កម្ពុជា

ហ៊ុន សែន ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​ពីរថ្ងៃ​នៅ​ ឡាវ

កាលពីមុននេះបន្តិច ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជា ចេញទៅបំពេញ​ទស្សនកិច្ចផ្លូវការ នៅប្រទេស ឡាវ សម្រាប់រយៈពេលពីរថ្ងៃ (ថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០១៨)។ ការបំពេញ​ទស្សនកិច្ច​នេះ ជាការឆ្លើយតប ទៅនឹងការអញ្ជើញ របស់នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith)។

ក្នុងដំណើរទស្សនាកិច្ចនេះ លោក ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីឡាវ ដើម្បីរិះរក​លទ្ធភាព ក្នុងការពង្រឹង និងពង្រីក​បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ។ រដ្ឋបុរស​ទាំងពីរ ក៏នឹងផ្លាស់ប្តូរ យោបល់គ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍​ទៅវិញ​ទៅមក។

នៅក្នុងរបៀបវារៈផ្លូវការ​ផ្សេងទៀត លោក ហ៊ុន សែន នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ជាមួយ​លោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋ ឡាវ និងអ្នកស្រី ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ។ បន្ទាប់មក លោក​នាយករដ្ឋមន្ត្រី​កម្ពុជា មានកម្មវិធីទៅដាក់កម្រងផ្កា នៅស្តូប​អនុស្សាវរីយ៍វីរៈយុទ្ធជនពលី ក្នុងរដ្ឋធានីវៀងចន្ទ នោះផង៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។