កម្ពុជា

រ៉ូណា ស្មីត ចូលរួម​មរណទុក្ខ​ជាមួយគ្រួសារ នៃសព​អ្នកជំងឺកូវីដ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសំដែងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ នៃសព​អ្នកជំងឺកូវីដ-១៩ (Covid-19) ដំបូងគេ ដែលបានបាន​ទទួលអនិច្ចកម្ម កាលពីថ្ងៃទី១១ ខែមីនាកន្លងមក។

នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច អ្នកស្រី ស្មីត បានបង្ហោះសាររំលែកទុក្ខជាពីរភាសា ដូចការដកស្រង់ខាងក្រោម ទាំងស្រុងថា៖

«ខ្ញុំមានអារម្មណ៍ក្រៀមក្រំជាខ្លាំង នៅពេលបានដឹងដំណឹង អំពីមរណភាពដំបូង នៃជនរងគ្រោះពីជំងឺកូវីដ-១៩។ ខ្ញុំសូមចូលរួម​រំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់ផង។»

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសក្នុងរសៀលថ្ងៃដដែល (ថ្ងៃទី១១ ខែមីនា) អះអាងពីមរណភាព របស់បុរសជាតិខ្មែរមួយរូប ដែលមានអាយុ៥០ឆ្នាំ រស់នៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជាអ្នកបើកបរ ឲ្យ​ថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ។

បុរសអ្នកជំងឺរូបនេះ ត្រូវបានរកឃើញផ្ទុកមេរោគ កូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ពីក្នុងចំណោមអ្នកជំងឺច្រើននាក់ទៀត នៃព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ។ លោកបានទទួលមរណភាព នៅព្រឹកថ្ងៃទី១១ ខែមីនា ក្នុងមន្ទីរពេទ្យរ៉ុស្ស៊ី ដែលលោកបានសម្រាក​ព្យាបាល។

ជាមួយនឹងរូបថតរបស់អ្នកស្រី ដែលពាក់ម៉ាស់ ឈរនៅខាងមុខ​អាគារអង្គការសហប្រជាជាតិ (នៅក្រុងហ្សឺណែវ ប្រទេសស្វីស) អ្នកស្រី រ៉ូណា ស្មីត បានបន្តទៀតថា៖

«វាកាន់តែមានសារៈសំខាន់ សម្រាប់មនុស្សគ្រប់រូប ក្នុងការធ្វើតាមការណែនាំ របស់អង្គការសុខភាពពិភពលោក ដោយត្រូវធ្វើការ​លាងដៃ ពាក់របាំងមុខ និងរក្សាគម្លាត៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។