ពិភពលោក

ចូ បៃដិន ថ្លែងសារដំបូង៖ «ពលរដ្ឋ​បានបញ្ចេញ​សម្លេង​របស់ពួកគេ»

«ពលរដ្ឋ​បានបញ្ចេញ​សម្លេង​របស់ពួកគេ និងបានផ្ដល់ឲ្យយើង នូវជ័យជំនះ» នេះ ជាការថ្លែងរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋ​អាមេរិក ដែលជាសារដំបូង ថ្លែងទៅកាន់​អ្នកគាំទ្រ នៅក្រុង «Wilmington» នៃរដ្ឋ «Delaware» (ភាគខាងកើត) ក្នុងយប់ថ្ងៃសៅរ៍ ទី៧​ ខែវិច្ឆិកានេះ។

មកដល់នាទីនេះ លោក ចូ បៃដេន ដែលជាបេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ បានឈ្នះអង្គបោះឆ្នោត ចំនួន២៩០សម្លេង នាំមុខដ៏លើសលប់ ពីលើលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ដែលទទួលបានត្រឹមតែ ២១៤សម្លេង​ប៉ុណ្ណោះ។

លោក ត្រាំ បានលើកឡើង ពីការលួចបន្លំសន្លឹកឆ្នោត នៅក្នុងរដ្ឋមួយចំនួន ដែលលោក បៃដិន បានឈ្នះ និងបានប្ដឹងឡើងទៅតុលាការ ដើម្បីទាមទារឲ្យ ពិនិត្យ​ឡើងវិញ អំពីភាពបានការ នៃសន្លឹកឆ្នោត និងការរាប់​សន្លឹកឆ្នោត នៅក្នុងរដ្ឋទាំងនោះ។

តែនៅក្នុងសុន្ទរកថាដំបូង ក្នុងយប់ថ្ងៃសៅរ៍នេះ លោក បៃដិន បានសង្កត់ធ្ងន់ ទៅលើ​ឯកភាពជាតិ និងអំពីគម្រោងនយោបាយ នៅក្នុងរដ្ឋបាលរបស់លោក នាពេល​ខាង​មុខ។ លោកប្រធានាធិបតីជាប់ឆ្នោត បានថ្លែងឡើងថា៖

«ខ្ញុំមានបំណង ក្លាយខ្លួន​ជាប្រធានាធិបតី ដើម្បីព្យាបាលព្រលឹងជាតិ​របស់យើង (…) វាដល់ពេលហើយ ដែលរឿងដែលល្អបំផុត នៅក្នុងប្រទេសយើង ត្រូវយកឈ្នះពីលើរឿង ដែលអាក្រក់រ៉ាំរ៉ៃ ក្នុងពេលកន្លងមក។»

លោកបានថ្លែង ទៅកាន់ពលរដ្ឋម្ចាស់ឆ្នោត ដែលមិនបានបោះឆ្នោតជូនលោក ដូច្នេះថា៖

«ខ្ញុំយល់ណាស់ អំពីការខកចិត្តរបស់លោកអ្នក […] ពេលនេះ យើងគួរផ្ដល់ឱកាស សម្រាប់ខ្លួនយើង ហើយវាជាពេលវេលា ដែលដាក់អរិភាពទៅម្ខាង។»

«យប់នេះ ពិភពលោកទាំងមូល កំពុងសម្លឹងមើលអាមេរិក ហើយខ្ញុំជឿជាក់ថា នៅពេល​យើងឈានដល់កម្រិត​ដ៏ថ្លៃថ្លានោះ គឺសហរដ្ឋអាមេរិក នឹងក្លាយជាពន្លឺភ្លើងហ្វា សម្រាប់​ពិភពលោក។»

«ខ្ញុំសន្យាថា មិនធ្វើឲ្យបែកបាក់ តែធ្វើឲ្យមានការរួបរួម មិនឲ្យមានអាមេរិកក្រហម ឬអាមេរិកខៀវ តែមានសហរដ្ឋអាមេរិកតែមួយ។»

លោក បៃដិន បន្តថា៖

«ខ្ញុំជាសមាជិក​គណបក្សប្រជាធិបតេយ្យ ដែលពោរពេញ​ដោយ​មោទនភាពម្នាក់ តែខ្ញុំនឹងដឹកនាំសហរដ្ឋអាមេរិក ក្នុងនាមខ្ញុំជាពលរដ្ឋអាមេរិកមួយរូប៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។