កម្ពុជា

ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីចិន ដើម្បីទេសចរណ៍​និងវប្បធម៌ មានភាព​រស់រវើក

ក្នុងជំនួបជាមួយលោក ឡ ស៊ូកាង (Luo Shugang) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍​ចិន ក្នុងព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចង្អុលបង្ហាញថា គប្បីធ្វើយ៉ាងណា ដើម្បីទេសចរណ៍​និងវប្បធម៌ មានភាព​រស់រវើក សម្រាប់ឆ្នាំ២០១៩នេះ។

ស្រង់សំដីមកចុះផ្សាយ នៅលើបណ្ដាញសង្គមកាលពីប៉ុន្មាននាទីមុន ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញ លើកឡើងជាមួយរដ្ឋមន្ត្រីចិន ឲ្យពិនិត្យមើលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលលោកអះអាងថា កើតមានតាំងពីអតីតកាល ក៏ដូចជាទំនាក់ទំនង ដែលមានចរិតជាប្រវត្តិសាស្ត្រ។

«ដើម្បីទេសចរណ៍​និងវប្បធម៌ មានភាព​រស់រវើក»

សម្រាប់លោក ឡ ស៊ូកាង វិញ បានលើកឡើងពីការចង្អុលផ្លូវ ដែលកើតចេញពីជំនួបរវាងលោក ហ៊ុន សែន ជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗ។

លោក ស៊ូកាង ត្រូវបានស្រង់សំដីមកសរសេរថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះជាណាចក្រកម្ពុជាពេលនេះ គឺតាមការអនុញ្ញាត ពីលោកប្រធានាធិបតី ស៊ី ជិនពីង ក៏ដូចជាលោកនាយករដ្ឋមន្ត្រី លី​ ខឺឈាំង (Li Keqiang) ដើម្បីប្រកាសនូវឆ្នាំវប្បធម៌ និងទេសចរណ៍រវាង ចិន និងកម្ពុជា។

រដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍ចិន បានបន្តថា លោកនឹងធ្វើកា រជាមួយនឹងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជាអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីរៀបចំនូវសកម្មភាពផ្សេងៗ សម្រាប់ឆ្នាំវប្បធម៌ និងទេសចរណ៍ឆ្នាំ២០១៩ នេះ ដែលរួមមានទាំងការរៀបចំ ឲ្យមានរបាំនិងសកម្មភាពផ្សេងៗទៀតផង៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។