កម្ពុជា

CIA ទម្លាយថា CPP អាចកែរដ្ឋធម្មនុញ្ញ«បើកផ្លូវឲ្យចិន»ដាក់យោធានៅកម្ពុជា

របបដឹកនាំឯកបក្សក្រុងភ្នំពេញ អាចនឹងធ្វើវិសោធនកម្ម ទៅលើច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ដើម្បី«បើកផ្លូវឲ្យចិន ឈានទៅដាក់មូលដ្ឋាយោធា នៅលើទឹកដីកម្ពុជា»។ នេះ បើតាមការរបាយការណ៍ប្រចាំឆ្នាំមួយ របស់លោក «Daniel Ray Coats»​ ​នាយក​មន្ទីរ​ចារកម្ម​ជាតិ​អាមេរិកាំង ហៅកាត់ថា «CIA» ដែលចេញផ្សាយកាលពីថ្ងៃអង្គារ។

នៅក្នុងរបាយការណ៍កម្រាស ៤២ទំព័រ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន នាយកចារកម្មអាមេរិកបានពន្យល់ ពីយុទ្ធសាស្ត្រដ៏អាថ៌កំបាំង របស់មហាយក្សតំបន់ពីរ គឺប្រទេសចិន និងរ៉ុស្ស៊ី ដែលកំពុងពង្រីកឥទ្ធិពល និងបង្កើនយុទ្ធសាស្ត្ររបស់ផងខ្លួន នៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក និងជាពិសេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។

ពាក់ព័ន្ធនឹងកម្ពុជា លោក «Daniel Ray Coats» បានទម្លាយឲ្យដឹងថា៖

«ការរអិលខ្លួនរបស់ប្រទេសកម្ពុជា ចូលទៅរករបបផ្ដាច់ការ ដែលត្រូវបានមើលឃើញ ដោយការនៅរក្សាអំណាច របស់គណបក្សប្រជាជនកម្ពុជា និងការគ្រប់គ្រងទាំងស្រុង​ដោយគណបក្សនេះ នូវអសនៈទាំងអស់​នៅក្នុងរដ្ឋសភា កំពុងបើកផ្លូវសម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចផ្ដល់លទ្ធភាព ឲ្យមានវត្តមានយោធាចិន នៅលើទឹកដីកម្ពុជា។»

របាយការណ៍បានបញ្ជាក់ទៀតថា៖

«យើងរំពឹងថា លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃអង្គការសង្គមស៊ីវិល នឹងបន្តមានភាពផុយស្រួយ នៅក្នុងប្រទេសជាច្រើន នៃតំបន់អាស៊ីភាគអាគ្នេយ៍មួយនេះ ហើយប្រទេសចិន នឹងបង្កើនការលូកដៃ ចូលក្នុងតំបន់ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន កាន់តែខ្លាំងឡើង ទន្ទឹមនឹងការកាត់បន្ថយឥទ្ធិពលអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។»

រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា ៥៣ មានចែងច្រើនវាក្យខណ្ឌ ក្នុងនោះ៖

«ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​ នូវ​នយោបាយ​អព្យាក្រឹត​ អចិន្ត្រៃយ៍​ និង​ មិន​ចូល​បក្ស​សម្ព័ន្ធ។ ព្រះរាជាណាចក្រ​កម្ពុជា​ រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ ប្រទេស​ដទៃ​ទៀត​ទាំងអស់​ នៅ​លើ​សកលលោក។»

«ព្រះរាជាណាចក្រ​កម្ពុជា​​មិន​ចង​សម្ព័ន្ធ​យោធា​ ឬ​ ចូល​ក្នុង​កិច្ច​ព្រមព្រៀង​យោធា​ណា​មួយ​ ដែល​មិន​ស្រប​នឹង​អព្យាក្រឹត​ភាព​​របស់​ខ្លួន​ឡើយ។»

«ព្រះរាជាណាចក្រ​កម្ពុជា​​ មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​ នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខ័ណ្ឌ​ នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ។»

បន្ទាប់ពីបានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំបំផុត ចេញផុតពីសង្វៀននយោបាយកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧រួច គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨​ទាំង​ស្រុង និងបានក្ដោបក្ដាប់ យកអសនៈនៅក្នុងរដ្ឋសភា ទាំង១២៥ លើ១២៥ ដែលអាចអនុញ្ញាតឲ្យរបបដឹកនាំមួយនេះ អាចធ្វើការកែប្រែរដ្ឋធម្មនុញ្ញ ដោយគ្មានការទើសទាល់។ តាមច្បាប់កម្ពុជា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាចធ្វើទៅបាន ដោយគ្រាន់តែមានសម្លេងគាំទ្រ ត្រឹមតែ​២ភាគ៣​ នៃចំនួនអសនៈក្នុងរដ្ឋសភាប៉ុណ្ណោះ។

កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ សារព័ត៌មាន «Asia Times» បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយ មកចុះផ្សាយថា កំពង់ផែ​សំចត​ទឹក​ជ្រៅមួយ ដែល​វិនិយោគ​ដោយ​ចិន នឹង​លេច​​ខ្លួន​ឡើង​ នៅមាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង​ ហើយកំពង់ផែ​ទឹក​ជ្រៅ​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​យោធា ដែល«បើកផ្លូវឲ្យចិន» ​សម្រាប់​សំចត​នាវា​ចម្បាំង​។ អត្ថបទរបស់សារព័ត៌មាននោះ បានអះអាងទៀតថា កម្ពុជា​កំពុង​ស្ថិត​នៅ​ចំណុច​កណ្ដាល ​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​មួយ រវាង​ចិន និងអាមេរិក​។

ប៉ុន្តែដំណឹងផ្សាយដោយ «Asia Times» ត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ ប្រកាសច្រានចោល ដោយវាយតម្លៃដំណឹងនោះ ថា«ក្លែងក្លាយ» មាន​លក្ខណៈ​លាបពណ៌ ញុះញង់ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្យានុភាពវិស័យ​យោធា និង​អព្យាក្រឹត​អចិន្ត្រៃយ៍​របស់​កម្ពុជា។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានអះអាងទៀតថា កម្ពុជាជា​រដ្ឋ​ឯករាជ្យ អព្យាក្រឹត​អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​។ ក្រសួង​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ថែ​រក្សា​សុខ​សន្តិភាព ទប់ស្កាត់​ការ​ប៉ុនប៉ង​ទាំង​ឡាយ​ ដែលអូស​ទាញ​ប្រទេស ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សង្គ្រាមជា​ថ្មី​។

លោក​ ​ហ៊ុន សែន​ ​ដែលជា​ប្រធាន​គណបក្សកាន់អំណាចផង​ និងជានាយករដ្ឋមន្ត្រី​ផង​នោះ​ ​ធ្លាប់បាន​អះអាងក្នុងពិធីមួយ​នៅ​ខេត្តកោះកុង​ ​កាលពី​ខែធ្នូ ឆ្នាំ២០១៨​ថា​ ​គណបក្សប្រជាជនកម្ពុជា របស់​លោក​​នឹង​មិន​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​​​ ទៅលើ​មាត្រា​ទាក់ទង​នឹង​ការ​ហាមប្រាម​ ការ​តាំងទី​របស់​មូលដ្ឋានទ័ព​បរទេស​ ​ក្នុង​ប្រទេស​កម្ពុជាជាដាច់ខាត៕​

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។