អ្នកជំងឺជាង ៤១ ០០០នាក់ បានស្លាប់ ដោយសារមេរោគ «Covid-19» នៅចក្រភព អង់គ្លេស ក្នុងនោះអ្នកជំងឺជិត ១០ ០០០នាក់ ជាមនុស្សជរា ដែលស្នាក់ក្នុងគ្រឹះស្ថានចូលនិវត្តន៍។ នេះ បើតាមតួលេខរាប់ឃើញ ដោយការិយាល័យស្ថិតិជាតិ (ONS) ដែលមានទំហំ ច្រើនជាងតុល្យភាពផ្លូវការ ដែលផ្ដល់ដោយ អាជ្ញាធរសុខាភិបាល។
ការិយាល័យនោះ បានផ្សាយតួលេខឲ្យដឹងថា មនុស្សស្លាប់សរុប ៤១ ០២០នាក់ ត្រូវបានរាប់ឃើញ នៅលើផ្ទៃប្រទេស រហូតមកដល់ថ្ងៃទី៨ ខែឧសភា ពីរសប្ដាហ៍មុន។ អ្នកស្លាប់ ទាំងនេះ ត្រូវបានបញ្ជាក់ នៅក្នុងលិខិតមរណភាព ថាពួកគេបានស្លាប់ ដោយសារជំងឺ «Covid-19»។
ការិយាល័យស្ថិតិជាតិ បានបញ្ជាក់ នៅក្នុងរបាយការណ៍ របស់ខ្លួនថា ពីក្នុងចំណោមតួលេខខាងលើ មនុស្សស្លាប់ចំនួន ៩ ៧៤៥នាក់ ជាជនជរា ដែលស្នាក់ក្នុងគ្រឹះស្ថាន ចូលនិវត្តន៍។
បើគិតមកដល់ថ្ងៃទី១៩ ខែឧសភានេះ តួលេខរបស់ «ONS» អាចនឹងកើនឡើងខ្លាំង និងមានចំនួនខុសគ្នា រហូតដល់រាប់ពាន់នាក់ បើធៀបនឹងតុល្យភាពផ្លូវការ ផ្ដល់ដោយក្រសួងសុខាភិបាលអង់គ្លេស។
ព្រោះក្រសួងសុខាភិបាលអង់គ្លេស បានរាប់តែអ្នកស្លាប់ណា ដែលត្រូវបានធ្វើតេស្ដិ៍ រកឃើញថា មានលទ្ធផល«វិជ្ជមាន»ប៉ុណ្ណោះ។ តុល្យភាពផ្លូវការ នៅយប់ថ្ងៃទី១៩ ខែឧសភា បង្ហាញថា មនុស្សស្លាប់ដោយសារជំងឺនេះ មានចំនួន ៣៥ ៣៤១នាក់ ក្នុងនោះ ៥៤៥នាក់ បានស្លាប់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ (ឬថ្ងៃទី១៩ ខែឧសភា)។
បើនិយាយពីអ្នកជំងឺស្លាប់ ចក្រភពអង់គ្លេស បានរងគ្រោះខ្លាំងជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក។
ផ្ទុយទៅវិញ ករណីឆ្លងនៅចក្រភពអង់គ្លេស មានចំនួន ២៤៨ ៨១៨នាក់ ឈរនៅពីក្រោយ សហរដ្ឋអាមេរិក (១ ៥៥៦ ០០៦នាក់) រុស្ស៊ី (២៩៩ ៩៤១នាក់) អេស្ប៉ាញ (២៧៨ ១៨៨នាក់) និងប្រទេសប្រេស៊ីល (២៧១ ៦២៨នាក់)៕