កម្ពុជា

សម រង្ស៊ី៖ ហ៊ុន សែន ឲ្យចិន​ធ្វើអាណានិគម​លើកម្ពុជា ព្រោះ​ខ្លាចការ«បះបោរ»

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅបរទេស​ឲ្យមក​«ការពារអំណាច»​ឲ្យលោក ដោយហេតុថា បុរសខ្លាំងកម្ពុជាខ្លាចពលរដ្ឋកម្ពុជាងើប«បះបោរ»ប្រឆាំងលោក។ លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា ដោយសារលោក ហ៊ុន សែន «មិនអាចកែខ្លួនបាន» ទើប«ប្រជារាស្ត្រខ្មែរ ត្រូវតែប្តូររបប ហ៊ុន សែន ចេញ»។

ប្រធានស្ដីទី​គណបក្សប្រឆាំង បានពន្យល់ថា លោក ហ៊ុន សែន ត្រូវការក្រាញអំណាចតទៅទៀត ដើម្បីទទួលបាននីទណ្ឌភាព បន្ទាប់ពីបុរសខ្លាំងកម្ពុជារូបនេះ បាន«ប្រព្រឹត្តអំពើឧក្រិដ្ឋច្រើនពេកទៅហើយ ក្នុងរយៈពេល ៣៤ ឆ្នាំ» នៃការកាន់អំណាច។ លោក សម រង្ស៊ី បានបន្តថា៖

«ពេលណាគាត់បាត់បង់អំណាច ពេលនោះគាត់នឹងត្រូវ​គេយកទៅ​កាត់ទោស ចំពោះមុខតុលាការឯករាជ្យ​ណាមួយ ហើយគាត់នឹងទទួលទោស​ធ្ងន់ណាស់ ពីព្រោះបទឧក្រិដ្ឋរបស់គាត់​ក៏ធ្ងន់ដូចគ្នាដែរ។»

គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានរៀបរាប់ពីករណីមួយចំនួន ដែលលោកអះអាង ថាជាទង្វើរបស់លោក ហ៊ុន សែន មានដូចជា៖

«ការកាត់ទឹកដីប្រទេសកម្ពុជា (មានកោះត្រល់ជាដើម) ឲ្យទៅប្រទេសវៀតណាម, ការដឹកនាំផែនការ ក៥ គឺការកេណ្ឌពលរដ្ឋឲ្យទៅស្លាប់រាប់ម៉ឺនរាប់សែននាក់ នៅតាមដងព្រំប្រទល់ដែន ជាមួយប្រទេសថៃ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០, ការសម្លាប់មនុស្សជាច្រើន ជាបន្តបន្ទាប់ ដូចក្នុងរដ្ឋប្រហារ និងអំពើភេរវកម្មផ្សេងៗ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០, ២០០០ និង ២០១០, ការប្លន់ដីធ្លី និងផ្ទះសម្បែងប្រជារាស្ត្រ ហើយការបង្ក្រាបប្រជារាស្ត្រ ដោយមានការបង្ហូរឈាមជាច្រើន, ការកាប់បំផ្លាញព្រៃឈើ និងការបើកដៃឲ្យបរទេស​ពីគ្រប់ទិសទី មកប្លន់ទ្រព្យសម្បត្តិជាតិគ្រប់បែបយ៉ាង។»

បន្ទាប់មកលោក សម រង្ស៊ី បានហៅលោក ហ៊ុន សែន ថាជា«ជនក្បត់ជាតិ» ដែលបាន​ហៅ​ជនបរទេស មកធ្វើអាណានិគម​លើប្រទេសកម្ពុជាផង និងដើម្បីការពារអំណាចរបស់លោកផង។ លោកបន្តថា៖ 

«ចុងក្រោយនេះ ជនក្បត់ជាតិ ហ៊ុន សែន បានហៅជនជាតិចិន និងក្រុមហ៊ុនចិន មកធ្វើអាណានិគមលើប្រទេសកម្ពុជាផង ហើយជួយការពារអំណាចរបស់គាត់ផង ដោយសារ​តែគាត់​ដឹងខ្លួនថា​ប្រជារាស្ត្រខ្មែរ ចង់ទម្លាក់គាត់​ពីតំណែងដឹកនាំ។ ដោយសារតែគាត់ខ្លាច​ប្រជារាស្ត្រខ្មែរ”បះបោរ”ប្រឆាំងគាត់ ទើបគាត់ហៅបរទេស មកជួយការពារអំណាចផ្តាច់ការ​របស់គាត់។»

«ជាសន្និដ្ឋាន យើងជាពលរដ្ឋខ្មែរ ដែលជាអ្នកស្រលាញ់ជាតិ ហើយចង់ឲ្យជាតិយើងបាននៅគង់វង្ស តទៅទៀត យើងត្រូវតែប្តូរចោលរបបតិរច្ឆាន ហ៊ុន សែន នេះឲ្យទាល់តែបាន ក្នុងឆ្នាំ ២០១៩ នេះ»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។