បាល់ទាត់

ហ្សីណាឌីន ហ្សីដាន នឹងចូលរួម​ការប្រកួត​ថ្ងៃសៅរ៍ បន្ទាប់ពី​អវិជ្ជមានកូវីដ

លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) គ្រូបង្វឹករបស់ក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ត្រូវបានធ្វើតេស្ដិ៍រកមេរោគ «Covid-19» បង្ហាញលទ្ធផល​អវិជ្ជមាន ក្នុងថ្ងៃសុក្រនេះ។ លទ្ធផលដ៏ល្អ ដែលអនុញ្ញាតឲ្យលោក នឹងមានវត្តមាន នៅក្នុងការប្រកួត ទល់នឹងក្រុម «Osasuna» នៅថ្ងៃសៅរ៍ស្អែក។ នេះ បើតាមប្រភពមួយ ដែលស្និតនឹងក្រុមបាល់ទាត់ខាងលើ។

យ៉ាងណាក៏ដោយ លោក ហ្សីដាន បានបង្ហាញមុខ នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងរសៀលថ្ងៃសុក្រនេះ ដែលជាទម្លាប់ នៅរៀងរាល់​មុនការប្រកួត​មួយថ្ងៃ។

គ្រូបង្វឹកជាតិបារាំង​រូបនេះ ត្រូវបានដាក់​ឲ្យនៅដោយឡែក តាំងពីច្រើនថ្ងៃមកហើយ បន្ទាប់ពីលោក បានប៉ះពាល់ជាមួយអ្នកជំងឺ «Covid-19» បើទោះជាលោក បានធ្វើតេស្ដិ៍​ជាបន្តបន្ទាប់ រកមិនឃើញមេរោគ​ដ៏ចង្រៃនេះក្ដី។ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ លោក«ហ្សីហ្សូ» មិនបានដឹកនាំការហ្វឹកហាត់ របស់ក្រុមរៀលទេ។

ប្រភពបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីមិនបានរកឃើញមេរោគ «Covid-19» ស្ថាប័នរៀបចំការប្រកួត ក្របខណ្ឌ«la Liga»​បានយល់ព្រម ឲ្យលោក ហ្សីដាន អាចធ្វើដំណើរ​ជាមួយក្រុមកីឡាករ ឆ្ពោះទៅកាន់ក្រុង «Pampelune» (ភាគខាងជើងប្រទេសអេស្ប៉ាញ) ដើម្បីដឹកនាំ ក្រុមរៀល ក្នុងការប្រកួតទល់នឹងក្រុម «Osasuna»៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។