នៅមួយថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីមកដល់ ទំព័រហ្វេសប៊ុករបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហោះសារបួងសួងខ្លីៗ ដើម្បីស្នើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មាន«សុខសន្ដិភាព» និងការរួមរស់ដោយសុខដុមរមនា។
ក្នុងខណៈនេះ ប្រធានគណបក្សប្រឆាំង កំពុងរងការជាប់ឃុំ នៅក្នុងគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង ពីសំណាក់ក្រុមអាជ្ញាធរកម្ពុជា ដែលអះអាងថា អនុវត្តន៍តាមដីការបស់តុលាការ។
សារបួងសួងសម្រាប់ឱកាសចូលឆ្នាំថ្មី ដែលគេគិតថាជារបស់លោក កឹម សុខា បានសរសេរឡើងថា៖
«សូមឲ្យប្រទេសកម្ពុជាមាន សុខសន្ដិភាព ការរីកចំរើន ស្ថិតស្ថេរគង់វង់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាម្ចាស់ទឹកដី និងសូមឲ្យកម្ពុជា ចាកផុតគ្រោះថ្នាក់ទាំងឡាយ ដែលបង្កដោយធម្មជាតិ ឬដោយមហិច្ឆិតាអគតិរបស់មនុស្ស។»
«សូមឲ្យប្រជាពលរដ្ឋខ្មែរ រួមរស់ជាមួយគ្នា ដោយសុខដុមរមនា ប្រកបដោយព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា) និងសូមឲ្យកំចាត់ចេញពីកាយ វាចា ចិត្តរបស់មនុស្ស ជាពិសេសអ្នកនយោបាយខ្មែរ នូវអកុសលធម៌ទាំងឡាយ (លោភៈ ទោសៈ មោហៈ) ដូចជា ការលោភលន់គ្មានព្រំដែន ការរំលោភបំពាន ការគំរាមកំហែង អំពើហិង្សា ការមួលបង្កាច់ចោទប្រកាន់ ការលាបពណ៌ ការជេរប្រមាថ ការគុំកួនសងសឹកគ្នា ដែលជាមូលហេតុនាំឲ្យមានការឈឺចាប់ ការបែកបាក់ក្នុងសង្គមជាតិ និងនាំឲ្យអាប់ឱននូវតម្លៃពូជសាសន៍ តម្លៃនៃអ្នកដឹកនាំ ជាពិសេសកិត្យានុភាពជាតិ។»
ទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានគណបក្សប្រឆាំង បានបញ្ចប់ដោយឃ្លាមួយដូច្នេះ៖
«សូមអេាយឆ្នាំថ្មីនេះជា ឆ្នាំសេរីសួរស្តី ឆ្នាំដែលខ្មែរវិលមករកដំណោះស្រាយ ជាវិជ្ជមានវិញ។»
ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ខ្ញុំ កឹម សុខា…
Posted by Kem Sokha on Friday, April 12, 2019
ខាងលើនេះ ជាសារថ្មីមួយទៀត ពីចំណោមសារដ៏កម្រ ដែលត្រូវបានឃើញបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សប្រឆាំង។ សារបង្ហោះលើកមុន ដែលគេគិតថា ជារបស់លោក កឹម សុខា ដែរនោះ ត្រូវបានបង្ហោះនៅក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសាកលចូលឆ្នាំ២០១៩ និងបាននិយាយស្នើ សុំឲ្យបំបាត់ជំងឺពីរយ៉ាង៕