បាល់ទាត់

ណីម៉ា ចំអកឲ្យព័ត៌មាន ដែលថា​ខ្លួនជប់លៀង​សម្រាប់ភ្ញៀវ​៥០០នាក់

កំពូលតារាបាល់ទាត់ជាតិប្រេស៊ីល របស់ក្រុម ប៉ារីស (Paris Saint-Garmain – បារាំង) កីឡាករ ណីម៉ា (Neymar Jr) បានចំអក​ឲ្យព័ត៌មានចចាមអារាម ដែលថា​ខ្លួនជប់លៀង​សម្រាប់ភ្ញៀវ​៥០០នាក់ នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ ដែលស្ថិតនៅក្បែរក្រុង «Rio de Janeiro» ដោយធ្វើការបង្ហោះ នៅលើបណ្ដាញ​សង្គមអ៊ិនស្ដាហ្គ្រាម នូវវីដេអូមួយ និងពាក្យប៉ុន្មានម៉ាត់។

ក្នុងវីដេអូនោះ គេឃើញកំពូលខ្សែប្រយុទ្ធ ជាតិប្រេស៊ីល ថតបង្ហាញពីការទទួលទានអាហារឆ្លងឆ្នាំ ២០២០-២០២១ ក្នុងយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលធ្វើឡើងត្រឹមតែរវាងក្រុមគ្រួសារ និងមិត្តភ័ក្រប៉ុណ្ណោះ ដែលខុសឆ្ងាយ ពីការជប់លៀងដ៏មហាធំមួយ សម្រាប់ភ្ញៀវ​៥០០នាក់។

តាំងពីច្រើនថ្ងៃមកហើយ សារព័ត៌មានក្នុងប្រទេសប្រេស៊ីល បានផ្សាយព័ត៌មាន ជាបន្តបន្ទាប់ អះអាងថា កីឡាករ ណីម៉ា បានរៀបចំ​ពិធីជប់លៀង ដ៏ធំដុំមួយ នៅនឹងក្រុងឆ្នេរសមុទ្រមួយនេះ នៅខណៈដែលប្រទេសប្រេស៊ីល កំពុងរងការរាតត្បាត នឹងជំងឺកូវីដ-១៩ (Covid-19) បង្កឲ្យមានមនុស្សស្លាប់រាប់ម៉ឺននាក់ មកទល់នឹងថ្ងៃនេះ។ 

ព័ត៌មានទាំងនោះ ដែលត្រូវបានដកស្រង់ យកមកផ្សាយបន្ត នៅពាសពេញពិភពលោក ជាពិសេសនៅក្នុងប្រទេសបារាំង បានបង្ក​ឲ្យផ្ទុះការរិះគន់​មិនតិចទេ ចំពោះកីឡាករ។

ប៉ុន្តែនៅក្នុងវីដេអូចំអក តារាបាល់ទាត់ដ៏ល្បីឈ្មោះ បានថ្លែងឡើង ដោយសើចខ្លះផងថា៖

«មានការតុបតែងដ៏ស្រស់ស្អាត សម្រាប់ការទទួលទានអាហារ ពេលល្ងាចដ៏សាមញ្ញ នៅនឹងផ្ទះ ដោយគោរពតាមគម្លាតសង្គម (…) អត់មានភ្ញៀវចូលរួម ដល់ទៅ៥០០នាក់ទេ… ដឹងឬនៅ?»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។