កម្ពុជា

ហ៊ុន សែន ឲ្យ សម រង្ស៊ី «សុំទោស»ដើម្បីបញ្ចប់យុទ្ធនាការកម្ចាត់លោក

ដើម្បីដាក់បញ្ចប់ នូវយុទ្ធនាការកម្ចាត់លោក សម រង្ស៊ី ចេញពីសង្វៀននយោបាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យគូបដិបក្ខរបស់លោក ត្រូវចេញមុខធ្វើការ«សុំទោស»លោក ជាសាធារណៈ ដោយអះអាង​នៅក្នុងការសុំទោស​នោះថា លោក សម រង្ស៊ី ត្រូវបញ្ឈប់នូវនយោបាយ​​«ផ្ដួលរំលំ»​​រដ្ឋាភិបាល​របស់លោក។

បុរសខ្លាំងនៅកម្ពុជា បានថ្លែងឡើងដូច្នេះ នៅក្នុងពិធីជួប​ជាមួយប្រជាពលរដ្ឋ​ជាច្រើនគ្រួសារ ដែលស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក (ខេត្តសៀមរាប) នាព្រឹកថ្ងៃទី ២១ ខែតុលានេះ។

បើទោះនៅក្នុងការថ្លែងនោះ លោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះក៏ដោយ ក៏អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ជឿជាក់ថា អ្នកនយោបាយរូបនោះ គ្មាននរណាផ្សេង ក្រៅពីលោក សម រង្ស៊ី នោះឡើយ។ បុរសដែលអង្គុយលើកៅអីនាយករដ្ឋមន្ត្រី តាំងពីជិត៤០ឆ្នាំមក បានលើកឡើងថា៖

«ដរាបណា អ្នកឯងមិនព្រមប្រកាសរំសាយចោល នូវនយោបាយមានឯងអត់អញ ហើយធ្វើការសុំទោស ថ្លែងជូនប្រជាពលរដ្ឋថា ចាប់ពីពេលនេះតទៅ អ្នកឯងបញ្ឈប់នូវនយោបាយផ្ដួលរំលំរដ្ឋាភិបាល គឺដរាបនោះ យើងត្រូវតែកម្ចាត់។»

នាយករដ្ឋមន្ត្រីចាស់វស្សា បានបង្ហើបពីយុទ្ធសាស្ត្រកម្ចាត់លោក សម រង្ស៊ី ឲ្យចេញពីសង្វៀននយោបាយឡើងថា៖

«វិធីកម្ចាត់នោះវាងាយទេ គឺបានសេចក្ដីថា ផ្ដាច់ខ្លួនចេញពីអាមួយហ្នឹងមក រាប់ទាំងអាអ្នក ដែលទៅជាមួយអាហ្នឹង។»

លោក ហ៊ុន សែន អះអាងទៀតថា លោកអាចនឹងស្នើសុំទៅព្រះមហាក្សត្រ ​ឲ្យលើកលែងទោស ចំពោះក្រុមមន្ត្រីស្និតលោក សម រង្ស៊ី ដែលប្រកាសដកខ្លួន ចេញពីមេដឹកនាំប្រឆាំងរូបនេះ។ លោកថា៖

«អញ្ចឹង អ្នកដទៃ បំបែកខ្លួនចេញមកៗ ខ្ញុំអាចនឹងពិនិត្យលើកលែងទោស ឲ្យអ្នកឯង តែឲ្យបែកចេញពីអាមួយហ្នឹង។ សុំពិនិត្យ ព្រោះខ្ញុំមានអំណាច ដើម្បីនឹងចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រលើកលែងទោស ក៏ប៉ុន្តែក្នុងលក្ខខ័ណ្ឌ ដែលអ្នកឯងបំបែកខ្លួន ចេញពីអាមួយហ្នឹង ខ្ញុំប្រកាសគោលនយោបាយ​របស់ខ្ញុំ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។