កម្ពុជា

ហ៊ុន សែន មិនប្រកាសអាសន្ន បន្ទាប់ពី​ផ្ទុះឆ្លងចូល​សហគមន៍​«៣២ករណី»

មកដល់ម៉ោងនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅមិនទាន់ប្រកាស ដាក់ប្រទេស​ឬតំបន់មួយចំនួន ឲ្យស្ថិត​ក្នុង​ភាពអាសន្ន​នៅឡើយ បន្ទាប់ពីកម្ពុជា​បានរកឃើញការឆ្លងមេរោគកូវីដ-១៩ (Covid-19) ចំនួន​«៣២ករណី» ក្នុងថ្ងៃសៅរ៍ទី២០ ខែកុម្ភៈ ឆ្នាំ២០២១​នេះ។ បុរសខ្លាំងនៅកម្ពុជា គ្រាន់ដាក់ចេញនូវបទបញ្ជា​ចំនួន​៦ចំណុច និងបិទក្លឹបកម្សាន្ដមួយចំនួន ខណៈកម្មវិធីជួបជុំ​ផ្សេងទៀត ដែលប្រមូលផ្ដុំ​មនុស្សច្រើន លើសពី១០នាក់ នៅតែទទួលបានការអនុញ្ញាតឲ្យបន្តធ្វើនៅឡើយ។

លោក ហ៊ុន សែន បានថ្លែងឡើងដូច្នេះ នៅក្នុងសារជាវីដេអូជាបន្ទាន់មួយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ ដោយបាន​បញ្ជាក់ថា ត្រឹមតែជាង​១០ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាល​បានរកឃើញការឆ្លងកូវីដ១៩ ចូលសហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ មិនធ្លាប់មាន រហូតដល់​«៣២ករណី» នៅលើជនជាតិចិន ដែលបានចូលទៅកាន់ក្លឹបកម្សាន្ត​មួយ​ឈ្មោះ «N8» នៅតំបន់កោះពេជ្រ នៅយប់ថ្ងៃទី១៩ ចូលមក​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ជាឲ្យផ្អាក ឬបិទពិធីទាំងឡាយណា ដែលប្រមូលផ្ដុំមនុស្ស​ច្រើន​នោះទេ។ លោកថ្លែងថា៖

«ខ្ញុំមិនចេញបទបញ្ជាដើម្បីបិទ ការជួបជុំ ការរៀបអាពាហ៍ពិពាហ៍ ការប្រជុំអីជាដើម សូម្បីតែអាទិត្យនេះ ខ្ញុំក៏មាន​កម្មវិធី​ដែលត្រូវរក្សាទុក កម្មវិធីមួយនៅក្រសួងមហាផ្ទៃ។ កម្មវិធីមួយទៀតសម្ពោធសណ្ឋាគារ ខ្ញុំអត់លុបចោលទេ។ ប៉ុន្តែវិធានការសុខាភិបាល ត្រូវតែដាក់ឱ្យអនុវត្ត គឺសន្និបាទរបស់ក្រសួងមហាផ្ទៃមួយ និងសម្ពោធសណ្ឋាគារមួយ ដែលអាមេរិក ចាប់ដៃជាមួយកម្ពុជា គឺសណ្ឋាគារហៃយ៉ាត់។»។

សាររប​ស់បុរសខ្លាំង ដែលអង្គុយនៅក្នុងអំណាច តាំងពី៣៦ឆ្នាំ បានចេញបទបញ្ជា ៦ចំណុច តាមការដកស្រុង​ទាំងស្រុង ដូចខាងក្រោម៖

១) ស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងពលរដ្ឋដែលរស់នៅតំបន់នោះ ដែលអាជ្ញាធរតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្ត និងតំបន់​មួយចំនួន​ដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់។ ពលរដ្ឋដែលក្នុងតំបន់នោះ អនុញ្ញាតឱ្យមាន​ការចូល បើសិនជាគាត់ជាម្ចាស់ផ្ទះ ប៉ុន្តែមិនអនុញ្ញាត ឱ្យចេញមកក្រៅនោះទេ។

២) ត្រូវបន្តយកសំណាកដើម្បីធ្វើតេស្ត សម្រាប់អ្នកនៅក្នុងតំបន់ មានផ្ទុះកូវីដ១៩ លើកនេះ ហើយបន្ទាប់ពីធ្វើតេស្ត ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីរង់ចាំការធ្វើតេស្តលើកទី២ ដែលចំនួននៃការធ្វើតេស្ត អាចនឹងមានចំនួនច្រើន។ ប្រតិបត្តិការនេះត្រូវធ្វើឱ្យលឿន ដោយអំពាវនាវ​ឱ្យពលរដ្ឋ ដែលពាក់ព័ន្ធធ្វើការសហការ ដើម្បីឱ្យក្រុមគ្រូពេទ្យ​ចូលទៅ​យកសំណាក ដើម្បីធ្វើតេស្ត។

៣) អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប «N8» ទោះទៅដល់ទីណាក៏ដោយ។ បណ្តាខេត្តដែលមិនទាន់កើត ក៏ត្រូវមាន​ការប្រុងប្រយ័ត្ន ព្រោះការឆ្លងបែបនេះ នឹងបន្តរីករាលដាល​ទៅកាន់បណ្តាខេត្ត ដែលបទពិសោធន៍កន្លងមក​មានរួចហើយ និងត្រូវមាន​ការសម្របសម្រួល និងសហការ ដល់ការស្វែងរកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ។

៤) ត្រូវធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ ហើយក្រុមគ្រូពេទ្យត្រូវខិតខំយកសំណាក ដោយ​ពលរដ្ឋដែលមានផ្ទះ ឬអាផាតមិន ត្រូវធ្វើនៅក្នុងផ្ទះ ឬអផាតមិនរៀងៗខ្លួន។ អាជ្ញាធរត្រូវទទួលខុសត្រូវ លើអ្នកធ្វើ​ចត្តាឡីស័កទាំងនេះ ដោយមិនត្រូវ​បណ្តែតបណ្តោយ ឱ្យកើតមានករណីរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដូចកាលពី​ប៉ុន្មាន​ថ្ងៃមុនទេ។

៥) អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប «N8» ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវ​មានម្ចាស់ការ​មកឱ្យពិនិត្យសំណាក ព្រោះបន្តទៅទៀតជំងឺខ្លួនឯងក៏មាន ហើយអាចបន្តចម្លងធំទៅៗ ដែលធ្វើឲ្យ​ត្រួតត្រា​លែងបាន។

៦) អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត តែពិសេសរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយ​រឹតបន្តឹង​​ក្នុងការអនុវត្តវិធានការ «៣ការពារ និង៣កុំ»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។