ពិភពលោក

អាមេរិក៖ ជនម្នាក់​បាញ់រះ​ក្នុង​សាលាបឋមសិក្សា ស្លាប់យ៉ាងតិច​១៩នាក់

ស្លាប់យ៉ាងតិច​១៩នាក់ ក្នុងនោះ១៨នាក់​ជាកុមារ នៅក្នុងព្រឹត្តិការណ៍បាញ់រះមួយ ក្នុងព្រឹកថ្ងៃអង្គារនេះ (ទី២៤ ខែឧសភា ឆ្នាំ២០២២) បង្កឡើងដោយយុវជនអាយុ១៨ឆ្នាំម្នាក់ ស្ថិតនៅក្នុងបរិវេណ នៃសាលាបឋមសិក្សាមួយកន្លែង នៃរដ្ឋតិចសាស (ភាគខាងត្បូង សហរដ្ឋអាមេរិក)។

ហេតុការណ៍​បានកើតឡើង វេលាម៉ោងប្រមាណជា ១១និង៣០នាទី ក្នុងសាលាបឋមសិក្សា«Robb» នៃក្រុង«Uvalde» ស្ថិតនៅចំងាយ​ប្រមាណជា ១៣០គីឡូម៉ែត្រ ពីក្រុងធំមួយ ឈ្មោះ«San Antonio» នៃរដ្ឋតិចសាស។ អភិបាលរដ្ឋ លោក «Greg Abbott» បានឲ្យដឹង​ក្នុងសន្និសីទសារព័ត៌មានជំហានបឋមថា ជនរងគ្រោះមានយ៉ាងតិច១៥នាក់ ក្នុងនោះ១៤នាក់ជាកុមារ និងម្នាក់ជាគ្រូបង្រៀន។

នៅក្នុងសកម្មភាពរបស់ខ្លួន ខ្មាន់កាំភ្លើងដែលគេស្គាល់ឈ្មោះ «Salvador Ramos» ត្រូវបានបង្ក្រាប និងសម្លាប់នៅនឹងកន្លែង ដោយកងកម្លាំងពិសេស របស់នគរបាល។ ក្នុងពេលភ្លាមៗ គេមិនទាន់ដឹងនៅឡើយ ពីហេតុផល​ដែលបណ្ដាល​ឲ្យយុវជនវ័យក្មេងរូបនេះ សម្រេចចិត្តបើកការបាញ់ប្រហារ នៅក្នុងសាលារៀន ដែលមានកូនសិស្សជាកុមារតូចៗ។

ប្រភពខ្លះបានឲ្យដឹងថា ខ្មាន់កាំភ្លើង​បានបាញ់ជីដូនរបស់ខ្លួន មុននឹងធ្វើសកម្មភាព ចូលទៅបាញ់ប្រហារ នៅក្នុងសាលាបឋមសិក្សា​ខាងលើ។

មន្ទីរពេទ្យប្រចាំតំបន់ ឈ្មោះ«Uvalde Memorial Hospital» បានឲ្យដឹងថា ខ្លួនបានទទួលជនរងគ្រោះជាច្រើននាក់ ដែលភាគច្រើនជាកុមារ ហើយក្នុងនោះ ពីរនាក់បានស្លាប់ និងស្ត្រីម្នាក់អាយុ៦៦ឆ្នាំ កំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់។ មន្ទីរពេទ្យ «University Health» នៃក្រុង«San Antonio» ក៏បានប្រកាសដែរថា ខ្លួនទទួលជនរងគ្រោះ២នាក់ (ម្នាក់ជាកុមារ)។

ការបាញ់ប្រហារខាងលើ ជាសោកនាដកម្មថ្មីមួយទៀត នៅក្នុងចំណោមសោកនាដកម្មតភាគ ដែលផ្ទុះឡើងក្នុងគ្រឹះស្ថានសិក្សា នៅសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ដ៏រន្ធត់លើកមុន បានកើតឡើង ក្នុងវិទ្យាល័យ «Parkland» នៃរដ្ឋផ្លរីដា (ភាគអាគ្នេយ៍) កាលពីឆ្នាំ២០១៨ បណ្ដាលឲ្យមានមនុស្សស្លាប់១៧នាក់។

រាប់តាំងពីការរីករាលដាល នៃជំងឺរាតត្បាត «Covid-19» ក្នុងឆ្នាំ២០២០នោះមក ការបាញ់បោះតាមទំនើងចិត្ត និងនៅតាមទីសាធារណៈ តែងកើតឡើងសឹងជារៀងរាល់ថ្ងៃ ក្នុងប្រទេសមហាអំណាចមួយនេះ។ តួលេខនៃឧក្រិដ្ឋកម្មបាញ់បោះ ក៏បានកើនឡើងដែរ នៅតាមបណ្ដាក្រុងធំៗ មានដូចជាក្រុង «New York» «Chicago» «Miami» ឬក្រុង «San Francisco» ជាដើម។

កាលពីពាក់កណ្ដាលខែឧសភាថ្មីៗ ឧក្រិដ្ឋកម្មបាញ់ប្រហារ ដែលមានសារជាតិ ចេញពីការរើសអើងពណ៌សម្បុរ ក្នុងផ្សារ«Buffalo» នៃរដ្ឋញ៉ូយក បានសម្លាប់ពលរដ្ឋអាមេរិកស្បែកខ្មៅ ប្រមាណជា១០នាក់៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។