កម្ពុជា

Covid-19៖ កម្ពុជាប្រកាស​រកឃើញ​ករណីឆ្លង កើនឡើង​ដល់៤៣៩នាក់

មកទល់នឹងព្រឹកថ្ងៃអាទិត្យ​ទី១៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាប្រកាសបានរកឃើញ ករណីឆ្លងជំងឺកូវីដ (Covid-19) កើនឡើង​ដល់៤៣៩នាក់ បន្ទាប់ពីបានរកឃើញករណីឆ្លង លើពលករខ្មែរ​៣នាក់បន្ថែមទៀត ដែលទើបធ្វើដំណើរ​មកពីប្រទេសថៃ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយ​នៅមុននេះបន្តិច។

កាលពីម្សិលមិញ កម្ពុជារកឃើញករណីឆ្លង ចំនួន១០នាក់ ខណៈនៅថ្ងៃសុក្រទី១៥ ខែមករា ឆ្នាំ២០២១ (ម្សិលម្ងៃ) មានករណីឆ្លង ១៥នាក់។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង ដែលចេញផ្សាយ ជារៀងរាល់ថ្ងៃ និងជាបន្តបន្ទាប់ ដោយបាន​បញ្ជាក់ថា ករណីឆ្លងទាំងនេះ សុទ្ធសឹងជាពលករខ្មែរ ដែលធ្វើដំណើរ មកពីប្រទេសថៃ។

មកដល់ព្រឹកថ្ងៃអាទិត្យដដែលនេះ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន ៣៨៥នាក់ និងអ្នកកំពុងសម្រាក នៅមន្ទីរពេទ្យ មានចំនួន ៥៤នាក់៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។