តុលាការរបបក្រុងភ្នំពេញ បានចាត់ទុកដំណើរ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចុះទៅតាមខេត្តជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ ថាជា«ការឈានទៅហួសព្រំដែន ឬនាំទៅដល់ការបំពាន លើកាតព្វកិច្ច» នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលតម្រូវដាក់លើលោក កឹម សុខា ដែលតុលាការមួយនេះ ហៅថាជាជនជាប់ចោទ។
លិខិតមួយ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោកចៅក្រម កូយ សៅ បានផ្ញើជូនលោក កឹម សុខា ដើម្បីអ្វីមួយ ដែលតុលាការមួយនេះ ហៅថា ជាការក្រើនរំលឹកលោក ឱ្យមានស្មារតីគោរពឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ច ដែលតុលាការបានដាក់ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីចុងឆ្នាំកន្លងមក។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ប្រធានគណបក្សប្រឆាំង បានធ្វើដំណើរ ចុះទៅតាមខេត្តជាច្រើន ក្នុងនោះមានដូចជាខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបងជាដើម។ ក្រុមអ្នករួមដំណើរជាមួយលោក ក្នុងនោះមានមេធាវីការពារក្ដីឲ្យលោកផង បានអះអាងថា ដំណើរចុះទៅតាមខេត្តនោះ ជាការដើរលំហែ យកខ្យល់ បើទោះជាលោកបានជួប ជាមួយពលរដ្ឋ អ្នកគាំទ្រ និងសកម្មជនមួយចំនួនក៏ដោយ។
លិខិតរបស់លោកចៅក្រម កូយ សៅ បានសរសេរឡើងថា៖
«ក្រុមប្រឹក្សាជំនុំជម្រះ ធ្វើការក្រើនរំលឹក ជនជាប់ចោទ ត្រូវមានស្មារតីគោរពឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ចដែលតុលាការ បានតម្រូវដាក់លើ ជនជាប់ចោទ ដូចមាននៅក្នុងដីកាសម្រេចខាងលើនេះ ហើយដែលមានអានុភាព រហូតដល់ពេលសាលក្រមត្រូវបានប្រកាសស្រប តាមបញ្ញត្តិមាត្រា ៣៥២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។»
ជាប្រតិកម្មតបវិញ អ្នកស្រី ម៉េង សុភារី មេធាវីមួយរូប ពីក្នុងចំណោមមេធាវីច្រើនរូប របស់លោក កឹម សុខា បានអះអាងថា លិខិតនេះបង្ហាញឲ្យឃើញ ពី«ភ្លើងលឿង»ពីសំណាក់តុលាការ រំឭកឲ្យលោក កឹម សុខា មានការប្រុងប្រយ័ត្ន បើទោះជាគ្មានច្បាប់ហាមឃាត់លោក ក្នុងការដើរហើរ ឬជួបប្រជាពលរដ្ឋក៏ដោយ។
ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមជនប្រដាប់អាវុធ ក្រោមបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រុកចូលចាប់ខ្លួន នៅក្នុងគេហដ្ឋានរបស់លោក កាលពីយប់ថ្ងៃទី២ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មុននឹងយកទៅឃុំខ្លួន ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈពេល១ឆ្នាំ។
បន្ទាប់ពីយកលោក កឹម សុខា មកឃុំនៅក្នុងគេហដ្ឋានរបស់លោក អស់រយៈពេលជាច្រើនខែក្រោយមក សាលាដំបូងរាជធានីបានសម្រេច កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុញ្ញាតឲ្យមេដឹកនាំប្រឆាំង អាចដើរហើរ និងជួបមនុស្សម្នាបាន តែបានហាមឃាត់សកម្មភាពមួយចំនួន ដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅ ពីមន្ត្រីមានសមត្ថកិច្ច។
សម្រាប់លោក គីម សុខ អ្នកវិភាគនយោបាយ បានថ្លែងពីប្រទេសណ័រវេសមកថា ការដើរចុះតាមខេត្ត របស់លោក កឹម សុខា ជាការធ្វើតេស្ដិ៍មួយ ចំពោះបម្រាមរបស់តុលាការ ដែលលោក គីម សុខ លើកឡើងថា ជាបម្រាមដ៏ទូលាយ អាចឲ្យតុលាការ ឬក្រុមអាជ្ញាធរធ្វើការបកស្រាយ ស្រេចនឹងចិត្ត។
រីឯលោក ព្រហ្ម គិត អ្នកឃ្លាំមើលមួយរូបទៀត ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង បានពន្យល់ថា ដំណើររបស់លោក កឹម សុខា និងប្រតិកម្មរបស់តុលាការរាជធានី ជាការពញ្ញាក់ពិភពលោក ជាពិសេសសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យដឹងថា កុំថាឡើយដល់ទៅសិទ្ធិនយោបាយ បើសូម្បីសិទ្ធិដើរហើរ និងសិទ្ធិជួបជុំ ក៏ប្រធានគណបក្សសង្គ្រោះជាតិ គ្មានដដែលដែរ៕