អតីតជើងឯកឆ្នាំមុន ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) បានផ្ដល់មេរៀន យ៉ាងចាស់ដៃ ដល់ក្រុម លីវើភូល (Liverpool) ដែលទើបឈ្នះជាជើងឯក ក្នុងឆ្នាំនេះ។
ក្នុងការប្រកួសជុំទី៣២ នៃក្របខណ្ឌបូកពិន្ទុ «Premier League» យប់ថ្ងៃព្រហស្បត្តិ៍ ទី២ ខែកក្កដានេះ ក្រុម មេនស៊ីធី ដែលកំពុងឈរ លើចំណាត់ថ្នាក់លេខ២ បានលត់ក្រុម ហង្សក្រហម ដោយគ្រាប់បាល់ ៤ ទល់នឹង០។
កាលពីសប្ដាហ៍មុន ក្រុម លីវើភូល បានក្លាយជាជើងឯក របស់ចក្រភពអង់គ្លេស បន្ទាប់ពីក្រុម មេនស៊ីធី ដដែលនេះ បានប្រកួតចាញ់ក្រុម ឆែលស៊ី (Chelsea) ដោយហេតុថាក្រុម លីវើភូល មានពិន្ទុនាំមុខក្រុម មេនស៊ីធី ដល់ទៅ២៣ពិន្ទុ ហើយការប្រកួតក្នុងក្របខណ្ឌបូកពិន្ទុ នៅសល់តែ ៧ប្រកួតទៀតប៉ុណ្ណោះ។
នៅមុនការប្រកួត ក្នុងយប់ថ្ងៃព្រហស្បត្តិ៍នេះ ក្រុម មេនស៊ីធី ក៏បានឈរជាជួរ ដើម្បីទះដៃគោរព ដល់ជើងឯកថ្មីថ្មោងដែរ។ តែក្រោយពីទះដៃអបអររួច ក្រុម មេនស៊ីធី ក៏បានបំបាក់មុខក្រុម ហង្សក្រហម យ៉ាងចាស់ដៃវិញដែរ។
គ្រាប់បាល់ទាំង៤ របស់ក្រុម មេនស៊ីធី រកបានដោយកីឡាករ «Kevin De Bruyne» នៅនាទីទី២៥ (បាល់ពិន័យ១១ម៉ែត្រ) – កីឡាករ «Raheem Sterling» នៅនាទីទី៣៥ – កីឡាករ «Phil Foden» នៅនាទីទី៤៥ និងកីឡាករ «Alex Oxlade-Chamberlain» នៅនាទីទី៦៦ (ទាត់ចូលទីខ្លួនឯង)៕