កម្ពុជា

ហ៊ុន សែន ឲ្យ​កម្ទេច​កងកម្លាំង​ណា ដែលកាង​គ្រឿងញៀន​​នៅ​«រ៉ុក»

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យជីករកឫសគល់ នៃបណ្ដាញគ្រឿងញៀន នៅមណ្ឌលកម្សាន្ដ«រ៉ុក» ឲ្យខាងតែបាន បើទោះជាឫសនោះ មានជម្រៅដល់ណា ឬមានកងកម្លាំងណា ដែលកាងចំពោះករណីនេះក៏ដោយ។

លោក ហ៊ុន សែន ថ្លែងដូច្នេះ នាវេលារសៀលថ្ងៃអង្គារ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល ពីសណ្ឋាគារសូហ្វីតែល​ភ្នំពេញ។

បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែងជាង៣ទសវត្សន៍មកនោះ បានលើកឡើងថាលោកចាំបាច់ត្រូវធ្វើប្រតិកម្ម ដោយហេតុថា ឧក្រិដ្ឋកម្មគ្រឿងញៀន នៅមណ្ឌលកម្សាន្ដមួយនេះ មាន«កម្រិតធំហួស» ដែលមិនអាចចាប់ខ្លួន ត្រឹមតែមេការ ឬអ្នកទទួលខុសត្រូវតាមបន្ទប់នោះឡើយ។

នាយករដ្ឋមន្ត្រី បានថ្លែងថា៖

«ត្រូវបន្តជីករកឲ្យឃើញ ក្នុងជម្រៅណាក៏ត្រូវរកឲ្យឃើញដែរ ព្រោះឧក្រិដ្ឋកម្មនេះ ធំហួស។ រ៉ុកបំផ្លាញយុវជនប៉ុន្មាននាក់? មិនត្រូវចាប់តែមេការទេ ឬម្ចាស់បន្ទប់ទេ ត្រូវចាប់អាធំ អ្នកពាក់លោកខែក៏ចាប់ដែរ។ កុំឲ្យអ្នកណាមកជើងកាង ទោះបីជើងកាង ចេញមកម៉ាកងពលក៏ដោយ ក៏ខ្ញុំវាយកម្ទេចចោលទាំងអស់ដែរ។»

លោកបន្តថា៖

«ខ្ញុំហ៊ានថា កងទ័ពមួយកងពល ឬពីរកងពល ខ្ញុំវាយក្រវ៉ាត់ចោលទាំងអស់។ ដូច្នេះក្រុមគ្រឿងញៀង ត្រូវតែមើលឲ្យច្បាស់ អំពីចំណុចនេះ។»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។