កម្ពុជា

លឺ ឡាយស្រេង សុំ ហ៊ុន សែន ត្រឡប់​ចូល​កម្ពុជា​វិញ ព្រោះ​នឹក​ស្រុក

លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី មកពីគណបក្សហ្វុនស៊ីនប៉ិច បានថ្លែងស្នើសុំ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យអនុញ្ញាតឲ្យរូបលោក បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ឲ្យបានយ៉ាងហោចណាស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។ 

អតីតអ្នកនយោបាយជើងចាស់ បានថ្លែងថា៖

«ខុសត្រូវយ៉ាងម៉េច សូមឲ្យសម្ដេចហ្នឹង គិតឃើញថា ខ្ញុំធ្លាប់ធ្វើសហការី របស់សម្ដេចបីអាណត្តិដែរ គួរណាស់តែផ្ដល់ឱកាស ឲ្យមនុស្សចាស់ម្នាក់នេះ ដែលមិនដឹងថា ស្លាប់ថ្ងៃណា…»

លោក លឺ ឡាយស្រេង បានចាកចេញពីប្រទេសកម្ពុជា កាលពីអំឡុងចុងឆ្នាំ២០១៧ បន្ទាប់ពីលោកបានរងបណ្ដឹងចំនួនពីរ។ បណ្ដឹងមួយរបស់លោក ហ៊ុន សែន និងបណ្ដឹងមួយទៀត របស់គណបក្សហ្វ៊ុនស៊ីនប៉ិច ជុំវិញបទបរិហារកេរ្តិ៍ និងប្រមាថព្រះមហាក្សត្រ។

ពាក្យបណ្ដឹងទាំងនោះ ធ្វើឡើងដោយឈរលើសារ លួចថតសម្លេងមួយ ដែលត្រូវបានទំព័រហ្វេសប៊ុកមួយ ឈ្មោះ «សីហា» ផ្សាយចេញជាសាធារណៈ មុននឹងត្រូវប្រព័ន្ធឃោសនា​របស់របបក្រុងភ្នំពេញ យកមកផ្សព្វផ្សាយបន្តព្រោងព្រាត។

នៅក្នុងសំដីស្នើសុំលោក ហ៊ុន សែន វិលចូលស្រុកវិញ ដែលផ្សាយផ្ទាល់ នៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុន លោក លឺ ឡាយស្រេង បានអះអាងថា លោកគ្រាន់តែជាអ្នកនិយាយត្រង់ ឃើញយ៉ាងម៉េចថាអញ្ចឹង។ លោកបានសន្យាថា លោកឈប់និយាយអ្វីទៀតហើយ ដោយសារការនិយាយរបស់លោក ក្នុងពេលថ្មីៗនេះ មិនត្រូវបានគេស្ដាប់ឡើយ។

សូមទស្សនាការថ្លែងរបស់លោក លឺ ឡាយស្រេង ទាំងស្រុងដូចខាងក្រោម៖

Posted by លឺ ឡាយស្រេង on Thursday, March 28, 2019
សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។