ជាថ្មីម្ដងទៀត និង ជាលើកទី៧ កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានលើកពាន «បាល់មាស» ក្នុងយប់ថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលរៀបចំឡើងដោយសហគ្រាសទស្សនាវដ្ដី «France Football» ជំនាញខាងបាល់ទាត់ របស់ប្រទេសបារាំង។
ក្នុងឆ្នាំនេះដែរ កីឡាករ ម៉េស៊ី បានឈ្នះពាន«Copa America» សម្រាប់ប្រទេសអាហ្សង់ទីន និងស្ថិតក្នុងព្រឹត្តិការណ៍ដ៏រំជើបរំជួល នៃការចាកចេញពីក្រុមអ្នកមានបុណ្យ បាសឺឡូន (Barcelonna – អេស្ប៉ាញ) មកចុះកិច្ចសន្យាទាត់ឲ្យក្រុម ប៉ារិស ដែលអ្នកផងស្គាល់ថា ជាក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង។
ខ្សែប្រយុទ្ធជាតិអាហ្សង់ទីន អាយុ៣៤ឆ្នាំ បានឈ្នះ«បាល់មាស» ឆ្នាំ២០២១ ដោយទទួលបានការបោះឆ្នោត ពីសំណាក់បណ្ដាអ្នកសារព័ត៌មាន និងអ្នកជំនាញខាងកីឡា ចំនួន១៨០នាក់ (ពីក្នុងចំណោម១៨០ប្រទេស សមាជិកសហព័ន្ធបាល់ទាត់ពិភពលោក)។
កីឡាករ ម៉េស៊ី ទទួលបានការបោះឆ្នោតចំនួន ៦១៣ពិន្ទុ ឈ្នះកីឡាករ រ៉ូប៊ែរ ឡេវិនដូស្គី (Robert Lewandowski) ខ្សែប្រយុទ្ធរបស់ក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) ដែលទទួលបានការបោះឆ្នោត ត្រឹមតែ៥៨០ពិន្ទុ។