លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)
នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា និងជាប្រធានគណបក្សកាន់អំណាច នៅកម្ពុជា លោក ហ៊ុន សែន បានចាត់តាំងមន្ត្រី និងសមាជិកគណបក្ស «CPP» របស់លោក ឲ្យចុះចែកអំណោយ ទៅដល់ប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេស។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានប្រៀបធៀបទង្វើខាងលើនេះ ទៅនឹងការកេងចំណេញនយោបាយ ដ៏អាក្រក់មួយ នៅខណៈប្រជាជាតិទាំងមូល កំពុងប្រឈម នឹងការរាតត្បាត នៃមេរោគ«កូរូណា» ឬ«Covid-19»។
លោក ហ៊ុន សែន បានបង្ហោះសារ កាលពីមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖
«សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តី នៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កា ទប់ស្កាត់ជំងឺកូវីឌ-១៩ ជាប្រចាំ នៅតាមមូលដ្ឋាន ដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ចឹលសម្លាប់មេរោគ (Hand Sanitizer) អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋាន ទូទាំងប្រទេស។»
លោក ហ៊ុន សែន បានដាក់បទបញ្ជាទៀតថា៖
«កុំចាំហៅពួកគាត់ ឲ្យមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែង ដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាព ដែលយើងទាំងអស់គ្នា កំពុងតែប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីឌ-១៩ នៅពេលនេះ។»
វិធានការរបស់បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជិត៤ទសវត្សរ៍មកនោះ ត្រូវបានលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស ចំអកថា កំពុងយកមេរោគ «Covic-19» មកធ្វើអាជីវកម្ម ដើម្បីការកេងចំណេញ ផ្នែកនយោបាយ។
លោក ឆៃអ៊ាង បានសរសេរ នៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា៖
«នៅប្រទេសខ្មែរ រដូវឃោសនា សេប៉េៗ (CPP)ដើរចែកសារុងឬក្រម៉ា រដូវកូរ៉ូណា ដើរចែកក្រម៉ានិងសាប៊ូ !»
ប្រទេសកម្ពុជា បានបញ្ចេញតួលេខផ្លុវការ ថាករីណឆ្លងជំងឺ «Covid-19» បានកើនឡើងដល់ ១០៣ករណី បន្ទាប់ពីរកឃើញ ក្នុងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ថា ស្ត្រីម្នាក់នៅក្រុងប៉ោយប៉ែត វ័យ៣៦ឆ្នាំមួយរូបទៀត បានផ្ទុកមេរោគនេះ។ នៅខណៈនេះ ស្ត្រីរូបនេះ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ៕