បាល់ទាត់

សន្ទុះជើងផ្ដាច់«ក»​ប្រចាំឆ្នាំ២០២១ លើទីលាន​បាល់ទាត់​ នៅទួរគី

ជាហេតុការណ៍ដ៏ហួសចិត្ត លើទីលាន​បាល់ទាត់ ក្របខណ្ឌដណ្ដើមជើងឯកបូកពិន្ទុ ជុំទី៣០ នៅក្នុងប្រទេសទួរគី នារសៀល​ថ្ងៃអាទិត្យទី១៤ ខែមីនានេះ។

ខ្សែការពាររបស់ក្រុម «Denizlispor» កីឡាករ «Özer Özdemir» ទំនងជាភ្លេចគិតថា មានគូប្រកួតខ្លួន​នៅខាងក្រោយ ទើបលើកជើងឡើងដ៏ខ្ពស់ ដើមត្រៀមទប់បាល់ ដែលទាត់មកពីខ្សែបម្រើរបស់ក្រុម «Gaziantep» ដែលជាគូប្រជែង​របស់ខ្លួន។

តែសន្ទុះជើង«ផ្ដាច់ព្រលឹង» របស់កីឡាករ «Özer Özdemir» បានបញ្ចប់ទៅ នៅត្រង់កញ្ចឹង«ក»របស់កីឡាករ «Junior Maranhao» ដែលជាខ្សែស្លាបឆ្វេងរបស់ក្រុម «Gaziantep»។

បន្ទាប់ពីទទួលកាតក្រហម ពីអាជ្ញាកណ្ដាលរួច កីឡាករ «Özer Özdemir» បានសំដែងការសោកស្ដាយ ដោយបានចូល​ទៅសួរសុខទុក្ខ កីឡាកររងគ្រោះ ដែលអាចងើបឡើងវិញ និងបន្តការប្រកួតទៅមុខបាន។

កាតក្រហម (ស្មើនឹងការបណ្ដេញចេញ ពីការប្រកួត) របស់កីឡាករខាងលើ បានកាត់បន្ថយកម្លាំង របស់ក្រុម «Denizlispor» និងបានធ្វើឲ្យក្រុមនេះ ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ នៅទីបញ្ចប់នៃការប្រកួត ដោយគ្រាប់បាល់ ២-០៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។