ពិភពលោក

ចំណុចសំខាន់​ៗ ក្នុងកិច្ចពិភាក្សាចុងក្រោយរវាង ត្រាំ និងបៃដេន

កិច្ចពិភាក្សាចុងក្រោយ រវាងបេក្ខជនប្រធានាធិបតីអាមេរិក មានសភាពរស់រវើក និងគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជា«ចំណុចសំខាន់ៗ» នៃការថ្លែងរវាងលោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដេន (Joe Biden) ពីក្នុងកិច្ចតស៊ូមតិនោះ ដែលបានប្រព្រឹត្តិទៅ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែតុលានេះ៖

  • ត្រាំ សន្យាថាថ្នាំវ៉ាក់សាំង ការពារជំងឺ«Covid-19» នឹងមកដល់ក្នុងប៉ុន្មានសប្ដាហ៍ ខាងមុខ។ តែការសន្យារបស់ប្រធានាធិបតីចប់អាណត្តិ បានធ្វើឡើង តាំងពីច្រើនសប្ដាហ៍មកហើយ។ ខណៈលក បៃដេន បានហៅការសន្យានោះ ជាការកុហក ដោយអះអាងថា មិនអាចមានវ៉ាក់សាំង នៅមុនឆ្នាំ២០២១នោះឡើយ។
  • លោក បៃដេន វាយប្រហារលើលោក ត្រាំ ជុំវិញតុល្យភាពដ៏អាក្រក់ នៃការរាតត្បាតជំងឺ «Covid-19» នៅសហរដ្ឋអាមេរិក។ លោកថា មេដឹកនាំដែលបណ្ដាលឲ្យពលរដ្ឋអាមេរិកស្លាប់រាប់សិបម៉ឺននាក់ដូច្នេះ មិនស័ក្ដិសមនៅមានតំណែង ជាប្រធានាធិបតីអាមេរិកនោះឡើយ។
  • លោក បៃដេន លើកឡើងពីយុទ្ធសាស្ត្ររបស់លោក ក្នុងការទប់ស្កាត់ការរាតត្បាត ដោយធ្វើការបិទតំបន់ណា ដែលរងការប៉ះពាល់ខ្លាំង។ តែវិធានការនេះ ត្រូវបានលោក ត្រាំ ជំទាស់ ដោយលើកឡើងថា នឹងទាញឲ្យសេដ្ឋកិច្ចអាមេរិក​ដួលរលំ។
  • លោក ត្រាំ ចោទលោក បៃដេន ថាបានទទួលប្រាក់ ពីប្រទេសអ៊ុយក្រែន ជុំវិញរឿងអាស្រូវកូនប្រុសរបស់លោក។ តែលោក បៃដេន បានច្រានចោលការចោទប្រកាន់នោះ និងអះអាងថា គឺលោក ត្រាំ ទៅវិញទេ ដែលទទួលប្រាក់ ពីប្រទេសរ៉ុស្ស៊ី ហើយមានគណនេយ្យធនាគារ នៅក្នុងប្រទេសចិន ដើម្បីលាក់ប្រាក់ នៅទីនោះ។ លោក ត្រាំ បានបដិសេធការចោទខាងលើ ដូចគ្នា។
  • លោក បៃដេន គម្រាមប្រទេសរ៉ុស្ស៊ី និងអៀរ៉ង់ ពី«ផលប៉ះពាល់ធ្ងន់ធ្ងរ» ប្រសិនណាជាប្រទេសទាំងពីរ លួចលូកដៃ ចូលកកូកកាយ ក្នុងការបោះឆ្នោតនៅអាមេរិក។ លោកបានឆ្លៀត វាយប្រហារលោក ត្រាំ ថាមិនមានវិធានការអ្វីសោះ ចំពោះប្រទេសរ៉ុស្ស៊ី ដែលត្រូវបានចោទប្រកាន់ ជាច្រើនលើកច្រើនសារ អំពីការលួចជ្រៀតជ្រែក ខាងលើ និងករណីបង្កើតឲ្យមាន នូវតម្លៃក្បាលទាហានអាមេរិកាំង។
  • លោក បៃដេន បានប្រៀបធៀបលោក គឹម ជុង-អ៊ុន (Kim Jong-un) ទៅនឹង​«ក្មេងបាតផ្សារ» នៅខណៈលោក ត្រាំ បានអួតអាង អំពីទំនាក់ទំនងល្អ ជាមួយមេដឹកនាំ​កូរ៉េខាងជើង​មួយនេះ។
  • ចំពោះសំនួរលើកឡើង អំពីភាពតានតឺង នៃការប្រកាន់ពូជសាសន៍ បានកើនឡើងខ្លាំង នៅសហរដ្ឋអាមេរិក លោក ត្រាំ បាននិយាយជាច្រើនដងថា លោកបានធ្វើកិច្ចការជាច្រើន សម្រា់ប់សហគមន៍ជនស្បែកខ្មៅ។ ប្រធានាធិបតីចប់អាណត្តិ បាននិយាយជាច្រើនដង ថាលោកជា «បុរស ដែលមិនប្រកាន់ពូជសាសន៍ជាងគេ នៅក្នុងបន្ទប់ផ្សាយនេះ»។
ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។