កម្ពុជា

សម រង្ស៊ី សរសេរ​ទៅមេដឹកនាំ​​ពិភពលោក​ថា​ «ការបង្ក្រាប​ផ្នែក​នយោបាយ មាន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា»

ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងមានវត្តមាន ក្នុងប្រទេសបារាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ទៅកាន់មេដឹកនាំនានា នៅលើពិភពលោក រួមមានទាំងមេដឹកនាំ នៃប្រទេសជាមិត្តកម្ពុជា និងមេដឹកនាំ នៃស្ថាប័នអន្តរជាតិនានា ដើម្បីពន្យល់មេដឹកនាំទាំងនោះ អំពីសភាពការណ៍នយោបាយចុងក្រោយ នៅកម្ពុជា ដែលលោក សម រង្ស៊ី ខ្លួនលោកអះអាងថា ជា«ការបង្ក្រាបផ្នែកនយោបាយ ដែលមានកាន់តែខ្លាំងឡើង»។

ខាងក្រោមនេះ ជាខ្លឹមសារនៃសារលិខិតនោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន និងសូមបកប្រែក្រៅផ្លូវការ ជូនជាខេមរភាសាដូចតទៅ៖

ដោយប្រឈមមុខ នឹងការកើនឡើង នៃសម្ពាធអន្តរជាតិ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានធ្វើអ្វីផ្សេងទេ តែបែរជាអនុម័តវិធានការថ្មី ដើម្បីបន្សាបធាតុចុងក្រោយ របស់គណបក្សប្រឆាំង និងធ្វើឱ្យការស្ដារឡើងវិញ នៃលទ្ធិប្រជាធិបតេយ្យ ជួបការពិបាកជាងនេះ ទៅទៀត។

វាជាការប្រមាថមួយ ទៅដល់សហគមន៍អន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ដែលព្រមាន​របបក្រុងភ្នំពេញ ពីការដាក់ទណ្ឌកម្មពាណិជ្ជកម្ម ប្រសិនបើលោក ហ៊ុន សែន មិនលុបចោលវិធានការឃោរឃៅទាំងនេះ រាប់ចាប់តាំងពីឆ្នាំ ២០១៧ ជាពិសេសការរំលាយគណបក្សប្រឆាំងតែមួយគត់ នៅក្នុងរដ្ឋសភាជាតិ ដែលតំណាងដោយគណបក្សសង្គ្រោះជាតិ (CNRP) ។

ក្នុងចំណោមវិធានការបង្ក្រាបថ្មីៗនេះ លោក ហ៊ុន សែន បានអនុម័តនៅថ្ងៃទី ១៣ ខែធ្នូនេះ នូវច្បាប់ធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានដាក់ទោសរយៈពេលពីរឆ្នាំកន្លះ ក្នុងពន្ធនាគារ ទៅលើអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង១១៨នាក់ ដែលមិនធ្វើសំណើរទៅកាន់រូបគាត់ – ដែលជាទង្វើនៃការចុះចូល – ដើម្បីសុំឲ្យស្ដារឡើងវិញ នូវសិទ្ធិធ្វើនយោបាយ ដែលត្រូវបានហាមឃាត់ ស្របពេលនឹងការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ នេះជាវិធានការ បែបរួមបញ្ចូលគ្នា រវាងស្ដាលីន (Joseph Staline – អតីតមេដឹកនាំកុម្មុយនីស្ដិ៍ផ្ដាច់ការរ៉ុស្ស៊ី) និង កាហ្វកា (Franz Kafka – ជាអ្នកនិពន្ធល្បីឈ្មោះ របស់ប្រទេសអាល្លឺម៉ង់ ក្នុងដើមសតវត្សទី២០)។

តាមរយៈការផ្ដល់ឡើងវិញ នូវសិទ្ធិនយោបាយ ដែលធ្វើឡើងក្រោមការជ្រើសរើស មានលក្ខខណ្ឌ និងក្រោមការឃ្លាំមើលរបៀបនេះ លោក ហ៊ុន សែន មានគោលដៅពីរ៖ (១) បំភ័ន្ដការប្រុងប្រយ័ត្ន របស់សហគមន៍អន្តរជាតិ និង(២) បំបែក​ឬឈានទៅ​បំបាត់ចោល​ជាស្ថាពរ គណបក្សសង្គ្រោះជាតិ ដែលប្រធានគណបក្ស លោក កឹម សុខា កំពុងជាប់ឃុំនៅក្នុងគេហដ្ឋាន និងមេដឹកនាំគណបក្សដទៃទៀត កំពុងបង្ខំចិត្តភៀសខ្លួន ចេញក្រៅប្រទេស៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។