មន្ត្រីទូតអាមេរិកម្នាក់ទៀត ត្រូវបានអាជ្ញាធរសុខាភិបាលកម្ពុជា អះអាងថា បានឆ្លងជំងឺ «Covid-19» និងកំពុងដាក់ឲ្យព្យាបាល នៅក្នុងបន្ទប់ដោយឡែកមួយ នៃស្ថានទូតអាមេរិក ប្រចាំក្នុងរាជធានីភ្នំពេញ។ ករណីមន្ត្រីការទូតនេះ បានបន្ថែមពីលើករណី នៃមន្ត្រីការទូតអាមេរិកពីរនាក់មុន ដែលត្រូវបានរកឃើញថា មានជំងឺ«Covid-19»កាលពីពាក់កណ្ដាលខែកក្កដា។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះនៅថ្ងៃព្រហស្បត្តិ៍ទី៣០ ខែកក្កដា បានឱ្យដឹងថា បុរសជាតិអាមេរិកាំងខាងលើ ដែលជាមន្ត្រីការទូតជាន់ខ្ពស់ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ក្នុងចំណោមអ្នកដំណើរ៩១នាក់។
ក្រសួងបន្តថា នៅពេលធ្វើចត្តាឡីស័ក មកដល់ថ្ងៃទី១៣ (ពីក្នុងរយៈពេល១៤ថ្ងៃ) មន្ត្រីទូតអាមេរិករូបនោះ ត្រូវបានធ្វើតេស្ដិ៍សារជាថ្មី និងបង្ហាញលទ្ធផលវិជ្ជមាន អំពីការផ្ទុកមេរោគ «Covid-19» នៅថ្ងៃទី២៩ ខែកក្កដាម្សិលម៉ិញ។
សេចក្ដីប្រកាសព័ត៌មាន អះអាងបន្ថែមថា ខណៈនេះ បុរសជាតិអាមេរិកាំង កំពុងស្ថិតក្នុងបន្ទប់មួយ ដាច់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីព្យាបាលដោយគ្រូពេទ្យអាមេរិក នៃស្ថានទូត។
ដោយឡែក ស្ត្រីអាមេរិកាំងម្នាក់ ពីក្នុងចំណោមមន្ត្រីការទូត២នាក់ផ្សេងទៀត ដែលត្រូវបានរកឃើញ ថាមានជំងឺកូវីដ១៩កន្លងមក បានជាសះស្បើយ ពីជំងឺនេះហើយ។
ស្ត្រីអាមេរិកាំងខាងលើ ស្ថិតក្នុងចំណោមអ្នកជំងឺ៨នាក់ ដែលត្រូវបានក្រសួងសុខាភិបាល អះអាងថា បានជាសះស្បើយទាំងស្រុង ពីជំងឺ «Covid-19» និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ ប្រទេសកម្ពុជាបានបង្ហាញតួលេខផ្លូវការ ថាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន២៣៤នាក់ នៅទូទាំងប្រទេស។ ក្នុងនោះអ្នកជំងឺ ដែលព្យាបាលជាសះស្បើយ មានចំនួន១៦២នាក់ ហើយអ្នកជំងឺចំនួន៧០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋ ខណៈពីរនាក់ទៀត ដែលជាមន្ត្រីការទូតជាន់ខ្ពស់អាមេរិក កំពុងសម្រាកព្យាបាល ក្នុងស្ថានទូតរបស់ខ្លួន ប្រចាំកម្ពុជា៕