កម្ពុជា

ភរិយា កឹម សុខា ធ្វើ​ដំណើរ​ក្នុង​ចំងាយផ្លូវ ៤០៨០០​គីឡូម៉ែត្រ ដើម្បី​ជួប​ស្វាមី​ក្នុង​គុក​ត្រពាំងផ្លុង

រាប់ពីថ្ងៃដែលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នេះជាការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលប្រើឈ្មោះលោកដោយផ្ទាល់។ សំណេរនោះ ត្រូវបានបង្ហោះចេញ ក្នុងឱកាសនៃ ថ្ងៃខួបលើកទី ៣៨ នៃអាពាហ៍ពិពាហ៍ របស់លោក និងភរិយាលោក (ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៨០-ឆ្នាំ២០១៨) ដោយឧទ្ទិសពីសភាពតក់ស្លុត របស់ភរិយារបស់លោក កឹម សុខា គឺអ្នកស្រី តែ ច័ន្ទមនោ នៅក្នុងយប់ថ្ងៃទី២ ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមេដឹកនាំគណបក្សប្រឆាំង ត្រូវបានកងកម្លាំង ក្រោមបញ្ជារបស់លោក ហ៊ុន សែន ចូលទៅចាប់ដល់ក្នុងគេហដ្ឋាន អាជ្ញាធរ ហើយមិនដឹងថា ត្រូវគេបញ្ជូន ទៅឃុំដល់ទីណានោះ។

ការបង្ហោះនៅលើទំព័រហ្វេសប៊ុក លោក កឹម សុខា បានរៀបរាប់ថា៖

«នៅលើក្នុងកំឡុងពេល ១ឆ្នាំ និង ១សប្តាហ៍ (ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ) ដែលខ្ញុំបានជាប់ក្នុងមន្ទីឃុំឃាំងត្រពាំងផ្លុង នៅឯជាយដែន ភរិយាខ្ញុំបានធ្វេីដំណេីរ ទៅសួរសុខទុក្ខខ្ញុំ ១០២ដង ដែល ១ដងៗ មានចម្ងាយប្រមាណ​២០០​គីឡូម៉ែត្រ ទៅ និងប្រមាណ២០០គីឡូម៉ែត្រ ត្រឡប់មកវិញ។ សរុប គាត់បានធ្វេីដំណេីរ ៤០៨០០ គីឡូម៉ែត្រ។»

«ជាងមួយឆ្នាំនេះ ភរិយាខ្ញុំរស់នៅ ដេាយព្រាត់ស្វាមុី និងកូនៗ។ គាត់ជាជនរងគ្រេាះ ដែលរងផលវិបាក ច្រេីនជាងគេ ពីការឃុំខ្លួនរបស់ខ្ញុំ ក៍ប៉ុន្តែផលវិបាក និង ឧបសគ្គទាំងអស់នេះ គឺកាន់តែធ្វេីអេាយគាត់ ក្លាយជាមនុស្ស ដែលមានស្មារតីរឹងមាំ ជាងមុនទៅទៀត។»

សំណេរនោះ បានបញ្ជាក់ទៀតថា៖

«ស្មារតីតស៊ូ និង ស្មារតីស្នេហាជាតិ របស់ភរិយាខ្ញុំនេះហេីយ ដែលបានបន្ថែមជំរុញឲ្យខ្ញុំពុះពារ ទៅមុខទៀត។ ទេាះជាបានឆ្លងកាត់ នូវភាពល្វីងជូរចត់ ទាំងអស់នេះក៍ដេាយ មកទល់ថ្ងៃនេះ ភរិយាខ្ញុំនៅតែមានសន្តានចិត្ត មិនគុំកួន មិនសងសឹក គាត់នៅតែគាំទ្រឲ្យខ្ញុំបន្តស្មារតី ខ្មែរតែមួយ ដេីម្បីបញ្ចប់ និងបញ្ជៀសការឈឺចាប់ រវាងខ្មែរនិងខ្មែរ។ ខ្ញុំចាត់ទុកថា ខ្ញុំពិតជាមានសំណាងណាស់ ដែលមាន ស្ត្រីម្នាក់នេះ ជាភរិយា។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។