ណីម៉ា (Neymar Jr) សប្បាយចិត្តជាងពេលណាទាំងអស់ ដែលបានលេង នៅជាមួយក្រុមប៉ារីស (Paris Saint-Germain – បារាំង)។ នេះ ជាការអះអាងឡើង របស់កំពូលកីឡាជាតិប្រេស៊ីល នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ដែលនឹងប្រព្រឹត្តិទៅ ក្នុងយប់ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ស្អែក។
ក្រុមប៉ារីស ត្រូវជួបប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងជុំទីមួយ ទល់នឹងក្រុម មេនឆេស្ទ័រស៊ីធី (Manchester City – អង់គ្លេស) ដែលជាការប្រកួតដ៏សំខាន់មួយ រវាងក្រុមទាំងពីរ ក្នុងដំណើរឈានទៅដណ្ដើមតំណែង ជាជើងឯកអ៊ឺរ៉ុប ប្រចាំរដូវកាល។
ខ្សែប្រយុទ្ធ កីឡាករ ណីម៉ា ដែលត្រូវបានផ្ទេរពីក្រុមបាសឺឡូន (Barcelonna Fc – អេស្ប៉ាញ) មកកាន់ក្រុមប៉ារីស តាំងពីឆ្នាំ២០១៧ ដើម្បីជួយក្រុមប៉ារីស ក្នុងការដណ្ដើមតំណែងខាងលើ មិនត្រូវបានគេមើលឃើញថា ជាកីឡាករដែលសប្បាយចិត្ត ក្នុងការលេងឲ្យក្រុមប៉ារីសនោះទេ។ មិនត្រឹមតែប៉ុណ្ណឹង កំពូលខ្សែប្រយុទ្ធថែមទាំងទាមទារ វិលទៅកាន់ក្រុមបាសឺឡូនវិញ នៅចុងរដូវកាល ឆ្នាំ២០១៩នោះថែមទៀតផង។
តែនៅថ្ងៃនេះ កីឡាករ ណីម៉ា បានប្រកាសផ្ទុយពីនេះ ដោយអះអាងថា ខ្លួន«សប្បាយចិត្តជាងពេលណាទាំងអស់» ដែលបាននៅលេងជាមួយក្រុមប៉ារីស ហើយបានទទួលស្គាល់ថា ខ្លួនពិតជាមួយបញ្ហា«ពិបាកផ្សាំខ្លួន» នៅពេលដំបូង។ កីឡាករបាននិយាយថា៖
«ខ្ញុំមានបញ្ហាពិបាកផ្សាំខ្លួន នៅពេលមកដល់ដំបូង។ តែពេលនេះ ខ្ញុំបានជំនះបញ្ហាទាំងនេះបានហើយ។ ខ្ញុំបានព្យាយាមហ្វឹកហាត់ជាច្រើន (…) នៅថ្ងៃនេះ ខ្ញុំសប្បាយចិត្តជាងពេលណាទាំងអស់។»
នៅចំពោះសំណួរ នៃការបន្តកិច្ចសន្យាទាត់បាល់ កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល បានថ្លែងថា ខ្លួនកំពុងចរចាជាមួយក្រុមប៉ារីស ដែលប្រព្រឹត្តិទៅ ដូចធម្មតា។ កីឡាករបន្តថា៖
«ខ្ញុំសប្បាយចិត្ត ជាមួយរដូវកាលរបស់ខ្ញុំ ដែលនៅទាត់ជាមួយក្រុមប៉ារីស។ ទាក់ទងនឹងពានរង្វាន់បាល់មាស ខ្ញុំមិនបានខ្វាយខ្វល់ទេ។ គោលដៅរបស់ខ្ញុំ គឺត្រូវឈ្នះពាន “Champions League” ជាមួយក្រុមប៉ារីស៕»