អ្នកបើកបរយន្ដហោះ និងជំនួយការ ទាំង«ពីរនាក់» បានស្លាប់ នៅក្នុងគ្រោះយន្ដហោះមួយ កាលពីថ្ងៃព្រហស្បត្តិ៍ ក្នុងតំបន់ស៊ីប៊េរី ភាគខាងកើតប្រទេសរ៉ុស្ស៊ី។ យន្ដហោះបានព្យាយាមចុះចតយ៉ាងបន្ទាន់ តែបានជ្រុល ទៅបុកអគារមួយ នៅក្នុងព្រលានយន្ដហោះ។
យ៉ាងណា អ្នកដំណើរទាំង៤៣នាក់ និងបុគ្គលិកបម្រើការលើយន្ដហោះផ្សេងទៀត បានរួចរស់មានជីវិត។ នេះ បើតាមការអះអាង របស់ទីភ្នាក់ងារព័ត៌មាន «Tass» របស់ប្រទេសរ៉ុស្ស៊ី។
ហេតុការណ៍បានកើតឡើង ក្នុងជើងហោះហើរមួយ ដែលយន្ដហោះត្រូវងើបខ្លួន ពីក្រុង «Nizhneangarsk» ឆ្ពោះទៅកាន់ក្រុង «Oulan-Oude» ស្ថិតក្នុងតំបន់ស៊ីបេរីខាងកើត។
ប៉ុន្តែបន្ទាប់ពីហោះងើបខ្លួនបានបន្តិច យន្ដហោះប្រភេទ «Antonov An-24» បានជួបញ្ហាបច្ចេកទេស៖ ម៉ាស៊ីនប្រតិកម្មមួយចំហៀង បានរលត់លែងដំណើរការ។
អាជ្ញាធរតំបន់ត្រូវបានស្រង់សំដី មកបញ្ជាក់ថា អ្នកបើកបរយន្ដហោះ ត្រូវបង្ខំចិត្តបញ្ជាយន្ដហោះ ឲ្យហោះត្រឡប់ក្រោយ មកចុះចតនៅព្រលានយន្ដហោះដើមវិញ។
នៅពេលចុះចត យន្ដហោះបានចុះចតហួសផ្លូវ ប្រមាណជាង១០០ម៉ែត្រ ហើយជ្រុលទៅបុកអគាមួយ នៃព្រលានយន្ដហោះ។
រូបភាពបង្ហោះនៅលើបណ្ដាញសង្កម បានបង្ហាញថា យន្ដហោះបានឆាបឆេះ បង្កជាអគ្គិភ័យឡើង។ ពីក្នុងចំណោមអ្នកដំណើរ ទាំង៤៣នាក់ មានម្នាក់ជាកុមារ។
ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់នេះ។ យន្ដហោះខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន «Angara» ដែលតែងភ្ជាប់ការហោះហើរ នៅក្នុងប្រទេសរ៉ុស្ស៊ី ជាពិសេសនៅក្នុងតំបន់៕