កម្ពុជា

ហ៊ុន សែន ដាក់ខ្លួន​ធ្វើចត្តាឡីស័ក បន្ទាប់ពីជួប​ប្រមុខការទូត​ហុងគ្រី

លោក ហ៊ុន សែន ដែលហៅខ្លួនលោក ថាជា«បុរសសង្ហាដើរបញ្ច្រាសទិស» បានប្រកាស​«ដាក់ខ្លួន​ធ្វើចត្តាឡីស័ក» ចំនួន១៤ថ្ងៃ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកានេះ មួយថ្ងៃក្រោយពី​លោកបានដឹកនាំរដ្ឋាភិបាល ឲ្យជួបចាប់ដៃជើង ជាមួយប្រមុខការទូត នៃប្រទេសហុងគ្រី ដែលត្រូវបានធ្វើតេស្ដិ៍ រកឃើញថាមានផ្ទុកជំងឺ «Covid-19»។

បុរសខ្លាំងនៅកម្ពុជា បានប្រកាសឡើងដូច្នេះ នៅលើបណ្ដាញសង្គម ដោយអះអាងថា រូបលោក ក្រុមគ្រួសារ និងក្រុមអង្គរក្ស ត្រូវបានធ្វើតេស្ដិ៍ ទទួលលទ្ធផលអវិជ្ជមាន។ លោកសរសេរថា៖

«ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជា បានប្រញាប់ប្រញាល់ ប្រមូលអ្នកមាន​ទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្តិ៍ នៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែក នៅផ្ទះខ្ញុំ មានរូបខ្ញុំ​និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្ត បញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លង ជំងឺកូវីដ១៩នោះទេ។»

​កាលពី​ថ្ងៃ​អង្គារ​ទី៣ ខែ​វិច្ឆិកា​ម្សិលមិញ លោក ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាលច្រើននាក់ បានរៀបចំ​ពិធីផ្លូវការ​ជាច្រើន ដើម្បីទទួលជួបលោក ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto) ​​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ របស់ប្រទេសហុងគ្រី។

ក្នុងជំនួបទាំងនោះ ​មន្ត្រី​ប្រតិភូ​ហុងគ្រី​ពាក់​ម៉ាស់​ទាំងអស់ លើកលែងតែលោក ភីតធ័រ ស្ស៊ីយ៉ាតូ ម្នាក់។ រីឯមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមនឹងលោក ហ៊ុន សែន ផង មិនឃើញ​ពាក់ម៉ាស់ផងទេ។

នៅ​ថ្ងៃ​អង្គារដដែលនោះ ក្រោយ​គណៈប្រតិភូ​ហុងគ្រី ចាក​ចេញពី​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ អាជ្ញាធរ​ថៃ​បាន​ធ្វើ​តេស្ លើរដ្ឋមន្ត្រីការបរទេស​ហុងគ្រីខាងលើ និងរកឃើញថា លោកមាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ តែ​មន្ត្រី​ហុងគ្រី ១២ នាក់​ទៀត ដែល​អម​ដំណើរ​ជាមួយ មិន​មាន​ផ្ទុក​ជំងឺ​នេះ​ទេ។

ឯកសារ​របស់អង្គការសុខភាពពិភពលោក (WHO /OMS) បានឲ្យដឹងថា ជាទូទៅ បើអ្នកជំងឺណាម្នាក់ ទទួលឆ្លងមេរោគ «Covid-19» អ្នកជំងឺរូបនោះ នឹងមិនទាន់​ឲ្យរោគ​សញ្ញា ឬធ្វើតេស្ដិ៍រកមិនទាន់ឃើញ មេរោគមួយនេះនៅឡើយទេ នៅប៉ុន្មានថ្ងៃ​ដំបូង។ ដោយហេតុនេះហើយ ទើបតម្រូវឲ្យដាក់អ្នកជំងឺ នៅដោយឡែក ចំនួន១៤ថ្ងៃ ដើម្បី​បញ្ចៀស​ការឆ្លងមេរោគ ទៅអ្នកផ្សេងទាំងមិនដឹងថា ខ្លួនឈឺឬមិនឈឺ។

យ៉ាងណា លោក ហ៊ុន សែន លើកឡើងបន្តថា៖

«ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នា គ្រូពេទ្យតម្រូវឱ្យ​ខ្ញុំ​រស់នៅ ដាច់ដោយឡែក ( ដាក់ខ្លួន​ធ្វើចត្តាឡីស័ក ) រយៈពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅ ក៏មិនអាចជួប​បានដែរ។»

ក្នុងរយៈពេលនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការអភ័យទោស ចំពោះការអាក់ខាន ក្នុងការទទួលជួប ភ្ញៀវជាតិ-អន្តរជាតិ ឬចុះជួបមន្ត្រីរាជការ-ពលរដ្ឋ នៅតាមខេត្ត។ តែលោក ហ៊ុន សែន បានអះអាងថា លោកនៅតែពិនិត្យ សម្រេច និងចុះហត្ថលេខា ទៅលើឯកសារនានា ក៏ដូចទទួលរបាយការណ៍ និងផ្ដល់យោបល់ ចំពោះកិច្ចការនានា បានដដែល៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។