ពិភពលោក

ដកទាហាន​«១២នាក់»​ចេញពី​កងសន្តិសុខ ក្នុងពិធីស្បថ​របស់ ចូ បៃដិន

ទាហានឆ្មាំជាតិអាមេរិកាំង​ចំនួន ១២នាក់ ត្រូវបានដកចេញ​ពីជួរកងសន្តិសុខ ដែលដាក់ពង្រាយ​ដើម្បីការពារសណ្ដាប់ធ្នាប់ និងសន្តិសុខ ក្នុងពិធីស្បថ​ចូលកាន់តំណែង របស់លោក ចូ បៃដិន (Joe Biden) ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក។ ចំណាត់ការនេះ ធ្វើឡើង​នៅក្នុងនីតិវធីផ្លូវច្បាប់ ដើម្បីស្វែងរកសមាសភាព ដែលមានទំនាក់ទំនង ជាមួយនឹងក្រុមនិយមជ្រុល។

មន្ទីរប៉ង់តាហ្គោល (Pentagone – ក្រសួងការពារជាតិអាមេរិក) បានប្រកាសឲ្យដឹង ពីចំណាត់ការនេះ បន្ទាប់ពីរបាយការណ៍ជាច្រើន បានរកឃើញថា ភ្នាក់ងារនគរបាល និងទាហានដែលស្លៀកពាក់ស៊ីវិល បានចូលរួមក្នុងព្រឹត្តិការណ៍ទន្ទ្រានកាប់កាប់វិមានកាពីតូល (Capitole – វិមានសភាអាមេរិក) កាលពីថ្ងៃទី៦ ខែមករា

អាជ្ញាធរបារម្ភថា សមាសភាព«ជ្រុលនិយម» ឬទាក់ទងនឹងក្រុមជ្រុលនិយម អាចនឹងជ្រៀតចូល ក្នុងកងកម្លាំងរក្សាសន្តិសុខ ហើយអាច​រំខានជាយថាហេតុ ទៅដល់ពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីថ្មី។

ឧត្ដមសេនីយ៍ «Daniel Robert Hokanson» នៃកងកម្លាំងឆ្មាំជាតិអាមេរិក បានបញ្ជាក់ថា ទាហានពីរនាក់ ដែលបានបញ្ចេញយោបល់​«ខុសទំនង» ត្រូវបានបញ្ជា​ ឲ្យចាកចេញ​ពីរដ្ឋធានីវ៉ាស៊ីនតោន និងវិលត្រឡប់ទៅផ្ទះវិញ។

ខណៈការសម្រេចដកទាហាន១០នាក់ផ្សេងទៀត ពីកងកម្លាំងរក្សាសន្ដិសុខ មិនត្រូវបានលំអិតឲ្យដឹង ពីមូលហេតុទេ។ អ្នកនាំពាក្យក្រសួង​ការពារជាតិ លោក «Jonathan Hoffman» គ្រាន់តែបញ្ជាក់ថា ពួកគេទាំង១០នាក់ មិនបានជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ថ្ងៃទី៦មករា ឬនឹងក្រុមជ្រុលនិយមណាមួយដែរ។

ក្នុងថ្ងៃពុធនេះ កងឆ្មាំជាតិអាមេរិក បានដាក់ពង្រាយទាហាន រហូតដល់ចំនួន ២៥ ០០០នាក់ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាពិសេស​ដើម្បីការពារ​«តំបន់ក្រហម» ដែលស្ថិតនៅជុំវិញវិមានកាពីតូល ដែលលោក ចូ បៃដិន និងអ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris) ត្រូវស្បថឡើងកាន់តំណែង ជាប្រធានាធិបតី និងអនុប្រធានាធិបតី នៃប្រទេសមហាអំណាច៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។

Tags: Joe BidenUSA