កម្ពុជា

Covid-19៖ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋខ្មែរនៅថៃ ផ្អាកការវិល​ចូលស្រុក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានធ្វើការអំពាវនាវ​ជាថ្មី ស្នើទៅបណ្ដាពលករខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឲ្យ«ផ្អាកការវិល​ចូលស្រុក» នៅបន្ទាប់ពីការឆ្លងជំងឺកូវីដ-១៩ (Covid-19) បានផ្ទុះឡើងខ្លាំង នៅក្នុងខេត្តសាមុតសាខន (ភាគនារតី ជាប់រាជធានីបាងកក) នៅក្នុងរយៈពេល​២៤ម៉ោង​ចុងក្រោយ។

តួលេខប្រកាសដោយអាជ្ញាធរសុខភាពថៃ បានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ ត្រូវបានរកឃើញកើនឡើង យ៉ាងគំហុក នៅក្នុងខេត្តនេះ រហូតដល់​៥៧៦ករណី ត្រឹមតែមួយថ្ងៃទី១៩ ខែធ្នូម្សិលម៉ិញប៉ុណ្ណោះ។ ភាគច្រើនលើសលប់ នៃអ្នកជំងឺ សុទ្ធសឹងជាពលករ​ភូមា ដែលចូលទៅធ្វើការ ក្នុងខេត្តនេះ ជាកម្មករនេសាទ។

សម្រាប់លោក ហ៊ុន សែន ការរកឃើញករណីឆ្លង ដ៏ច្រើនក្នុងមួយថ្ងៃ នៅក្នុងប្រទេសថៃ បានតម្រូវឲ្យរដ្ឋាភិបាលលោក ចាត់វិធានាការ ដើម្បីត្រៀមទប់ទល់ និងបង្ការការវិលត្រឡប់ ចូលមាតុភូមិវិញ របស់ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុក ចេញទៅធ្វើការនៅក្រៅប្រទេស។ ក្នុងសារសម្លេងមួយ ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន ក្នុងល្ងាចថ្ងៃអាទិត្យទី២០ ខែធ្នូនេះ បុរសខ្លាំងនៅកម្ពុជា បានថ្លែងថា៖

«បញ្ហា [នៃការឆ្លងជំងឺកូវីដ] កើតឡើងនៅក្នុងប្រទេសថៃនេះ ជាបញ្ហាចិត្តសាស្ត្រ សម្រាប់ការភ័យខ្លាច ទៅដល់កម្មករ ជាពិសេស​ទៅដល់គ្រួសារកម្មករ កម្មការិនី យើង ដែលកំពុងធ្វើការ នៅក្នុងប្រទេសថៃ។»

«ផ្អាកការវិល​ចូលស្រុក»

មេដឹកនាំកម្ពុជា បានអំពាវនាវឲ្យបណ្ដាពលករខ្មែរ ឲ្យបន្តរស់នៅក្នុងប្រទេសថៃ និងកុំធ្វើមាតុភូមិនិវត្តន៍ ចូលមកកម្ពុជាវិញ។ លោកបានលើក​យកមូលហេតុពីរ មកបញ្ជាក់ថា៖

«ម្ខាង គឺដើម្បីរក្សាការពារខ្លួន នៅនឹងកន្លែង ដោយមានការការពារ ជាចាំបាច់ ពីរាជរដ្ឋាភិបាលថៃ ផ្ដល់នូវលទ្ធភាព ក្នុងការការពារខ្លួន។ មួយផ្នែកទៀត ចៀសវាងការវិលត្រឡប់ ដែលនឹងនាំមកដល់ នូវការនាំចូល មកក្នុងប្រទេសកម្ពុជារបស់យើង។ នេះ ជាការអំពាវ​ទៅកាន់បងប្អូន​ពលករ ដែលកំពុងរស់នៅ​ក្នុងប្រទេសថៃ។»

លោក ហ៊ុន សែន បានថ្លែងបន្ត ស្នើកុំឲ្យពលករកម្ពុជា ដែលមានបំណងធ្វើដំណើរ ទៅរកការងារ (ឬទៅធ្វើការ) នៅក្នុងប្រទេសថៃ ឲ្យផ្អាកដំណើររបស់ផងខ្លួនដែរ។ លោកថា បើទៅទាំងខុសច្បាប់ នឹងត្រូវអាជ្ញាធរថៃ​ចាប់បញ្ជូន​មកវិញ និងបើទៅទាំងស្របច្បាប់ នឹងត្រូវអាជ្ញាធរថៃ ដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថៃ។

យ៉ាងណា មេដឹកនាំរដ្ឋាភិបាលកម្ពុជា នៅបាន​ចាត់វិធានការមួយចំនួន សម្រាប់ពលករខ្មែរទាំងឡាយណា ដែលនៅតែមានបំណង វិលត្រឡប់​ចូលមកក្នុងប្រទេសវិញ ក្នុងនោះរួមមាន ការកាត់បន្ថយច្រកព្រំដែន កម្ពុជា-ថៃ មកត្រឹមតែ៣ច្រក (ដូង ប៉ោយប៉ែត និងស្មាច់) បន្ថែម​សមត្ថភាព ធ្វើចត្តាឡីស័ក សម្រាប់បណ្ដាខេត្ត​នៅជាប់ព្រំដែន – ធ្វើការចែកម៉ាស់ និងបញ្ជូនរថយន្ដយោធា ចំនួន៧០គ្រឿង ដើម្បីទៅ​ដឹកពលករ មកកាន់ខេត្តផ្សេងជាដើម៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។