កម្ពុជា

ព្រាប កុល ៖ បើ កឹម សុខា-សម រង្ស៊ី បែក​គ្នា នោះ​នឹង​ចាញ់​ឆ្នោត​លើក​ក្រោយ

កម្ដៅនយោបាយកម្ពុជា កំពុងបន្តឡើង! ជាពិសេសកម្ដៅ ដែលកំពុងពុះកញ្ជ្រោល រវាងក្រុម សម រង្ស៊ី និយម និង​ក្រុម កឹម សុខា និយម ដែលបង្កើតបាន ជាគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១២។ សម្រាប់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានគិតថា បើសិនជាលោក សម រង្ស៊ី និងលោក កឹម សុខា បែកគ្នានោះ លទ្ធផលបោះឆ្នោតលើកក្រោយ ពិតជាអាណោចអាធមហើយ។

មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ បានសរសេរ នៅលើបណ្ដាញសង្គមថា លោក កឹម សុខា អាចនឹងត្រូវដោះលែង នៅដើមខែមេសាខាងមុខ រួមនឹងការបើកសិទ្ធិនយោបាយ ឲ្យមន្ត្រីមួយចំនួន ដែលស្និតនឹងប្រធានគណបក្ស ដើម្បី​អាចមក​កាន់​ចង្កូត​​គណបក្ស​សង្គ្រោះជាតិ​ឡើងវិញ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី អាចនឹងត្រូវទុកឲ្យនៅក្រៅឆាក ដោយមិនពាក់ព័ន្ធគ្នា ជាមួយគណបក្សសង្គ្រោះជាតិទៀតទេ។

សូមតាមដានការវិភាគខ្លីនោះ របស់លោក ព្រាប កុល ដូចខាងក្រោម៖

១) ច្បាប់វិសោធនកម្មមាត្រា ៤៥ ស្ទួន នៃច្បាប់គណបក្សនយោបាយ និងត្រូវអនុមត័ ក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់​សិទ្ធិធ្វើនយោបាយ ឱ្យអតីតថ្នាក់ដឹកនាំ CNRP។ ប៉ុន្តែមិនមែនទាំង ១១៨នាក់ នឹងទទួលបានសិទ្ធិ [ធ្វើសកម្មភាព​នយោបាយ]វិញ ក្នុងពេលព្រមគ្នា តែមួយនោះទេ។ ភាគច្រើន នៃអ្នកដែលទទួលបានសិទ្ធិនយោបាយ មកវិញមុនគេ គឺនៅខ្សែខាងលោក កឹម សុខា។

២) លោក កឹម សុខា ប្រហែលជាអាច នឹងត្រូវបានដោះលែង នៅក្នុងអំឡុងពេល មុនចូលឆ្នាំខ្មែរ (ខែមេសា) ក្រោយ​ខែមិនា។

៣) ក្រុមគាំទ្រលោក សម រង្សី និងក្រុមគាំទ្រលោក កឹម សុខា នឹងបន្តធ្វើសង្រ្គាមពាក្យសម្តីដាក់គ្នា ហើយនៅទីបំផុត ទំនាស់កាន់តែរីករាលដាលធំឡើង រហូតឈានទៅរកការមានទំនោរ សុំចែកផ្លូវគ្នាដើរ។

៤) ប្រជាប្រីយភាពលោក សម រង្សី មិនបានធ្លាក់ចុះទេ ហើយគាត់នៅតែមានអ្នកគាំទ្រច្រើន ទាំងនៅក្នុង និងនៅ​ក្រៅ​ប្រទេស ដូច្នេះ បើក្រុមលោក កឹម សុខា សម្រេចចូលប្រឡូកនយោបាយវិញ ដោយទុកលោក សម រង្សី ឱ្យនៅ​ក្រៅឆាក ដោយមិនមានការពាក់ពន័្ធគ្នាទេនោះ លទ្ធផលបោះឆ្នោតលើកក្រោយ គឺច្បាស់ជាចាញ់បក្ស​កាន់អំណាច​បច្ចុប្បន្ន។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានថ្លែងការពារខ្លួនលោកថា៖

«ការវិភាគ និងការព្យាករណ៍ [ខាងលើ]នេះ គឺជាមតិផ្ទាល់ខ្លួន ក្នុងនាមជាពលរដ្ឋខ្មែរ ដែលតាមដានស្ថានការណ៍​នយោបាយ នៅកម្ពុជា»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។