ពិភពលោក

រវាង ត្រាំ និង បៃដេន … នៅមាន​បេក្ខជន​ទី៣​ម្នាក់ទៀត!

មិនមែនមានតែលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ និងលោក ចូ បៃដេន (Joe Biden) មកពីគណបក្សប្រជាធិបតេយ្យ ប៉ុណ្ណោះទេ។ ការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីអាមេរិក នាចុងឆ្នាំ២០២០ខាងមុខ នឹងមានបេក្ខជនទី៣ ឬទី៤​បន្ថែមទៀត។ 

កាលពីយប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ លោក ជូស្ទីន អាម៉ាស៍ (Justin Amash) ដែលជាតំណាងរាស្ត្រ ពីរដ្ឋមីឈីហ្គែន (Michigan) បានប្រកាសថា លោកគ្រោង​នឹង​ឈរឈ្មោះ ធ្វើជាបេក្ខជននឹងគេដែរ នៅក្នុងក្របខណ្ឌ គណបក្សសេរីនិយម (Libertarian Party)។

លោកបានជាប់ឆ្នោត ជាតំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ។ តែលោកបាន​ចាកចេញ ពីគណបក្សនេះ នៅខែកក្កដា ឆ្នាំ២០១៩ ក្រោមហេតុផល មិនចុះសម្រុង ទាល់តែសោះ ជាមួយលោក ដូណាល់ ត្រាំ។ 

តាំងពីពេលនោះមក លោកបានក្លាយជាតំណាងរាស្ត្រ ឯករាជ្យ ដែលគ្មានគណបក្ស រហូតមកដល់ខែមេសានេះ ទើបលោកបានចូលរួម ជាមួយគណបក្សសេរីនិយម។

គួរបញ្ជាក់ដែរថា លោក ជូស្ទីន អាម៉ាស៍ ជាតំណាងរាស្ត្រ តែម្នាក់គត់ ដែលមិនមែន​មកពី​គណបក្សប្រជាធិបតេយ្យ ហើយបាន​បោះឆ្នោតយល់ស្រប ឲ្យមានការបណ្ដេញលោក ដូណាល់ ត្រាំ ចេញពីតំណែង កាលពីខែធ្នូកន្លងទៅ។ 

លោក អាម៉ាស៍ អាយុ៤០ឆ្នាំ មានកំណើត នៅក្នុងគ្រួសារ អ្នកកាន់សាសនាគ្រឹស្ទ៍ ដែលមាន​ដើមកំណើត​អារ៉ាប់។ លោកបានអះអាងថា លោកមិនចុះសម្រុង ទាំងជាមួយលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងទាំង​លោក ចូ បៃដេន មកពី​គណបក្ស​ប្រជាធិបតេយ្យ។ លោកបានថ្លែងថា៖

«នៅពេលខ្ញុំមើល បេក្ខជនទាំងពីរ ខ្ញុំគិតដូចបណ្ដាជនអាមេរិក ភាគច្រើនដែរ ថាពួកគេ​ទាំងពីរនាក់ មិនមានសមត្ថភាព ជាប្រធានាធិបតីទេ ហើយយើងទាំងអស់គ្នា ត្រូវការ​មនុស្សថ្មីមួយ ដែលឆ្លាស់គ្នា ពីពួកគេដដែលៗ។»

លោក អាម៉ាស៍ បានពន្យល់ថា៖

«វិធានការឆ្លើយតប ដែលមានតម្លៃដ៏មហាសាល របស់រដ្ឋាភិបាលសហព័ន្ធ (របស់លោក ដូណាល់ ត្រាំ) ទៅនឹងការរាតត្បាត នៃជំងឺ”Covid-19″ កាន់តែបង្ហាញច្បាស់ថែមទៀត ពីអ្វីដែលខ្ញុំអះអាងខាងលើ។ រដ្ឋាភិបាលបានចំណាយ រាប់កោដដុល្លារ ដែលមិនបាន​ជួយ​បណ្ដាជន ដែលកំពុងត្រូវការជំនួយ នោះឡើយ។»

«ផ្ទុយពីជួយបណ្ដាជន ដែលគ្នាត្រូវការនោះ មួយភាគធំនៃជំនួយ បែរជាត្រូវបញ្ជូន ទៅជួយ​មេដឹកនាំ នៃក្រុមហ៊ុនសហគ្រាសធំៗ ឬមនុស្សដែលជាប់ខ្សែស្រឡាយ នឹងមេដឹកនាំ​ទាំងនោះ ទៅវិញ។»

គណបក្សសេរីនិយម បង្កើតឡើងនៅឆ្នាំ ១៩៧០។ គណបក្សនេះប្រឆាំង សឹងតែទាំងស្រុង នូវនយោបាយអន្តរាគមន៍ តាមរយៈការចំណាយរបស់រដ្ឋ រាប់តាំងពីពន្ធដារ រហូតដល់​ការចំណាយ នៅក្នុងវិស័យយោធា។ គណបក្សនេះ ក៏ប្រឆាំងផងដែរ នូវការដាក់​ទណ្ឌកម្ម​ទាំងឡាយ ទៅលើឧក្រិដ្ឋកម្ម ដែលមិនបង្កឲ្យមានជនរងគ្រោះ ដល់ជីវិត ដូចយ៉ាង​ពេស្យាកម្ម និងការជួញដូរ​​គ្រឿងញៀន ជាដើម។

ប៉ុន្តែគណបក្សមួយនេះ មិនដែលទទួលបានផ្លែផ្កាខ្លាំង នៅក្នុងឆាក​នយោបាយ​អាមេរិក​ឡើយ។ តាំងពីគណបក្ស ត្រូវបានបង្កើតមក មានបេក្ខជនប្រធានាធិបតី តែម្នាក់គត់ គឺលោក «Gary Johnson» ដែលទទួលបាន សម្លេងគាំទ្រ រហូតដល់ ៣,៣% ក្នុង​ការបោះឆ្នោត​​ប្រធានាធិបតី ឆ្នាំ២០១៦ (ជ័យជំនះ បានទៅលោក ដូណាល់ ត្រាំ)។

យ៉ាងណា ក៏បេក្ខភាពរបស់លោក ជូស្ទីន អាម៉ាស៍ អាចរកសម្លេងគាំទ្រ បានច្រើនគួរសម ក្នុងនោះមួយភាគ ជាម្ចាស់ឆ្នោត នៃគណបក្សសាធារណរដ្ឋ ដែលប្រឆាំងលោក ដូណាល់ ត្រាំ និងមួយភាគទៀត ជាម្ចាស់ឆ្នោតនិយមកណ្ដាល តែផ្អៀងទៅស្ដាំ ដែលមិនចូលចិត្ត​លោក ចូ បៃដេន។

អ្នកឃ្លាំមើល​នយោបាយអាមេរិក រំពឹងថា នៅក្នុងស្ថានភាព សព្វថ្ងៃ នៃការរាតត្បាតជំងឺ ដ៏ចង្រៃ បេក្ខភាពរបស់លោក ជូស្ទីន អាម៉ាស៍ អាចមានទម្ងន់ ប្រកបដោយសក្ដានុពល ទៅលើលទ្ធផល នៃការបោះឆ្នោត ដ៏សំខាន់មួយនេះ ដែលគេមិនអាចទាយទុក មុនបាន៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។