កម្ពុជា

Covid-19៖ ជប៉ុន​ព្យួរ​ទិដ្ឋាការ​ចំពោះ​ប្រទេស​ជាច្រើន រួមទាំង​​កម្ពុជា

រាជាណាចក្រជប៉ុន បានប្រកាសបិទទឹកដីរបស់ខ្លួន ដោយព្យួរទិដ្ឋាការ និងផ្អាក​ការផ្ដល់​ទិដ្ឋាការ សម្រាប់ជនបរទេស មកពីច្រើនប្រទេស រួមទាំង​កម្ពុជា ដើម្បីអ្វីមួយ ដែល​ប្រទេស​នេះអះអាងថា ដើម្បីពង្រឹងវិធានការ បង្ការ និងទប់ស្កាត់ជំងឺ «Covid-19» ដ៏​សាហាវ។ វិធានការនេះ មានសុពលភាពរហូតដល់ចុងខែឧសភា ឆ្នាំ២០២០ និងអាច​ត្រូវបន្ត​សុពលភាព នេះបន្ថែមទៀត។

វិធានការថ្មីចុងក្រោយ របស់រដ្ឋាភិបាលជប៉ុន ធ្វើឡើងក្នុងខណៈប្រទេសកម្ពុជា បាន​ប្រកាសថា រកមិនឃើញមានករណីថ្មី នៃការឆ្លងជំងឺ «Covid-19» តាំងពី១៨ថ្ងៃ​មកហើយ និងថា កម្ពុជា នៅសល់តែអ្នកជំងឺ «Covid-19» តែ៣នាក់ប៉ុណ្ណោះ ដែលកំពុង​សម្រាក​ព្យាបាល នៅឯមន្ទីរពេទ្យ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសជប៉ុន ដែលចេញផ្សាយ នៅថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២០ បានឲ្យដឹងពីការសម្រេចនោះ របស់រដ្ឋាភិបាលជប៉ុន ដោយលើកឡើង ៤ចំណុច និងបានសរសេរឲ្យដឹង ពីការចុះបញ្ជីប្រទេសទាំងដ៏ច្រើន ដែលជប៉ុនហាមឃាត់ ការធ្វើដំណើរមកកាន់ទឹកដីខ្លួន។

ព្យួរទិដ្ឋាការ និងការលើកលែងទិដ្ឋាការ សម្រាប់​ប្រទេស​ជាច្រើន រួមទាំង​កម្ពុជា

ត្រង់ចំណុចទីបី និងទី៤ នៃវិធានការព្យួរទិដ្ឋការ និងផ្អាកសុពលភាព នៃការ​លើកលែង​ទិដ្ឋាការចូលទឹកដីខ្លួន រដ្ឋាភិបាលជប៉ុនបានផ្អាកអ្នកដំណើរ មកពីប្រទេស​ជាច្រើន ក្នុងនោះ៖

  • ពលរដ្ឋ មកពីប្រទេសបង់ក្លាដេស ប៊ូតាន់ កម្ពុជា ឥណ្ឌា ឡាវ ម៉ាលឌីវ ម៉ុងហ្គោលី ភូមា ណេប៉ាល់ ប៉ាគីស្ដង់ ស្រីលង្កា និងទីម័រខាងកើត ត្រូវបានប្រទេសជប៉ុន ព្យួរទិដ្ឋាការទាំងឡាយ ដែលត្រូវបានចេញជូន នៅមុខថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដោយស្ថានទូត ឬស្ថានកុងស៊ុលជប៉ុន ប្រចាំនៅក្នុងប្រទេសទាំងនោះ។
  • ពលរដ្ឋ មកពីប្រទេសបង់ក្លាដេស ព្រុយណេ កម្ពុជា ហុងកុង ឥណ្ឋា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាកាវ ម៉ាឡេស៊ី ម៉ុងហ្គោល ភូមា ប៉ាគីស្ដង់ សិង្ហបូរី ថៃ និងវៀតណាម ត្រូវបានព្យួរសុពលភាព នៃការលើកលែងទិដ្ឋាការចូលទឹកដីជប៉ុន។ ពលរដ្ឋនៅក្នុងប្រទេសខាងលើ ត្រូវកំណត់ឲ្យស្នើសុំទិដ្ឋាការ ពីស្ថានទូត ឬស្ថាន​កុងស៊ុល​ជប៉ុន នៅក្នុងប្រទេសទាំងនោះឡើងវិញ នៅក្នុងរយៈពេល នៃ​វិធានការនេះ។

ពលរដ្ឋមកពីប្រទេសជាច្រើនទៀត និងមកពីគ្រប់ទ្វីប ក៏ត្រូវបានរដ្ឋាភិបាលជប៉ុន ដាក់​កំហិតក្នុងការធ្វើដំណើរ ចូលទឹកដីជប៉ុនដែរ។ ក្នុងនោះ នៅត្រង់ចំណុចទី១ នៃសេចក្ដី​ប្រកាសព័ត៌មាន បញ្ជាក់ថា ជនបរទេសមកពីប្រទេសចំនួន ៨៧ នៅលើពិភពលោក ត្រូវ​បាន​ហាមឃាត់ ជាន់ទឹកដីជប៉ុន ជាបណ្ដោះអាសន្ន រាប់ទាំងជនបរទេស ដែលជិះកម្សាន្ដ ក្នុង​នាវា «Westerdam» ដែលចេញពីក្រុងហុងកុង។

ផ្ទុយទៅវិញ ជនបរទេសដែលមានសិទ្ធិរស់នៅ ក្នុងប្រទេសជប៉ុន ដែលមាន​ក្រុម​គ្រួសារ​ជាជនជាតិជប៉ុន (ឬដែលកំពុងរស់នៅ ក្នុងប្រទេសជប៉ុន) ត្រូវបានអនុញ្ញាត ឲ្យចូល​ប្រទេសជប៉ុន ដោយតម្រូវឲ្យធ្វើតេស្ដិ៍ ដើម្បីស្វែងរកជំងឺ «Covid-19» និងរស់នៅ​ដាច់​ដោយ​ឡែក ចំនួន១៤ថ្ងៃសិន នៅពេលត្រឡប់ចូល ជាន់ទឹកដីជប៉ុនភ្លាម៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។