កម្ពុជា

ព្រះរាជាខ្មែរ​យាងទៅ​ចិន មុន ហ៊ុន សែន ដាក់កម្ពុជា​ក្នុង​«ភាពអាសន្ន»

ក្នុងព្រឹកថ្ងៃទី១ ខែមេសានេះ ព្រះមហាក្សត្រកម្ពុជា បានចាកចេញពីប្រទេស ឆ្ពោះទៅ​ប្រទេសចិន នៅខណៈមេរោគ «កូរូណា» ឬ «Covid-19» កំពុងរាតត្បាត និងបន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើច្បាប់ ដាក់ប្រទេសក្នុង«ភាពអាសន្ន» ទៅកាន់​រដ្ឋសភា ដែលអាចនឹងចូលជាធរមាន ក្នុងចុងសប្ដាហ៍ខាងមុខ។

ការយាងចាកចេញពីប្រទេស របស់ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទទួលបានការថ្វាយព្រះរាជដំណើរ ដល់ព្រលានយន្ដហោះ ដោយមេដឹកនាំកំពូលៗ របស់​កម្ពុជា ក្នុងនោះ មានលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលចុះព្រះហស្ថលេខា ពីម្សិលម៉ិញ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) ពោលគឺតែមួយថ្ងៃ មុនព្រះរាជដំណើរចាកចេញ បានឱ្យដឹងថា ព្រះករុណា  និង​សម្តេច​ម៉ែ ត្រូវយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេស​ចិនកុម្មុយនីស្ដិ៍

ព្រះរាជសារនោះ ឱ្យដឹងបន្ថែមថា ក្នុងពេលព្រះរាជអវត្តមានរបស់​ព្រះមហាក្សត្រ គឺប្រធាន​ព្រឹទ្ធសភា លោក សាយ​ ឈុំ នឹង​ធ្វើ​ជាប្រមុខរដ្ឋស្តី​ទី។

ព្រះរាជដំណើរចេញពីប្រទេស បានធ្វើឡើងពីរថ្ងៃ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសស្នើច្បាប់ ស្តីពីការគ្រងប្រទេសជាតិ ស្ថិតក្នុង«ភាពអាសន្ន» ទៅកាន់រដ្ឋសភា ដើម្បី​ឲ្យមានការអនុម័ត្រជាបន្ទាន់ និងយ៉ាងយូរនាចុងសប្ដាហ៍នេះ សម្រាប់អ្វីមួយ ដែលបុរស​ខ្លាំង​និយាយថា ដើម្បីចាត់វិធានការ ទល់នឹងមេរោគ «កូរូណា» ឬ«Covid-19»។

ក្នុងការថ្លែង នៅចំពោះក្រុមអ្នក​យកព័ត៌មាន​នោះ មេដឹកនាំរដ្ឋាភិបាលឯកបក្ស បាន​អះអាងជាច្រើនដង ពីការចុះព្រះហស្ថលេខា របស់ព្រះមហាក្សត្រ ដើម្បីដាក់ច្បាប់នេះ ឲ្យចូលជា​ធរមាន​ ក្នុងពេលភ្លាមៗផង។

កាលពីថ្ងៃទី៣១ ខែមីនា ម្សិលម៉ិញ សេចក្តីព្រាងច្បាប់ខាងលើ ក៏ត្រូវបានពិនិត្យរួចរាល់ ក្នុងកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដឹកនាំដោយលោក ហ៊ុន សែន និងត្រូវ​បាន​បញ្ជូន ឡើងទៅដល់រដ្ឋសភា រួចជាស្រេចហើយដែរ។ នេះ បើតាមសេចក្តីប្រកាស​ព័ត៌មាន ដែលចេញផ្សាយ ក្រោយកិច្ចប្រជុំនោះ។

មកដល់ថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ចេញតួលេខផ្លូវការ ឲ្យដឹងថា ព្រះរាជា​ណាចក្រទាំងមូល មានករណីឆ្លងជំងឺ «Covid-19» ចំនួន១០៩នាក់ ដែលក្នុងនោះ ២៣នាក់ បានជា​សះស្បើយ។ ក្រសួង​បានអះអាងថា គ្មានករណីឆ្លង នៅក្នុងសហគមន៍ទេ ខណៈប្រទេស​កម្ពុជា គ្មានគោលការណ៍​ធ្វើតេស្ដិ៍ ដើម្បីស្វែងការករណីឆ្លងមេរោគនេះ ចំពោះ​ពលរដ្ឋខ្លួន ជាលក្ខណៈ​ទូលំទូលាយ​ឡើយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។