ជាព្រឹត្តិការណ៍ ដែលគ្មាននរណាស្មានដល់ ! ក្រុមប៉ារីស (Paris Saint-Garmain – បារាំង) បានបណ្ដេញលោក តូម៉ាស់ ធូហែល (Thomas Tuchel) គ្រូបង្វឹកជាតិអាល្លឺម៉ង់ មួយថ្ងៃមុនបុណ្យណូអែល ពោលគឺនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែធ្នូនេះ និងមួយថ្ងៃក្រោយជ័យជំនះ របស់ក្រុមប៉ារីស លើក្រុម ស្ត្រាស្បួរ៍ (Strasbourg – បារាំង) ដោយពិន្ទុ៤-០។
ទោះជាដំណឹងបណ្ដេញគ្រូបង្វឹកចេញ មិនទាន់ប្រកាសជាផ្លូវការ ចេញពីក្រុមប៉ារីសនៅឡើយនោះ តែសម្រាប់សារព័ត៌មានកីឡាបារាំង ឈ្មោះ «L’équipe» បានអះអាងថា លោក ធូហែល ត្រូវបានជូនដំណឹង អំពីការបណ្ដេញរូបលោកចេញ ក្នុងយប់ថ្ងៃពុធ ទី២៣ ចូលមកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែធ្នូ រួចជាស្រេចហើយ។
បើសិនជាលទ្ធផល ដែលក្រុមប៉ារីសទទួលបាន នៅក្នុងក្របខណ្ឌអ៊ឺរ៉ុប «Champions League» មានភាពគាប់ប្រសើរ (លេខ១ នៅក្នុងពូល H) ក្ដី តែលទ្ធផលនៃរាល់ការប្រកួត នៅក្នុងក្របខណ្ឌ «Ligue 1» ដែលជាការប្រកួតវិលជុំ បូកពិន្ទុដណ្ដើមជើងឯក ក្នុងប្រទេសបារាំង (លេខ៣មកដល់ថ្ងៃនេះ) ទំនងជាមិនបានធ្វើឲ្យមេដឹកនាំក្រុមយក្សមួយនេះ សប្បាយចិត្តទេ។
ជាពិសេស តាំងពីដើមរដូវកាល ២០២០-២០២១នេះមក ក្រុមប៉ារីស បានប្រកួតចាញ់ក្រុម៖
ស្ថានភាពរបស់គ្រូបង្វឹក «Thomas Tuchel» ទំនងជាកាន់តែផុយស្រួយថែមទៀត បន្ទាប់ពីលោកបានបញ្ចេញយោបល់ រិះគន់ការផ្ទេរ-ទិញកីឡាករ កាលពីអំឡុងខែតុលាកន្លងមក ដែលដឹកនាំដោយនាយកបច្ចេកទេសកីឡារបស់ក្រុម គឺលោក «Léonardo»។
ចុងក្រោយបំផុតនេះ គ្រូបង្វឹកជាតិអាល្លឺម៉ង ថែមបានផ្ដល់បទសម្ភាស ទៅឲ្យទូរទស្សន៍អាល្លឺម៉ង់ ឈ្មោះ «Sport1» (ចេញផ្សាយ កាលពីថ្ងៃពុធទី២៣ ខែធ្នូម្សិលម៉ិញ) ដោយលោកបានលើកឡើង នូវចំណុចមួយចំនួន ដែលទំនងជាខុស ពីគោលការណ៍កីឡា របស់ក្រុមប៉ារីស និងដែលធ្វើឲ្យមេដឹកនាំក្រុម មិនពេញចិត្ត។
យ៉ាងណា សារព័ត៌មានកីឡាបានរាយការណ៍បន្ថែមថា គម្រោងបណ្ដេញលោក តូម៉ាស់ ធូហែល ត្រូវបានត្រៀមទុក តាំងពីច្រើនថ្ងៃ (ឬច្រើនសប្ដាហ៍) មុនមកម្លេះ។ តែក្រុមប៉ារីស ចង់រង់ចាំរហូតដល់វិស្សមកាលចុងឆ្នាំ ទើបប្រកាសដំណឹងនេះ ចេញជាសាធារណៈ។
សារព័ត៌មានខ្លះ អះអាងទៀតថា ការបណ្ដេញគ្រូបង្វឹករូបនេះ ដោយហេតុមកពីលោក បានបាត់បង់ឥទ្ធិពល ទៅលើកីឡាករ ដែលសុទ្ធសឹង ជាកំពូលកីឡាករល្បីៗ កម្រិតពិភពលោក ដូចយ៉ាងកីឡាករ ណីម៉ា (Neymar Jr) និងអឹមបាពេ (Kylian Mbappé) ជាដើម៕