កម្ពុជា

នៅពេល​ដែល​កូនស្រី កឹម សុខា រួមគ្នា​វាយបក សម រង្ស៊ី…

ការលើកឡើង​របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលថា «មតិយោបល់»របស់លោក កឹម សុខា «មិនឆ្លុះបញ្ចាំង ពីឆន្ទះពិតរបស់លោក» ព្រោះលោក «ជាចំណាប់ខ្មាំង» របស់លោក ហ៊ុន សែន នោះ ពិបាកនឹងធ្វើឲ្យកូនស្រីទាំងទ្វេរ របស់ប្រធានបច្ចប្បន្ន នៃគណបក្សប្រឆាំងមួយនេះ ទទួលយកបានណាស់។ កញ្ញា កឹម មនោវិទ្យា និងកញ្ញា កឹម សម្មាធីតា បានបញ្ចេញប្រតិកម្ម តបទៅនឹងលោក សម រង្ស៊ី ដោយចាត់ទុកការលើកឡើង ខាងលើ ថាជាការ«ប្រមាថ» ដល់ឆន្ទះឪពុករបស់នាង។

ទាំងនៅលើទំព័រហ្វេសប៊ុក និងទំព័រទ្វីសធើរ លោក សម រង្ស៊ី បានបង្ហោះសំណេរមួយឃ្លា ដែលជាការដកស្រង់ចេញ ពីចំណុចទី៨ នៃសេចក្ដីសម្រេច របស់សន្និសីទក្រុងអាត្លង់តា (សហរដ្ឋអាមេរិក) មានខ្លឹមសារថា៖

«យើងនឹងចាត់ទុកថា រាល់មតិយោបល់របស់លោកប្រធាន កឹម សុខា (ដែលសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន) ឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់លោក នៅពេលដែលលោកទទួលបាន សេរីភាពពេញលេញ ហើយអាចសម្តែងមតិនោះ ជាសាធារណៈ ដោយខ្លួនឯង។»

តបនឹងសំណេរខាងលើ កញ្ញា កឹម សម្មាធីតា ដែលកូនស្រីពៅ របស់លោក កឹម សុខា បានប្រើទំព័រទ្វីសធើររបស់នាង សរសេរជាភាសាអង់គ្លេស មានអត្ថន័យជាខេមរភាសាដូច្នេះថា៖

«ប្រសិនបើលោក កឹម សុខា ព្រួយបារម្ភអំពីសុវត្ថិភាពរបស់គាត់ ច្រើនជាងមនសិការរបស់គាត់នោះ ម្លេះគាត់នឹងរត់គេច ពីកម្ពុជារួចស្រេចហើយ។ គាត់ស្ថិតនៅក្រោមការចាប់ខ្លួន ដោយសារតែគាត់ជ្រើសរើស ឈរលើមនសិការរបស់គាត់ និងការនិយាយស្ដី ដោយសេរី។ ការផាត់ចោល (ពីសំណាក់លោក សម រង្ស៊ី) ចំពោះពាក្យសំដីរបស់គាត់ ដែលបង្ហាញចេញ ដោយស្របច្បាប់ តាមរយៈមេធាវី និងគ្រួសារ គឺជាការប្រមាថ ដល់សុចរិតភាពរបស់គាត់។»

សំណេររបស់កញ្ញ សម្មាធីតា ក៏ត្រូវបានបងស្រីរបស់នាង គឺកញ្ញា កឹម មនោវិទ្យា យកទៅចែករំលែកបន្តដែរ។ សម្រាប់កូនស្រីច្បងលោក កឹម សុខា រូបនេះ ការលើកឡើងរបស់លោក សម រង្ស៊ី គឺជាភាសា «ភូតកុហក»។ នៅលើទំព័រទ្វីសធើរ កញ្ញា កឹម មនោវិទ្យា បានបង្ហោះសារខ្លួន ជាភាសាអង់គ្លេស ហើយមានខ្លឹមសារ ជាខេមរភាសាថា៖

«លោក សម រង្ស៊ី បាននិយាយភូតកុហក ម្តងហើយម្តងទៀត ដល់សាធារណជនថា ពាក្យសំដីរបស់លោក កឹម សុខា គឺជាពាក្យសំដីក្លែងក្លាយ ឬមិនត្រឹមត្រូវ បើទោះបីជាមានការអះអាង ពីមេធាវី និងគ្រួសាររបស់លោក កឹម សុខា ក៏ដោយ។ ចាប់តាំងពីលោក កឹម សុខា ជាប់ឃុំឃាំងមក លោក សម រង្ស៊ី បានដឹកនាំយុទ្ធនាការ បង្ខូចកេរ្តិ៍ឈ្មោះ ដល់ក្រុមស្និតលោក កឹម សុខា ដោយលាបពណ៌ពួកគេថា ជាចារជន។»

ធ្ងន់ធ្ងរជាងនេះ កាលពីម្សិលម្ងៃ គឺកញ្ញា កឹម មនោវិទ្យា នេះហើយ ដែលបានប្រើពាក្យ «តិរច្ឆាន» ដើម្បីហៅ «បុគ្គល» ណាមួយនោះ ដែលកូនស្រីប្រធានបក្ស​ចាត់ទុកថា តែងតាមព្យាបាទឪពុកខ្លួន ជាច្រើនលើកច្រើនគ្រា៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។