រន្ធត់នេះ ថាជាសញ្ញា​នៃការបង្ហាញ​​«មហិទ្ធិរិទ្ធិដ៏អស្ចារ្យ» ដើម្បីទាញប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ឲ្យធ្លាក់ដាំក្បាលចុះ។ ឃាតកម្មនេះ បានកើតឡើងពីរថ្ងៃ ក្រោយការថ្លែងរបស់លោក កែម ឡី នៅតាមវិទ្យុ ដែលពន្យល់និងវិភាគ​ទាក់ទងនឹង«ទ្រព្យសម្បត្តិ»​របស់ក្រុមគ្រួសារត្រកូល ហ៊ុន។

១ពាន់លាន​ដុល្លារ​ …

ទ្រព្យសម្បត្តិដែលមានទំហំច្រើនរយលាន និងចូលដល់ថ្នាក់ពាន់លានដុល្លារ ត្រូវបាន​អត្ថបទ​លើកមកបញ្ជាក់ ហើយទំហំនេះ ត្រូវបានគណនា សម្រាប់តែក្រុមគ្រួសារត្រកូល ហ៊ុន តែមួយប៉ុណ្ណោះ។ តែនៅមានច្រើនទៀត៖

«ព្រោះតាំងពីជាងបីទសវត្សន៍មកហើយ លោក ហ៊ុន សែន បានសង់មូលដ្ឋានគ្រឹះ នៃ​អំណាចរបស់លោក ដោយសារការធ្វើសម្បទាន និងការផ្ដល់ប្រយោជន៍ ទៅឲ្យក្រុមឧកញា និងអ្នកមានប្រាក់ ដ៏មានឥទ្ធិពលផ្សេងទៀត  ដែលបានជួយត្រឡប់មកលោកវិញ តាម​រយៈថវិកា និងការគាំទ្រផ្នែកនយោបាយ»។

អត្ថបទបានបន្តថា៖

«សែស្រឡាយរវាងលោក ហ៊ុន សែន និងក្រុមអ្នកមានប្រាក់ទាំងនេះ ដែលត្រូវបាន​ពង្រឹក​កាន់តែខ្លាំង តាមរយៈចំណងអាពាហ៍ពិពាហ៍ និងការផ្សាសាច់​ផ្សាឈាម​គ្នានោះ ទទួល​បាន​​ភាពកាក់កប​យ៉ាងសម្បើម ក្នុងការរកប្រាក់ ដែលជា​ញឹកញយ កើតចេញពី​ការធ្វើ​អាជីវកម្ម លើធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដែលកំពុង​ឈានទៅរក​ការបាត់បង់ យ៉ាងឆាប់រហ័ស»។

លោក សេបាស្ទៀង ស្ត្រេនជោ (Sebastian Strangio) អ្នកនិពន្ធសៀវភៅ «កម្ពុជា របស់ ហ៊ុន សែន» បានថ្លែងពន្យល់​ឡើងដូច្នេះ៖

«គោលការណ៍ចម្បង​នៃសែស្រឡាយនេះ ឈរនៅលើជំហរ​នៃភាពស្មោះស្ម័គ្រ (ពីសំណាក់​ក្រុមអ្នកមានប្រាក់) ដោយប្ដូរបានមកវិញ នូវការការពារ (ពីសំណាក់លោក ហ៊ុន សែន)។ លោក ហ៊ុន សែន មិនបានបង្កើត​គោលការណ៍នេះមកទេ តែវាជាទំនៀមទម្លាប់​រវាង​”ចៅហ្វាយ និងបាវបម្រើ” ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ នៅក្នុងសង្គមខ្មែរ។ ប៉ុន្តែទំនៀមទម្លាប់នេះ ត្រូវបានលោក ហ៊ុន សែន កែប្រែឲ្យក្លាយ​ជាប្រព័ន្ធ​នយោបាយ​មួយ ដែលចាក់ឫស​យ៉ាងរឹងមាំ​​ជាទីបំផុត។»

អ្នកនិពន្ធសៀវភៅខាងលើ បានបន្តថា៖

«បើតាមពាក្យទាំងនេះ បានសេចក្ដីថា (លោក ហ៊ុន សែន) មិនមែនជា”ជនផ្ដាច់ការ»​នោះទេ។ លោក ហ៊ុន សែន មានអំណាចបាន គឺវាអាស្រ័យ​ទៅនឹងភាពស្មោះស្ម័គ្រ ដែល​ទទួលបានពីសែស្រឡាយ នៃសម្ព័ន្ធភាពរបស់លោក។ ក្នុងចំណោមនោះ ក្រុមអ្នក​មាន​ប្រាក់​មួយភាគធំ ជាពិសេស​នៅតាមបណ្ដាខេត្ត អាចធ្វើអ្វី​បានតាមអំពើចិត្ត ចាប់ពីពេល​ដែលពួកគេ គ្រាន់តែទទួលយល់ព្រមថា លោក ហ៊ុន សែន ជាមេដឹកនាំកំពូល​និងបន្ទាប់មក គ្រាន់តែបញ្ជូនប្រាក់​ទៅកាន់អំណាចកណ្ដាល តែប៉ុណ្ណោះនោះ។»។

ប្រព័ន្ធដឹកនាំរបៀបនេះ នឹងធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយទៅជា«រដ្ឋម៉ាហ្វីយ៉ា (Etat mafieux)» ក្នុងថ្ងៃណាមួយ។ នេះ បើតាមអត្ថបទ​របស់សារព័ត៌មាន​ដដែល។ សារព័ត៌មានបារាំង បានបញ្ជាក់ទៀតដូច្នេះ៖

«រដ្ឋម៉ាហ្វីយ៉ា ដែលគ្របដណ្ដប់​ដោយ​អំពើ​ពុករលួយ នឹងការពារតែក្រុមអ្នកមានអំណាច មួយក្ដាប់តូច ហើយបោះបង់ចោល នូវតម្រូវការចំពោះមុខ នៃប្រជាជនកម្ពុជាភាគច្រើន ដែលមានប្រមាណជា ៩លាននាក់ នៅតាមស្រុកស្រែចំការ»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។