កម្ពុជា

សម រង្ស៊ី ថា«លោក»​នៅកណ្ដាល ខូចជាងគេ

ការប្រើពាក្យ «អាមឹង» ដើម្បីហៅអ្នកនយោបាយខ្មែរ ទទួលបានការស្វាគមន៍ ពីបណ្ដាជនទូទៅឬទេ? នៅចំពោះការរិះគន់ លោក សម រង្ស៊ី បានប្ដូរឥរិយាបថបន្តិច ដោយហៅលោក ហ៊ុន សែន ថា «លោក»វិញ។

មេដឹកនាំនយោបាយប្រឆាំង នៅប្រទេសកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងផ្នែកដាក់«មតិយោបល់» នៃការបង្ហោះមួយនៅលើបណ្ដាញសង្គម ដែលបង្ហាញពីរូបថត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (នៅកណ្ដាល) ថតជាមួយមេបញ្ជាការកងទ័ពពីររូប គឺលោក ហ៊ីង ប៊ុនហៀង (នៅខាងឆ្វេង) និងលោក ហ៊ុយ ពិសិដ្ឋ (នៅខាងស្ដាំ)។ 

នៅខាងលើរូបថតនេះ មានសរសេរឡើងថា៖

«អា៣នាក់នេះ ជាឃាតករដូចគ្នា ដែលតុលាការបារាំងបង្គាប់ឲ្យចាប់ខ្លួន (…) តែយើងដឹងថា អាកណ្ដាល ខូចជាងគេ។»

«អាកណ្ដាល» ទំនងជាអ្នកនយោបាយចាស់វស្សារូបនេះ ចង់សម្ដៅហៅលោក ហ៊ុន សែន ដែលមានរូបនៅកណ្ដាលគេ។

ការប្រើពាក្យពេចន៍«អាមឹង» នៅក្នុងរូបថតខាងលើ បង្កឲ្យមានប្រតិកម្ម ពីសំណាក់អ្នកតាមដានទំព័រហ្វេសប៊ុក​របស់លោក សម រង្ស៊ី ជាច្រើននាក់។ ពួកគេលើកឡើងថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថា មានចំណេះដឹង និងការរៀនសូត្រជ្រៅជ្រះ​ជាង លោក ហ៊ុន សែន មិនគួរប្រើពាក្យ«អាមឹង» ដូចលោក ហ៊ុន សែន ដូច្នេះទេ។

តបនឹងការរិះគន់ទាំងនោះ លោក សម រង្ស៊ី បានសរសេរ​យ៉ាងខ្លី ប្ដូរឥរិយាបថមកវិញថា៖

«លោកនៅកណ្ដាល ខូចជាងគេ៕»

ក. កល្យាណ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កែវ កល្យាណ មានជំនាញខាងការស្រាវជ្រាវ និពន្ធ និងជីវិត។