កម្ពុជា

ព្រឹត្តិការណ៍២០កុម្ភៈ៖ ហ៊ុន សែន ឲ្យបិទសាលារៀន និងបន្ថែមវិធានការ

ក្រៅពីសម្រេច​«ឲ្យបិទសាលារៀន» ក្នុងរយៈពេលពីរសប្ដាហ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ចាត់​វិធានការ​​បន្ថែមមួយចំនួនទៀត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះ បើតាមរយៈសារពិសេសមួយ ដែល​លោកបានបង្ហោះ នៅលើបណ្ដាញសង្គម នៅយប់ថ្ងៃចន្ទ​ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ខាងក្រោមនេះ ជាចំណុចដកស្រង់សំខាន់ៗ ពីក្នុងសារជាសម្លេងរបស់លោក ដែលមានរយៈពេល ប្រមាណជាង​១២នាទី៖

  • សម្រេច«ឲ្យបិទសាលារៀន ទាំងសាលារដ្ឋ ទាំងសាលាឯកជន» នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុង​រយៈពេល​ពីរសប្តាហ៍។ ភ្លាមៗ ក្រោយការប្រកាសរបស់លោក ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា ក៏បាន​ចេញសេចក្ដីជូនដំណឹង ឲ្យផ្អាកការសិក្សា ក្នុងរយៈពេលពីរសប្ដាហ៍ រាប់ចាប់ពីថ្ងៃជូនដំណឹង (ថ្ងៃទី២៣ ខែកុម្ភៈ) នេះតទៅដែរ។
  • ស្នើអ្នករៀបពិធីមង្គលការនានា បើអាចពន្យារពេលបាន សូមពន្យារការរៀបចំកម្មវិធីរបស់ផងខ្លួន។ តែប្រសិនបើ​មិនអាច​ពន្យារពេល​បាន សូមកាត់បន្ថយចំនួនអ្នកចូលរួម ឲ្យបាននៅតិចបំផុត តាមអាចធ្វើទៅបាន។
  • ស្នើប្រជាពលរដ្ឋ ជាពិសេសអ្នករត់ម៉ូតូកង់បី តាក់ស៊ី និង «Pass App» ដែលដឹងថា ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ សូមទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័ក។
  • ស្នើទៅកាន់ពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ បើគ្មានការចាំបាច់ សូមកុំចេញក្រៅផ្ទះ។
  • ស្នើតាមក្រសួងស្ថាប័ន ឲ្យពិចារណាផ្អាកកម្មវីធីប្រជុំនានា។ តែបើមិនអាចផ្អាកបាន សូមធ្វើកម្មវិធីប្រជុំនោះ តាម​អនឡាញ។ លោក ហ៊ុន សែន ខ្លួនលោក កំពុងពិចារណាផ្អាកកម្មវិធីចំនួនពីរ នៅក្នុងសប្តាហ៍នេះផងដែរ។
  • ស្នើអភិបាលរាជធានីបន្តចែកម៉ាស់ ជូនប្រជាពលរដ្ឋ ហើយស្នើប្រជាពលរដ្ឋបន្តប្រើម៉ាស់ ពេលទៅទីសាធារណៈ។
  • ស្នើទៅបណ្ដាពលរដ្ឋ ដែលរស់នៅតាមខេត្ត បើគ្មានការចាំបាច់ សូមផ្អាកការធ្វើដំណើរ ចូលរាជធានីភ្នំពេញ។

របាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយ នៅព្រឹកថ្ងៃទី២២ ខែកុម្ភ:​ ឆ្នាំ២០២១​ បានបង្ហាញថា កម្ពុជាមាន​ករណីជំងឺកូវីដ-១៩ (Covid-19) សរុបចំនួន៥៦៨នាក់ ក្នុងនោះអ្នកឆ្លងក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ មានចំនួន៨០នាក់ ខណៈចំនួនអ្នកជំងឺ ដែលកំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យ មានចំនួន៩៣នាក់។

យ៉ាងណា នៅក្នុងសាររបស់លោក ហ៊ុន សែន ក្នុងយប់ថ្ងៃចន្ទទី២២ ខែកុម្ភៈ បុរសខ្លាំងនៅកម្ពុជា បានអះអាងថា មានសំណាក​ជាច្រើនទៀត កំពុងស្ថិតក្នុងការពិសោធន៍ ហើយចំនួនអ្នកឆ្លង ដែលត្រូវបានរកឃើញ ក្នុងល្ងាចថ្ងៃ​ដដែល មានចំនួន១៣ករណី​រួចជាស្រេចហើយ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កើនឡើង​ដល់ជិត​១០០នាក់ តែក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។