បាល់ទាត់

ណីម៉ា រងបណ្ដឹងមួយពីបទ​រើសអើង ប្រឆាំង​ជន​ស្រឡាញ់​ភេទដូច នៅ​ប្រេស៊ីល

តារារបស់ក្រុមប៉ារីស (Paris Saint-Germain – បារាំង) កីឡាករ ណីម៉ា (Neymar) កំពុង​រងបណ្ដឹងមួយ ពីបទរើសអើង ប្រឆាំង​ជន​ស្រឡាញ់​ភេទដូច នៅក្នុង​ប្រទេស​ប្រេស៊ីល។

បណ្ដឹងដែលដាក់ឡើង ទៅស្ថាប័នអយ្យការ​ក្រុង «Sao Paulo» ដោយសកម្មជន​ការពារ​សិទ្ធិ អ្នក​ស្រឡាញ់ភេទដូច ធ្វើឡើងក្រោយការបែកធ្លាយ សារសម្លេងមួយ ​របស់​ខ្សែ​ប្រយុទ្ធ​រូបនេះ ដែលបាន​ហៅបុរសម្នាក់ ដែលជាសង្សារបស់ម្ដាយខ្លួន ថាជា​«ប្រុសខ្ទើយ»។

ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក ស្ថាប័នអយ្យការ នៃក្រុង«Sao Paulo» អះអាង​កំពុង​ត្រូវបានរដ្ឋអាជ្ញា ធ្វើការពិនិត្យ តែនៅមិនទាន់អះអាងថា ខ្លួននឹងសម្រេច​បើក​ការស៊ើបអង្កេត ឬយ៉ាងណានៅឡើយ។

សកម្មជនការពារសិទ្ធិ អ្នកស្រឡាញ់ភេទដូច លោក «Agripino Magalhaes» បាន​ប្រកាស​ឲ្យដឹងថា លោកបានដាក់បណ្ដឹង ប្រឆាំងនឹងកីឡាករ ណីម៉ា ពីបទចោទ ចំនួនពីរករណី គឺ«ឧក្រិតដ្ឋកម្ម ប្រឆាំង​ជន​ស្រឡាញ់​ភេទដូច និងការញុះញង់ ឲ្យមាន​ការស្អប់ខ្ពើម»។

លោក «Agripino Magalhaes» បានបន្ថែមថា លោកកំពុងស្នើឲ្យ​មេធាវី ទាមទារ​ទៅតុលាការ ដើម្បី​ដកហូត​លិខិតឆ្លងដែន របស់កីឡាករ ដើម្បីអ្វីមួយ ដែល​សកម្មជនរូបនេះ អះអាងថា ខ្លាចកីឡាករ​​ខ្សែប្រយុទ្ធ គេចចេញ​ពីការផ្ដន្ទាទោស របស់​ប្រព័ន្ធ​យុត្តិធម៌​ប្រេស៊ីល។

ការជេបញ្ចោរ​ជាលក្ខណៈឯកជន របស់កីឡាករ ណីម៉ា បានបែកធ្លាយ នៅក្នុងរយៈពេល​ចុង​ក្រោយ​នេះ នៅតាមបណ្ដាញផ្សព្វផ្សាយ។

ពាក្យសំដីនោះ ជាការជជែក​ជាមួយ​មិត្តភ័ក្រ ហើយត្រូវបានគេស្ដាប់ឮថា ខ្សែប្រយុទ្ធ​ដ៏ល្បីឈ្មោះ បានហៅលោក «Tiago Ramos» ដែលជាសង្សាអាយុ២៣ឆ្នាំ របស់ម្ដាយខ្លួន អាយុ៥២ឆ្នាំ ថាជា«ប្រុសខ្ទើយ» និងជា«Bugger (ដែលចូលចិត្តសេពកាម តាមរន្ធគូទ)។

ក្នុងសារដដែល គេឮសូរមិត្តភ័ក្រម្នាក់ របស់កីឡាករ ណីម៉ា បាននិយាយបន្ថែមថា ត្រូវយក​​«អំបោស បុកប្រហោងគូទ»របស់បុរស ដែលជាសង្សាវ័យក្មេងរូបនោះ។

អ្នកស្រី «Nadine Gonçalves» ម្ដាយអាយុ៥២ឆ្នាំ របស់កីឡាករ ណីម៉ា បានប្រកាស​ជា​សាធារណៈ  កាលពីខែមេសា ឲ្យដឹងអំពី​ទំនាក់ទំនងស្នេហា របស់អ្នកស្រី ជាមួយលោក «Tiago Ramos» ដែលមានអាយុ២៣ឆ្នាំ។

នៅបន្តិចក្រោយមក បណ្ដាញសារព័ត៌មាន បានរកឃើញថា បុរសសង្សាវ័យក្មេង ជាមនុស្សស្រឡាញ់ភេទទាំងពីរ (រួមភេទ ទាំងជាមួយ​មនុស្សប្រុស និងស្ត្រី)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។